មន្ត្រីក្រសួងសុខាភិបាលបានអះអាងថា ករណីសង្ស័យពុលស្រា-ស នៅខេត្តកំពង់ឆ្នាំង គិតត្រឹមរសៀលថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០នេះ មានជនរងគ្រោះសរុបចំនួន១៣១នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន៧នាក់។
គេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃច័ន្ទនេះ បានស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ឲ្យដឹងថា ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំង គិតត្រឹមរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានជនរងគ្រោះសរុបចំនួន ១៣១នាក់ ក្នុងនោះ ស្រី៦នាក់។
អ្នកស្រីបន្តថា អ្នកចេញជាសះស្បើយ មានចំនួន៩០នាក់ ដោយឡែកពលរដ្ឋដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាបុរសទាំងអស់មានចំនួន៣១នាក់ទៀត ហើយកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រមានចំនួន ៣នាក់ ។
ប្រភពដដែលបន្តថា ដោយឡែកអ្នកស្លាប់ចំនួន៧នាក់ ដោយស្លាប់នៅមនី្ទរពេទ្យខេត្តចំនួន២នាក់ និងស្លាប់ពេលបញ្ជូនមកសង្រ្គោះនៅភ្នំពេញចំនួន ២នាក់ ព្រមទាំង ស្លាប់នៅផ្ទះចំនួន២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ១នាក់ ។
ករណីសង្ស័យពុលស្រា-ស នេះ បានកើតឡើងកាលពីថ្ងៃ២៨ ខែវិច្ឆិកាឆ្នាំ២០២០ អំឡុងពេលអ្នកភូមិជាច្រើននាក់ចូលរួមកំដរបុណ្យសពមួយកន្លែងស្ថិតក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្រោយកើតឡើងនូវហេតុការអាក្រក់នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់មុខសញ្ញាទីតាំងផលិតស្រា-ស បានចំនួន៥កន្លែង ហើយមន្ត្រីជំនាញបានយកស្រា-ស នោះ ទៅពិនិត្យ គឺរកឃើញស្រាខ្លះមានជាតិម៉េតាណុលខ្ពស់ ដែលអាចធ្វើឱ្យមនុស្សពុល និងស្លាប់ផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរ កំពុងស្រាវជ្រាវបន្តដើម្បីឈានទៅចាត់វិធានការតាមច្បាប់ចំពោះម្ចាស់អាជីវកម្មផលិតស្រា-ស ដែលបង្កឱ្យមានមនុស្សពុលស្លាប់និងគ្រោះថ្នាក់នេះ។
ករណីពុលស្រានេះតែងកើតមានឡើងជារឿយៗ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងគ្រោះថ្នាក់យ៉ាងច្រើន។ ជាក់ស្តែងកាលពីចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ករណីពុលស្រាថ្នាំ ដែលមានយីហោម៉ាក «តាំងគួយ» នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមានមនុស្សចំនួន ៧នាក់ បានស្លាប់ និងជិត ៤០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ទោះបីជាករណីពុលស្រានេះ មិនមែនទើបតែកើតឡើងថ្មីសម្រាប់កម្ពុជាក៏ដោយ ប៉ុន្តែរដ្ឋាភិបាល ពិសេសមន្ត្រីជំនាញនៅពុំទាន់មានវិធានការបង្ការណាមួយឱ្យមានប្រសិទ្ធភាពនៅឡើយទេ។ បញ្ហានេះ ដែលនាំឱ្យមានការរិះគន់ថា រដ្ឋាភិបាលគិតគូររឿងសុខមាភាពប្រជាជនតិចតួចជាង ការគិតគូរអំពីបញ្ហាអំណាច បុណ្យស័ក្ក ឬ បក្ខពួករបស់ខ្លួន៕