26 C
Phnom Penh

អាមេរិកប្រកាសយកខែធ្នូ ជាយុទ្ធនាការនៃទំនាក់ទំនងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមួយកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកបានលើកឡើងថា ខែធ្នូនេះ ជាខែមួយនៃយុទ្ធនាការអបអរទំនាក់ទំនងរបស់ខ្លួនក្នុងផ្នែក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាមួយកម្ពុជា។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃ១ខែធ្នូនេះ បានឱ្យដឹងថា នៅក្នុងខែធ្នូនេះ អាមេរិកធ្វើការអបអរសាទរនៃទំនាក់ទំនងរបស់ប្រទេសមហាអំណាចលោកសេរីមួយនេះ ក្នុងផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលជាផ្នែកមួយនៃការរំលឹកក្នុងរយៈពេល១ឆ្នាំ នៃខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក ជាមួយកម្ពុជា។

យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះដែរថា យុទ្ធនាការល្អ តែខុសកាលៈទេសៈ។

ជាទស្សនៈផ្ទាល់ខ្លួនលោកថា ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពីជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក រួមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ផ្សេងទៀតគួរតែរួមគ្នាចូលរួមជាមួយរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃការឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ ដើម្បីទទួលបានការគាំទ្រនិងស្វាគមន៍ពីប្រជាជាតិខ្មែរទាំងមូល។

លោកបន្តថា វិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ចូលក្នុងសហគមន៍ នាពេលនេះ គឺដើម្បីការពារ និងសង្រ្គោះអាយុជីវិតពលរដ្ឋ ដែលជាការធានាបាននូវសិទ្ធិជាមូលដ្ឋានមួយរបស់ពួកគាត់ គឺសិទ្ធិរស់រានមានជីវិត។ លោកថា សិទ្ធិនេះ មានអាទិភាពជាងសិទ្ធិណាៗ ទាំងអស់ ហើយប្រសិនបើសិទ្ធិនេះមិនត្រូវបានធានា និងការពារនោះទេ សិទ្ធិផ្សេងៗទៀត ក៏មិនមានតម្លៃអ្វីនោះដែរ។

តាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដដែល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានសរសេរថា ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចមួយនេះ លោក Patrick Murphy  បានជជែកពិភាក្សាជាមួយការិយាល័យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅកម្ពុជា និងអ្នកសម្របសម្រួលប្រចាំប្រទេសនៃអង្គការសហប្រជាជាតិនៅកម្ពុជា អ្នកស្រី Pauline Tamesis។

សហរដ្ឋអាមេរិកអះអាងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ អាហារូបត្ថម្ភ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា ក្នុងការបញ្ចេញសំឡេងលើផ្នែកលទ្ធិប្រជាធិបតេយ្យទៅថ្ងៃអនាគតផងដែរ។

បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចាប់តាំងមានការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ការរំលាយគណបក្សប្រឆាំងដ៏ធំនេះកាលពីចុងឆ្នាំ២០១៧។ ការដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សនេះជាង១រយនាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

លើសពីនេះ ការបំបិទសំឡេងរិះគន់ ក្រោយពេលមានការធ្វើទុក្ខបុកម្នេញស្ថាប័នសារព័ត៌មានឯករាជ្យ ដូចជា សារព័ត៌មាន The Cambodia Daily  វិទ្យុអាស៊ីសេរី កាសែតភ្នំពេញប៉ុស្តិ៍ ត្រូវវបង្ខំចិត្តបិតទ្វារនៅក្រុងភ្នំពេញក្រោមហេតុផលពន្ធដារ និងរដ្ឋបាល ព្រមទាំងត្រូវប្តូរម្ចាស់ថ្មី ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។

ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបក្សប្រឆាំងឥតស្រាកស្រាន្ត ចាប់តាំងពីឆ្នាំ២០១៧មក ដោយបញ្ហាទាំងអស់នេះហើយ កម្ពុជាត្រូវបានសហគមន៍លោកសេរីមើលឃើញថាបានដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរជាប្រព័ន្ធ។

ដោយសារការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនេះហើយ ទើបបានជាសហភាពអឺរ៉ុបកាលពីខែសីហាកន្លងមក បានសម្រេចអនុវត្តនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ជាផ្លូវការ។ ប៉ុន្តែអឺរ៉ុបបង្ហើបថា កម្ពុជានឹងមានឱកាសទទួលបានEBA២០ភាគរយនេះមកវិញ ប្រសិនបើស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានប្រសើរឡើងវិញ៕ 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស