ជិត៤ខែមកហើយ ដែលបាតុករប្រឆាំងរដ្ឋាភិបាលថៃគឺប្រឆាំងនាយករដ្ឋមន្រ្ដីប្រាយុទ្ធចាន់អ៊ូចា បានធ្វើបាតុកម្មដើម្បីឱ្យមានការផ្លាស់ប្ដូរការដឹកនាំ។ បាតុករភាគច្រើនជាយុវជន ប្រកាសថា ពួកគេនឹងធ្វើបាតុកម្មជារៀងរហូតលុះត្រាតែលោកប្រាយុទ្ធចាន់អ៊ូចា ចុះចេញពីតំណែង។ សកម្មភាពរបស់ បាតុករ មិនចុះថយ ទោះមានការគម្រាមកំហែង ឬមានការចាប់ខ្លួនយ៉ាងណាក៏ដោយ។
កាលពីថ្ងៃអាទិត្យទី២៩វិច្ឆិកាកាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយថា បាតុករជាច្រើនពាក់នាក់បានចេញទៅប្រមូលផ្ដុំគ្នានៅទីបញ្ជាការដ្ឋានកងទ័ពថ្មើរជើងនៃកងពល១១ ហើយការប្រមូលផ្ដុំរបស់បាតុករនេះបានចាប់យកទីតាំង របស់ពួកយោធា ដោយសារតែទីក្រុងបាងកកកំពុងទាញទម្លាក់ក្នុងពាក្យចចាមអារាមថាមិនយូរមិនឆាប់ទេពួកយោធានឹងឆក់យកឱកាសដ៏តានតឹងនេះ ដើម្បីធ្វើរដ្ឋប្រហារម្ដងទៀតបើទោះជាលោកប្រាយុទ្ធចាន់អ៊ូចា បដិសេធថាគ្មានរដ្ឋប្រហារក៏ដោយនោះ។
សេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្ដិ៍បានបញ្ជាក់ទៀតថានៅពេលបាតុករប្រមូលផ្ដុំគ្នានៅខាងមុខកងពល១១ នៅឯជាយក្រុងបន្ដិចនៃទីក្រុងបាងកក គឺពួកយោធា និងប៉ូលិសបង្រ្កាបកុបកម្ម រាប់រយនាក់បានរាយបន្លាលួសធ្វើជារបងដើម្បីឃាឃាំងការរុលចូលរបស់បាតុករមកខាងក្នុងបរិវេណនៃទីបញ្ជាកការដ្ឋានកងពលលេខ១១។
មេបាតុករម្នាក់ដែលដឹកនាំការធ្វើបាតុកម្មសម្រាប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះគឺលោក Parit Chiwarak និយាយថាក្រុមរបស់លោកសម្រេចមកប្រមូលផ្ដុំគ្នានៅទីនេះ គឺដើម្បីបង្ហាញឆន្ទៈរបស់បាតុករទៅកងទ័ពនៅក្នុងបន្ទាយនេះថា កុំដើរតួនាទីជាអ្នកធ្វើរដ្ឋប្រហារដើម្បីបំផ្លាញអំណាចរបស់រដ្ឋាភិបាលស៊ីវិល ហើយសូមឱ្យកងទ័ពនៅជាមួយនឹងបាតុករ និងការពារបាតុករ។
នៅពេលដែលមេបាតុករម្នាក់បានស្រែកខ្លាំងៗទៅកាន់ពួកយោធាគឺប៉ូលិសម្នាក់ដែលជាអ្នកដឹកនាំកម្លាំងទប់ស្កាត់បាតុករ ព្រមានថា បាតុករមិនត្រូវព្យាយាមរុលចូលបរិវេណរបស់បន្ទាយប៉ូលិសជាដាច់ខាតហើយត្រូវរក្សាគម្លាតនៅឆ្ងាយពីបន្ទាយបើពុំនោះទេនឹងមានការប៉ះទង្គិចជាមួយប៉ូលិស ហើយបន្លាលួសរបស់ប៉ូលិសអាចនឹងធ្វើឱ្យមានរបួសស្នាមដល់បាតុករ។
ប្រភពដដែលបញ្ជាក់ទៀតថា នៅពេលដែលបាតុករប្រមូលផ្ដុំគ្នានៅបន្ទាយរបស់កងទ័ព គឺប្រធានរដ្ឋសភាលោក ឈួនលីផៃ បានឱ្យដឹងថា នៅថ្ងៃទី១ ខែធ្នូនឹងមានការបើកកិច្ចប្រជុំរដ្ឋសភា។
សមាជិកសភា និងព្រឹទ្ធសភានឹងជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃទី១ធ្នូ ដើម្បីបង្កើតគណៈកម្មាធិការសិក្សា និងធ្វើប្រជាមតិហើយឈានទៅដល់ការសម្រេចទៅលើការរៀបរៀងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ តាមសំណើរបស់សមាជិកសភា ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច ហើយក៏អាចពិចារណាផងដែរចំពោះសំណើររបស់បាតុករដែលសុំឱ្យកែប្រែរដ្ឋធម្មនុញ្ញត្រង់ចំណុចណាដែលមិនប៉ះពាល់របបរាជានិយម។
លោកប្រាយុទ្ធចាន់អ៊ូចា បានប្រកែកថាលោកនឹងមិនចុះចេញពីតំណែងទេហើយក៏គ្មានរដ្ឋប្រហារដើម្បីទម្លាក់លោកពីតំណែងដែរគឺលោករង់ចាំឱ្យមានការរុះរើរដ្ឋធម្មនុញ្ញឡើងវិញ។
បែបនេះក្ដី បាតុកម្មនៅតែផ្ទុះជារៀងរាល់ថ្ងៃជាពិសេសនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជាថ្ងៃសម្រាកពីការងារ។ យ៉ាងណានៅថ្ងៃនេះគេពុំឃើញបាតុករអាវលឿងដែលធ្លាប់ចេញមកធ្វើបាតុកម្មប្រឆាំងនឹងផែនការបាតុករជាយុវជននោះទេ។
ក្រុមអាវលឿងគឺជាអ្នកគាំទ្ររបបរាជានិយម ពួកគេប្រឆាំងដាច់ខាត ការទាមទារឲ្យកែប្រែរដ្ឋធម្មនុញ្ញរបបរាជានិយម។ ក្រុមនេះចាត់ទុកថារបបរាជានិយមសព្វថ្ងៃ គឺជាអ្នកបង្កើតប្រទេសថៃសម្រាប់មនុស្សថៃគ្រប់ជំនាន់ទាំងអស់។
កាលពីសប្ដាហ៍មុនមានការប៉ះទង្គិចគ្នាដោយហិង្សាបណ្ដាលឱ្យមនុស្សរងរបួសជាច្រើននាក់រវាងបាតុករអាវលឿង និងបាតុករវ័យក្មេងហើយទីបំផុតប៉ូលីសបង្ក្រាបទាំងពីរក្រុមនេះបណ្ដាលឱ្យមនុស្ស៥៥នាក់រងរបួសហើយចាប់តាំងពីពេលនោះមកប៉ូលិសបានព្យាយាមមិនអោយក្រុមទាំងពីរនេះជួបគ្នាដាច់ខាត។
ដោយសារតែស្ថានភាពបែបនេះបានរុញឱ្យមានពាក្យលេចឮថាទីក្រុងបាងកកជៀសមិនរួចនឹងមានរដ្ឋប្រហារកើតឡើងហើយបើគ្មានរដ្ឋប្រហារក៏តំបន់ខ្លះនៃរាជធានីនេះ នឹងត្រូវដាក់នៅក្នុងបម្រាមគោចររបស់សមត្ថកិច្ចប៉ូលីស ដើម្បីទប់ស្កាត់ការធ្វើសកម្មភាពជួបជុំគ្នារបស់បាតុករ។ រាជាណាចក្រថៃបានឆ្លងកាត់ការធ្វើរដ្ឋប្រហារ២០លើកមកហើយ។ បើរដ្ឋប្រហារកើតមានទៀតនោះ តើរដ្ឋប្រហារបែបនេះអាចទម្លាក់លោកប្រាយុទ្ធពីតំណែងបានដែរឬទេ បើអតីតឧត្តមសេនីយ៍រូបនេះគឺជាមេប្រហាររបស់ពួកយោធាទៅហើយនោះ៕