29 C
Phnom Penh

មន្ត្រីបក្សប្រឆាំងរិះគន់ថា ការសហការគ្នាកែប្រែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក ៥០% +១ គ្រាន់តែជាល្បិចកលនយោបាយដើម្បីយកឈ្នះគូរប្រជែងតែប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្កោលទោស ការធ្វើវិសោធនកម្មច្បាប់ ២/៣ ទៅ ៥០%+១ រវាងលោកហ៊ុនសែន និងលោកសមរង្សី ដែលជាល្បិចកលនយោបាយខ្ចីដៃគ្នាប្រើ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការគ្រប់គ្រងអំណាចតែប៉ុណ្ណោះ។

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណរ៉ា អះអាងថា នៅក្នុងប្រទេសក្រីក្រដែលប្រកាន់ យករបបដឹកនាំប្រទេសបែបលទ្ធិប្រជាធិបតេយ្យ គឺតម្រូវអោយយករូបមន្តសម្លេង ២ភាគ៣ សម្រាប់បង្កើតរដ្ឋាភិបាល ដើម្បីទាមទារអោយមានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យឲ្យរឹងមាំ និងរក្សានិរន្តរភាព។

លោក បញ្ជាក់ថា ព្រោះតែគំនុំនយោបាយបុគ្គល និងមហិច្ឆតា ចង់ក្តោបក្តាប់អំណាច ពួកគេបានលេងល្បែងនយោបាយ  មួយចានទឹក មួយចានគោក ក្នុងការផ្តួលគ្នាទៅវិញទៅមក ដោយបន្លំភ្នែករាស្រ្ត និងយករដ្ឋធម្មនុញ្ញជាចំណាប់ខ្មាំងនយោបាយ ធ្វើវិសោធនកម្ម កែប្រែប្រព័ន្ធគ្រប់គ្រងប្រទេសពី ២/៣ មក ៥០%+១ ចាប់ពីឆ្នាំ២០០៦មក។

លោក ចោទសួរថា តើអ្នកនយោបាយខ្មែរកំពុងនាំគ្នាលេងល្បែងនយោបាយនៅក្នុងវង់ល្បែងនយោបាយរបស់អ្នកស្នេហាជាតិដោយសុចរិតភាព ឬកំពុងតែលេងល្បែងនយោបាយនៅក្នុងវង់ល្បែងនយោបាយដែលមានបរទេសចូលមកជ្រៀតជ្រែក?

លោអះអាងថា រយៈពេល១៤ឆ្នាំមកនេះ ក្រោយពីវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ មក៥០%+១ គោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះ មានការគំរាមកំហែង និងបំភិតបំភ័យ ទៅលើសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ជាដើមតាមគ្រប់រូបភាព។

ជានេះទៀត ស្ថាប័នដែលជាសសរស្តម្ភទាំង៣ គឺស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការ បានក្លាយជាឧបករណ៍នយោបាយរបស់អ្នកកាន់អំណាចទាំងស្រុង ត្បិតការដឹកនាំនៃនយោបាយឯកបក្សសព្វថ្ងៃនេះបានឆ្លុះបញ្ចាំងពីការប្រើអំណាចហួសព្រំដែនដែលបានមកពីការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ២០០៦នោះតែម្តង។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានក្តោបក្តាប់អំណាចទាំងស្រុងក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១ និងបានរំលាយបក្សប្រឆាំង ព្រមទាំងចាប់ខ្លួនសកម្មជននយោបាយ សកម្មជនបរិស្ថាន និងរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។

អ្នកវិភាគនយោបាយ លោក គឹម សុខ បានរិះគន់ក្នុងកម្មវិធី Idea Talk កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ថា បើចង់ប្តូររូបមន្តពី ២ ភាគ ៣ មក៥០%+១ យ៉ាងហោចណាស់ត្រូវរៀបចំឲ្យស្ថាប័ន៤ ឯករាជ្យជាមុនសិន រួមមាន ស្ថាប័ន គ.ជ.ប ស្ថាប័នយោធាកងកម្លាំងប្រដាប់អាវុធ ស្ថាប័នតុលាការ និងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ លោកថា រៀបចំឱ្យស្ថាប័នទាំង៤ឯករាជ្យបែបនេះ  ទើបច្បាប់ ៥០%+១ អាចធានាការគោរពសិទ្ធិមនុស្ស ប្រព័ន្ធប្រជាធិបតេយ្យ និងឧត្តមប្រយោជន៍សម្រាប់កម្ពុជាបានពេញលេញ។

ចំណែកប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ធ្លាប់បានបង្ហោះសារក្នុងគណនី ហ្វេស ប៊ុក របស់លោកថា រដ្ឋសភាឯកបក្សរបស់របស់រដ្ឋាភិបាលកម្ពុជាបានប្រើរូបមន្ត ៥០%+១ បោះឆ្នោតធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដែលអាចបើកផ្លូវឲ្យតុលាការកំពូលអាចរំលាយគណបក្សនយោបាយនៅកម្ពុជាដោយស្របច្បាប់។

លោក ព្រមានថា ការកែច្បាប់ពី ២/៣ មកជា ៥០%+១ នេះ ជាការប្រឈមធំយ៉ាងធ្ងន់ធ្ងរក្នុងការធ្វើនយោបាយប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ត្បិតអ្នកឈ្នះលើសពី ៥០%+១ គឺពេញចិត្តនឹងរូបមន្តនេះជាខ្លាំង ព្រោះមិនពិបាកជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាល មិនពិបាកក្នុងការចែកអំណាច និងកាន់តែងាយស្រួលកែច្បាប់ដើម្បីការពារបក្សខ្លួនបន្ថែមទៀត។

រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ៩លើក រួចមកហើយ ក្នុងនោះ កាលពីឆ្នាំ២០០៦ សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី បានចាប់ដៃគ្នាកែរដ្ឋធម្មនុញ្ញកម្ពុជា ពី ២ ភាគ ៣ ទៅ ៥០ បូក ១  ដែលបានផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាក្តោបក្តាប់អំណាចបានពេញដៃតែម្តង។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ក្រោយលេចចេញរូបរាងច្បាប់ ៥០+១មក រដ្ឋាភិបាលកម្ពុជាបាននាំគ្នា រៀបចំបង្កើតច្បាប់ថ្មីៗជាបន្តបន្ទាប់ ដើម្បីគាបសង្កត់អ្នកប្រឆាំងនឹងខ្លួន មានដូចជា ច្បាប់ស្តីពីបាតុកម្ម ច្បាប់ស្ដីពីរបបសារពត៌មាន ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្ដីពីសហជីព និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស