អ្នកឃ្លាំមើលសង្ស័យថា លោក ហ៊ុន សែន អាចឆ្លងវីរុសកូវីដ១៩ ពីលោក ស ខេង ក្នុងកិច្ចប្រជុំថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងបន្ទប់បិទជិតមួយនៅ ក្រសួងមហាផ្ទៃ ស្តីពីការជាប់គាំងនយោបាយរបស់គណបក្សកាន់អំណាច។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោក ស ខេង បានដឹកនាំកិច្ចប្រជុំមួយនៅក្នុងក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដោយក្នុងអង្គប្រជុំនោះមានវត្តមានលោក ឆែម សាវុឌ្ឍ អគ្គនាយកដ្ឋានពន្ធនាគារផងដែរ។ លោកបញ្ជាក់ថា នៅក្នុងអង្គប្រជុំលោក ឆែម សាវុឌ្ឍ បាននិយាយឆ្លើយឆ្លងជាមួយលោក ស ខេង ខ្លះៗដែរ មុននឹងបិទអង្គប្រជុំនោះ ប៉ុន្តែក្រោយកិច្ចប្រជុំរយៈពេល ៥ថ្ងៃ លោក ឆែម សាវុឌ្ឍ ត្រូវបានគេរកឃើញ និងបញ្ជាក់ដោយក្រសួងសុខាភិបាលកម្ពុជាថា វិជ្ជមានវីរុសកូវីដ១៩ រួមទាំងសមាជិកគ្រួសាររបស់លោកផងដែរ។
លោក គឹម សុខ ថា បើលោក ស ខេង មិនឆ្លងវីរុសកូវីដ១៩ ហាក់ដូចជាចម្លែកណាស់ ប៉ុន្តែបើក្រសួងសុខាភិបាលហ៊ានប្រកាសថា លោក ស ខេង វិជ្ជមានវីរុសកូវីដ១៩ តែបែរជាលោក ហ៊ុន សែន មិនឆ្លងវីរុសកូវីដ១៩ វិញនោះ ក៏រឹតតែចម្លែក និងគួរឲ្យអស់សំណើចថែមទៀតដែរ។ លោកចោទជាសំនួរថា តើក្នុងស្ថានការណ៍ចម្លែក លោក ហ៊ុន សែន ចង់ប្រើស្នៀតចម្លែក ឬយ៉ាងណា?
ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ស ខេង ប្រកាសធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រួមទាំងអ្នកផ្ទះរបស់លោកចំនួន ៩០ នាក់ផងដែរ បន្ទាប់ក្រសួងសុខាភិបាលពិនិត្យវត្ថុសំណាក និងប្រកាសជាផ្លូវការថា លោក ឆែម សាវុឌ្ឃ និងក្រុមគ្រួសារវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
ពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២៨ វិចិ្ឆកា នេះ លោក ស ខេង បានបង្ហោះសារក្នុងទំព័រ ហ្វេស ប៊ុក របស់លោកថា ជាការចាំបាច់ណាស់ដែលលោកត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។ យ៉ាងនេះក្តីលោក អះអាងថា លោកនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំតាមក្រសួង និងប្រជាពលរដ្ឋជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុករបស់លោក ពីបន្ទប់ចត្តាឡីស័កនៅឯផ្ទះរបស់លោកផ្ទាល់។
លោក ត្អូញត្អែរថា ជាការគួរឱ្យសោកស្ដាយណាស់ កាលពីថ្ងៃទី២៨ វិច្ឆិកា កន្លងទៅ ភរិយាលោក ឆែម សាវុឌ្ឍ ត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ បង្ហាញថា លោក ឆែម សាវុធ និងសមាជិកគ្រួសារមួយចំនួនទៀតក៏បានឆ្លងជំងឺនេះផងដែរ។
នៅថ្ងៃទី៣០ វិច្ឆិកា នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ នៅខេត្តសៀមរាប លោក ហ៊ុន សែន ព្រមានថា ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងវិជ្ជមានវីរុសកូវីដ-១៩ ប្រសើរជាងគិតថា គ្មានវីរុសកូវីដ១៩ ហើយសុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។
ក្រសួងសុខាភិបាលអះអាងថា លទ្ធផលស្រាវជ្រាវអ្នកពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា លទ្ធផលបឋមបានបង្ហាញថា មានរាជធានីខេត្តចំនួន ៧ ដែលកំពុងប្រឈម ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប កណ្ដាល ឧត្ដរមានជ័យ បន្ទាយមានជ័យ មណ្ឌលគីរី និងខេត្តស្ទឹងត្រែង ខណៈអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលបានរកឃើញមានចំនួនប្រមាណជាង ៣ពាន់ នាក់ហើយ។
ជាងនេះទៀត ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ចំនួន ០៨នាក់ ដែលបានប៉ះពាល់ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា នេះ ខណៈអ្នកទាំងនោះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀតដើម្បីធ្វើការតាមដានសុខភាពឲ្យបានទាន់ពេលផងដែរ។
ពាក់ព័ន្ធករណីនេះ ពន្ធនាគាររាជធានីភ្នំពេញ PJ ព្រមទាំងមណ្ឌលអប់រំកែប្រែ ម១ និងម២ នៅថ្ងៃនេះ បានដាក់លិខិតមកសាលាដំបូងរាជធានីភ្នំពេញ ស្នើរសុំផ្អាកសវនាការរយៈពេល២សប្តាហ៍ ដើម្បីបង្ការ ការរីករាលដាលជនជាប់ឃុំ។ ជាងនេះទៀត មន្ត្រីពន្ធនាគារមួយចំនួនក៏បានតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ៕