34 C
Phnom Penh

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីធម្មតានៃរដ្ឋសភាជិត១០០នាក់ ប្រឈមហានិភ័យឆ្លងកូវីដ១៩ កម្រិតមធ្យម និងទាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យរដ្ឋសភាជាតិ អះអាងថា មន្ត្រីជាន់ខ្ពស់ និងមន្ត្រីធម្មតានៃស្ថាប័នកំពូលរបស់ជាតិមួយនេះ ត្រូវបានរកឃើញថាមានហានិភ័យកម្រិតទាប និងមធ្យម ក្នុងការឆ្លងវីរុសកូរ៉ូណា ឬ ជំងឺកូវីដ១៩។

យោងតាមលិខិតរបស់អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង កាលពីថ្ងៃទី ៣០ខែវិច្ឆិកាម្សិលមិញ ដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង ដោយស្នើឱ្យមានវិធានការចំពោះ តំណាងរាស្ត្រ និងមន្ត្រីរាជការរដ្ឋសភា។

អ្នកនាំពាក្យរូបនេះអះអាងថា ការស្នើនេះ ក្រោយពេលតំណាងរាស្ត្រ និងមន្ត្រីរាជការជិត៧០នាក់ បានពាក់ព័ន្ធនឹងតំណាងរាស្ត្រមួយរូប គឺលោក ឡូយ សុផាត ដែលបានចូលរួមប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ២០២០ ដោយមានអ្នកចូលរួម១១៦រូប និងមន្ត្រីរាជការរដ្ឋសភា ព្រមទាំងតំណាងរាជរដ្ឋាភិបាលចូលរួមដើម្បីការពារច្បាប់មួយចំនួន។

ប្រភពដដែលបន្តថា លោក ឡូយ សុផាត ត្រូវបានរកឃើញថាបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ដែលរកឃើញថាបានឆ្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យរដ្ឋសភា បន្តថា យ៉ាងហោចណាស់មានមនុស្សជិត៧០នាក់នោះ ត្រូវបានបែបចែកជាពីរក្រុម គឺក្រុមមន្ត្រីរាជការដែលមាន ហានិភ័យឆ្លងជំងឺកូវីដ១៩កម្រិតមធ្យម និងកម្រិតទាប។ ដោយឡែក មន្ត្រីរាជការដែលប្រឈមហានិភ័យកម្រិតទាប ប្រមាណ១០០នាក់ ផ្សេងទៀត ខាងរដ្ឋសភា ក៏ស្នើសុំយោបល់ពីក្រសួងសុខាភិបាលផងដែរ។

លិខិតរបស់រដ្ឋសភាដដែល បញ្ជាក់ថា ឥស្សរជន និងមន្ត្រីរាជការដែលមានហានិភ័យមធ្យម ក្នុងការឆ្លងជំងឺកូវីដ១៩ រួមមានប្រធានរដ្ឋសភា លោក ហេង សំរិន។ អនុប្រធានទី១ រដ្ឋសភា លោក ងួន ញិល អនុប្រធានទី២រដ្ឋសភា អ្នកស្រី ឃួន សុដារី ។ បន្ថែមពីនេះ មានរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងលោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនី្នរ័ត្ន ។ អតីតចៅហ្វាយខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ។

បន្ថែមពីនេះ រួមមានបណ្ឌិតរដ្ឋ លោក ជាម យៀប អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងលោក ឡូយ សុផាត ខ្លួនឯង។ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺ លោក ហ៊ុន ណេង។ កូនប្រុសពៅរបស់លោកហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ។ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោក ឈាង វុន ។ ភរិយារបស់លោក ស៊ុយ សែម គឺ អ្នកស្រី ឡោក ខេង។ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាអតីតអភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ ព្រមទាំងអ្នកតំណាងរាស្ត្រ និងមន្ត្រីរាជការនៃរដ្ឋសភាជាច្រើនរូបផ្សេងទៀត។

អ្នកនាំពាក្យរដ្ឋសភា ឱ្យដឹងថា អ្នកតំណាងរាស្ត្រទាំងអស់បានស្នើឱ្យក្រសួងសុខាភិបាលរៀបចំឱ្យមានការធ្វើតេស្តកូវីដ១៩ នៅវិមានរដ្ឋសភា នៅពេលឆាប់ៗ ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១ខែធ្នូនេះ បានឱ្យដឹងថា យ៉ាងហោចណាស់មានករណីអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន៣នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន៣ទៀត ដែលជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨ខែវិច្ឆិកា។

គិតមកដល់ថ្ងៃអង្គារ៍នេះ អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តឹការណ៍ ២៨ខែវិច្ឆិកា មានចំនួន១៧ករណី ដោយក្នុងនោះមានទារកអាយុ៧ខែម្នាក់ផងដែរ។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍២៨ ខែវិច្ឆិកា បានធ្វើតេស្តនៅថ្ងៃទី២៩ និង៣០វិច្ឆិកា មានចំនួនជិត ៥ពាន់នាក់ (៤៨៦៩) ដោយក្នុងនោះរកឃើញវិជ្ជមានចំនួន១៧នាក់ ក្រៅពីនោះអវិជ្ជមានកូវីដ១៩ទាំងអស់។

ប្រភពដដែលអះអាងថា គិតត្រឹមថ្ងៃទី១ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប មានចំនួន៣២៦នាក់។ ក្នុងនោះអ្នកជំងឺដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន៣០៤នាក់ ហើយអ្នកជំងឺ២០នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី។ ដោយឡែកអ្នកជំងឺ២នាក់ទៀត ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស