27 C
Phnom Penh

អគ្គលេខាបក្ស GDP ថាការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) អះអាងថា យុទ្ធសាស្ត្រនយោបាយរបស់ក្រុមលោក សម រង្ស៊ី ដែលបានប្រើប្រាស់កន្លងមកមិនបានផ្តល់ជាដំណោះស្រាយល្អសម្រាប់កសាងសង្គមប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការគោរពរដ្ឋធម្មនុញ្ញ នោះទេ។

អគ្គលេខាធិការ គណបក្ស (GDP) បណ្ឌិត សាម អ៊ិន យល់ឃើញថា សេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិដែលថានឹងធ្វើយុទ្ធនាការមាតុភូមិនិវត្តន៍ គ្រាន់តែជាយុទ្ធសាស្ត្រឲ្យមហាជនចាប់អារម្មណ៍ និងដើម្បីកុំឲ្យសកម្មជន និងមន្ត្រីគណបក្សនេះបាក់ទឹកចិត្តតែប៉ុណ្ណោះ។

ចំណែក មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា អះអាងថា លោកអបអរសាទរ នឹងថ្នាក់ដឹកនាំដែលកំពុងរស់នៅក្រៅប្រទេសទាំងនោះមានភាពក្លាហានហ៊ានប្រឈមមុខដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងជាប់គាំងនាពេលបច្ចុប្បន្ន។

ប៉ុន្តែ លោកថា បញ្ហាសំខាន់នោះគឺនៅត្រង់ថា មន្ត្រីជាន់ខ្ពស់ និងសកម្មជនអតីតបក្សប្រឆាំងទាំងនោះស្ថិតក្នុងបម្រាមដែលមិនអនុញាតិឲ្យវិលចូលប្រទេសកម្ពុជានៅឡើយ ដូច្នេះពួកគេត្រូវរកវិធីលើកបម្រាមទាំងនោះជាមុនសិន ទើបពួកគេអាចអនុវត្តយុទ្ធនាការរបស់ពួកគេទៅបាន។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិភាគីលោក សមរង្ស៊ី ចេញសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃទី១ ខែធ្នូ នេះថា នឹងធ្វើយុទ្ធនាការប្រមូលសកម្មជន និងអតីតមន្ត្រីគណបក្សរបស់ខ្លួន ដើម្បីធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅដើមឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានដដែល អះអាងថា អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួង សុខហួរ នឹងធ្វើយុទ្ធនាការដឹកនាំ ថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួន ធ្វើមាតុភូមិនិវត្តន៍មក ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ គណបក្សសង្គ្រោះជាតិ ភាគីលោក សមរង្ស៊ី បានអំពាវនាវ ដល់ថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីការកោះរបស់តុលាការក្រុងភ្នំពេញ ហើយដែលកំពុងរស់នៅនិរទេសឯក្រៅប្រទេស ត្រូវសហការនាំគ្នា ត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញឲ្យបានដាច់ខាត។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលើកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សាព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកអបអរសាទរដែលមន្ត្រីអតីតបក្សប្រឆាំងទាំងនោះមានបំណងធ្វើមាតុភូមិនិវត្តន៍ ប៉ុន្តែលោកសូមឲ្យលោក សម រង្ស៊ី ចេញមុខដឹកនាំយុទ្ធនាការនេះដោយផ្ទាល់។

លោក រិះគន់ថា ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ហាក់មានភាពមិនច្បាស់លាស់ពីការដឹកនាំធ្វើយុទ្ធនាការនេះទេ ត្បិតព្រឹត្តការណ៍សំខាន់បែបនេះ បែរជាមានត្រឹមតែអ្នកស្រី មួ សុខហួរ ដែលជាអនុប្រធានគណបក្ស ចេញមុខដឹកនាំតែម្នាក់ឯងទៅវិញ ខណៈថ្ឋាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិដទៃទៀត មិនបានដើរតួនាទីក្នុងកិច្ចការនេះទាល់តែសោះ។

កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩ លោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមនិវត្តន៍ម្តងរួចមកហើយ ប៉ុន្តែការធ្វើមាតុមភូមិនិវត្តន៍នេះ ត្រូវបរាជ័យទាំងស្រុង។ ក្នុងនោះលោកបានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសសមាជិក គណបក្សសង្គ្រោះជាតិ ឲ្យចូលរួមជាមួយនឹងលោក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទៀតផង។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជាន់ខ្ពស់ សមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលបានចូលរួមលើកម្រាម ៩ ក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ នោះ ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទ មានបំណងធ្វើរដ្ឋាប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងបទញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវបានកោះហៅសាកសួរជាបន្តរបន្ទាប់។

សកម្មជនដែលត្រូវបានតុលាការចោទប្រកាន់ទាំងនោះ មានចំនួន ១៣៩នាក់ ខណៈអ្នកផ្សេងមួយចំនួនទៀតត្រូវបានតុលាការសម្រេចឃុំខ្លួន ហើយមួយចំនួនទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេសជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស