38.1 C
Phnom Penh

តំណាងសហជីពក្រុងតូក្យូអះអាងថា ក្រុមហ៊ុនជប៉ុនចំនួន២ បានចេញមុខទទួលកំហុសរបស់ខ្លួន និងសន្យាលផ្តល់ប្រាក់សំណងជំងឺចិត្តដល់ពលករខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ អះអាងថា មានក្រុមហ៊ុន និងសមាគមន៍ ចំនួន២ បានចេញមុខទទួលកំហុស និងសុំទោសជាសាធារណៈព្រមទាំងសន្យាផ្តល់សំណងជំងឺចិត្ត ដល់ពលករខ្មែរ ដែលក្រុមហ៊ុនទាំងនោះបានរំលោភច្បាប់ការងារ និងរំលោភសិទ្ធិពួកគេ កន្លងមក។

មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ (Munabu Sato) បញ្ជាក់ថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះការចេញមុខ សុំទោសរបស់សមាគឈ្មោះ ជូស្យូជី យូក្យូដូកូ និងក្រុមហ៊ុន Huaning International Co.LTD ដែលបានបង្ហាញអំពីស្មារតីទទួលខុសត្រូវចំពោះទង្វើរំលោភបំពានសិទ្ធិពលករបរទេសកន្លងមករបស់ខ្លួន។

ជាងនេះទៅទៀត លោក មូណាប៊ូ សាតុ (Munabu Sato) អំពាវនាវឲ្យ រដ្ឋាភិបាលជប៉ុនត្រួតពិនិត្យ និងលុបបំបាត់ ហើយឈប់ប្រើពាក្យ «សិក្ខាកាមបច្ចេកទេស» ចំពោះកម្មករបរទេសដែលកំពុងបម្រើការនៅប្រទេសជប៉ុនទាំងនោះបន្តទៀត ដោយប្តូរទៅប្រើពាក្យ «ពលករបរទេស » ដូចនៅតាមបណ្តាប្រទេសដទៃវិញ ត្បិតការប្រើពាក្យសិក្ខាកាមបច្ចេកទេសនេះ ត្រូវបានក្រុមហ៊ុនទុច្ចរិតមួយចំនួនឆ្លៀតឱកាសកេងចំណេញលើកំលាំងពលកម្ម របស់ពលករបរទេសយ៉ាងធ្ងន់ធ្ងរ ។

លោក អះអាងថា ពលករជនជាតិជប៉ុនមិនព្រមធ្វើផ្នែកខ្លះនៃការងាររបស់ក្រុមហ៊ុននោះទេ បើទោះបីជាពួកគេធ្វើក៏តម្រូវឲ្យក្រុមហ៊ុនត្រូវផ្តល់ប្រាក់ឈ្នួលខ្ពស់ដល់ពួកគេដែរ ដូច្នេះក្រុមហ៊ុន បានបង្វែរការងារលំបាកៗទាំងនោះឲ្យ សិក្ខាកាមបច្ចេកទេស ទៅធ្វើជំនួសវិញ ប៉ុន្តែពួកគេទទួលបានប្រាក់ឈ្នួលតិចតួចប៉ុណ្ណោះ។

លោកថា ក្រុមហ៊ុនទាំងនោះបានប្រើលេសថា ពលករបរទេសទាំងនោះត្រឹមតែជា សិក្ខាកាមបច្ចេកទេស មិនមែនជា ពលករពេញសិទ្ធិ នោះឡើយ ដែលពួកគេចង់មានន័យថា ជាកម្មករដែលស្ថិតក្នុងការរៀនធ្វើការប៉ុណ្ណោះ មិនមែនជាកម្មករជំនាញនោះទេ។

ការអះអាងនេះធ្វើឡើងក្រោយពេលក្រុមហ៊ុន តុកាត់សឹហ្វូត (TOKATSU FOOD)  បានរំលោភសិទ្ធិការងារពលករខ្មែរ ដែលបានបញ្ឈប់កម្មករខ្មែរពីការងារ និងបានចាប់បង្ខំឲ្យពួកគេវិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្រោមលេសថា ពួកគេបានប្រព្រឹត្តខុសលក្ខខណ្ឌការងាររបស់ប្រទេសជប៉ុន និងលក្ខខណ្ឌការងាររបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។

ទាក់ទិននឹងបញ្ហានេះ តំណាងសហជីព General Support Union-NPO/POSSE អះអាងថា ពួកគេនឹងដាក់លិខិតទៅបណ្តាក្រុមហ៊ុនដៃគូទាំងអស់ នៃក្រុមហ៊ុន តុកាត់សឹហ្វូត (TOKATSU FOOD) ដូចជា ក្រុមហ៊ុន នីជីង ក្រុមហ៊ុន ANA ក្រុមហ៊ុន Family Mart និងក្រុមហ៊ុន Starbucks ដែលជាក្រុមហ៊ុនកាហ្វេរដ៏ល្បីឈ្មោះ របស់សហរដ្ឋមេរិក ជាដើម ដើម្បីឲ្យពួកគេ ដាក់សម្ពាធ និងជួយរកយុត្តិធម៌ដល់ពលករបរទេសដែលរងការរំលោភបំពានពីសំណាក់ក្រុមហ៊ុន តុកាត់សឹហ្វូត (TOKATSU FOOD) នេះ។

លោកបន្តថានេះ កំពុងព្យាយាមគេចចេញពីប្រព័ន្ធច្បាប់ មិនទទួលសារភាពពកំហុស ហើយនៅតែបន្តភូតកុហក់ថា ខ្លួនមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ផ្ទុយទៅវិញពួកគេបាន ឆ្លើយដោះសារថា ទង្វើរំលោភបំពានច្បាប់ទាំងនោះ គឺសមាគមបញ្ជូនពលករបរទេស ជាអ្នកប្រព្រឹត្តតែប៉ុណ្ណោះ។

ក្រុមសហជីព General Support Union-NPO/POSSE អះអាងថាខ្លួននឹងដាក់ពាក្យបណ្តឹងទៅតុលាការ ហើយនឹងប្តឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ដើម្បីជំរុញឲ្យមានការស្រាវជ្រាវអំពីការរំលោភសិទ្ធិមនុស្ស ក្នុងក្រុមហ៊ុន តុកាត់សឹហ្វូត (TOKATSU FOOD) នេះបន្ថែមទៀត ត្បិតក្រុមហ៊ុននេះបានរំលោភបំពានសិទ្ធិពលករបរទេសយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ និយោជិតកម្មករដែលជាបុគ្គលិករោងចក្រនានា ប្រមាណជាង ២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារប្រទេសជប៉ុន និងនៅមុខសមាគមន៍បញ្ជូនពលករ ដែលស្ថិតក្នុងទីក្រុងតូក្យូ ដើម្បីទាមទារឲ្យរោងចក្រទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត ជាជាងការគេចវេសពីការទទួលខុសត្រូវចំពោះមុខ ច្បាប់។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន តុកាត់សឹហ្វូត (TOKATSU FOOD)  បានរំលោភច្បាប់ការងារលើពលករខ្មែរដោយពួកគេបានបញ្ឈប់ពលករទាំងនោះទាំងបង្ខំ និងបានចាប់ញ្ជូនពួកគេ ឲ្យត្រឡប់ទៅកម្ពុជាវិញដោយមិនបង់ប្រាក់សំណងដល់ពួកគេនោះទេ ខណៈកិច្ចសន្យាការងាររបស់ពួកគេនឹងត្រូវផុតកំណត់នៅឆ្នាំ២០១៩ ឯណោះ។

យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ (Munabu Santo) គ្រោងនឹងធ្វើការចរចា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ ជាមួយក្រុមហ៊ុន និងសមាគមដែលបានចេញមុខទទួលកំហុសទាំង២ នេះ ដើម្បីពិភាក្សាគ្នាកំណត់ប្រាក់សំណងដែលក្រុមហ៊ុន បានយល់ព្រមសងជំងឺចិត្ត ចំពោះពលករខ្មែរដែលរងការរំលោភបំពានទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស