34 C
Phnom Penh

ក្រសួងសម្រេចបិទអគារកាណាឌីយ៉ា ក្រោយរកឃើញពលរដ្ឋខ្មែរម្នាក់ មានផ្ទុកកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលបានសម្រេចបិទទីតាំងអគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ នៅរាជធានីភ្នំពេញជាបណ្តោះអាសន្ន ក្រោយរកឃើញបុរសជាជនជាតិខ្មែរម្នាក់បានឆ្លងជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ការសម្រេចបិទអគារកាណាឌីយ៉ា ដែលមានទីតាំងក្បែវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាបណ្តោះអាសន្ននេះ មានការយល់ព្រមពីលោកហ៊ុន សែន។ ក្រសួងថា ការសម្រេចនេះបន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China)មានផ្ទុកមេរោគកូវីដ១៩។

ភ្លាមៗក្រោយការសម្រេចនេះ វិទ្យុបារាំងអន្តរជាតិនៅកម្ពុជា(RFI) ដែលមានទីតាំងស្ថិតនៅលើអគារកាណាឌីយ៉ាដែរនោះ បានជូនដំណឹងដល់សាធារណៈជនលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៣ ខែធ្នូនេះ ដោយប្រកាសផ្អាកការផ្សាយរបស់ខ្លួនមួយរយៈផងដែរ។

វិទ្យុបារាំង បញ្ជាក់ថាចាប់ពីថ្ងៃទី៣ ខែធ្នូនេះតទៅ វិទ្យុមួយនេះត្រូវអាក់ខានការផ្សាយកម្មវិធីព័ត៌មាន ដោយសារការិយាល័យរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា ត្រូវបានអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩ លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិនក្នុងអគារកាណាឌីយ៉ានោះ។

វិទ្យុបារាំង ក៏បានប្រកាសថា នឹងប្រាប់អំពីការផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួនជាធម្មតាឡើងវិញនៅពេលក្រោយ។

ក្រសួងសុខាភិបាលប្រកាសថា អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ចំនួន២នាក់បន្ថែមទៀតជាជនជាតិខ្មែររកឃើញវិជ្ជមានកូវីដ១៩។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ទាំងពីរនាក់នោះ ជាបងប្អូនបង្កើតនិងគ្នា ដោយម្នាក់ភេទប្រុស ជាបុគ្គលិកធនាគារចិន នៅអគារកាណាឌីយ៉ា និងម្នាក់ទៀតជាស្ត្រីជាបុគ្គលិកធនាគារ កាឆេយូណាយធីត        រាជធានីភ្នំពេញ។ ពួកគេទាំងពីរ ជាពលរដ្ឋស្នាក់នៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី។

បើតាមក្រសួងដដែលនេះ ឱ្យដឹងថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា ដែលបានធ្វើតេស្តកូវីដ១៩ មានចំនួនជិត១ម៉ឺននាក់(៨ ៧៦៦)។ ក្នុងនោះរកឃើញវិជ្ជមានកូវីដ១៩ សរុបចំនួន១៩នាក់ ហើយសល់វត្ថុវិភាគសំណាកចំនួន៩៦នាក់ទៀត ដែលនឹងត្រូវវិភាគបន្តនៅថ្ងៃទី៣ខែធ្នូនេះ ហើយក្រៅពីនោះលទ្ធផលធ្វើតេស្តលើកទី១អវិជ្ជមានទាំងអស់។

គិតត្រឹមថ្ងៃទី៣ ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៣១នាក់។ ក្នុងនោះអ្នកជំងឹដែលព្យាបាលជាសះស្បើយមានចំនួន ៣០៤នាក់ ហើយនៅសល់២៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស