28 C
Phnom Penh

អ្នកវិភាគនយោបាយថា បើបក្សប្រឆាំងអាចរកវិធីសហការគ្នាបានល្អ ពួកគេនឹងមានវាសនាស្រោចស្រង់ស្ថានភាពនយោបាយឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានលើកឡើងថា យុទ្ធវិធីល្អបំផុតនៃក្រុមប្រឆាំង សម្រាប់អ្នកដែលរស់នៅក្រៅប្រទេសត្រូវនាំគ្នាប្រកាសគាំទ្រអ្នកខាងក្នុងស្រុកឲ្យរៀបចំបណ្ដាញអ្នកគាំទ្ររបស់ខ្លួនឡើងវិញដើម្បីប្រកួតប្រជែងបន្តទៀត។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានអះអាងថា សម្រាប់ក្រុមប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស មានតែវិធីសម្របសម្រួលសុំបើកផ្លូវចូលមកក្នុងស្រុកវិញ ខណ:អ្នកខាងក្នុងស្រុកត្រូវរកឱកាសពង្រឹងបណ្តាញកម្លាំងអ្នកប្រជាធិបតេយ្យផងដែរ។

លោក បញ្ចាក់ថា ជម្លោះនយោបាយនៅកម្ពុជា នឹងមិនមានការចរចាជាផ្លូវការដើម្បីដោះស្រាយបញ្ចប់វិបតិបត្តិនោះទេ ប៉ុន្តែនឹងអាចមានការប្រែប្រួលខ្លះ ដោយសារស្ថានការណ៍ជ្រួលច្របល់ជិតដល់ពេលបោះឆ្នោតនៅអាណត្តិបន្ទាប់ ដែលលោក ហ៊ុន សែន អាចនឹងបន្ធូរបន្ថយភាពតានតឹងខ្លះតាមយុទ្ធសាស្ត្ររបស់គាត់។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី គណបក្សសង្គ្រោះជាតិប្រកាសធ្វើមាតុភូមិនិវត្តន៍ដើម្បីរកការចរចាផ្សះផ្សានយោបាយជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ។

គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអះអាងថា អ្នកស្រី មួរ សុខហួរ នឹងដឹកនាំ ថ្នាក់ដឹកនាំ ព្រមទាំងសកម្មជនគណបក្សប្រឆាំងធ្វើមាតុភូមិ និវត្តន៍ រកការចរចានយោបាយ និងផ្សះផ្សាជាតិ ដើម្បីបញ្ចប់វិបតិបត្តិនយោបាយដែលកំពុងជាប់គាំងសព្វថ្ងៃនេះ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបង្ហោះសារលើគណនី ហ្វេសប៊ុករបស់លោកថា ផែនការធ្វើមាតុភូមិនិវត្តន៍ដែលបានប្រគល់ឲ្យអ្នកស្រី មួរ សុខហួរ ដឹកនាំរកការផ្សះផ្សាជាតិ ដោយផ្អែកលើភាពទន់ភ្លន់របស់អ្នកស្រី ជំនួសលោក សម រង្ស៊ី ហាក់ដូចជាទាត់ចោលស្មារតីបង្រួបបង្រួមជាតិ និងនយោបាយអហិង្សារបស់លោក កឹម សុខា ដែលកំពុងរងទុក្ខវេទនាម្នាក់ឯងនៅក្នុងប្រទេស។

ចំណែកអ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា បើអ្នកនយោបាយ និងអ្នកដឹកនាំខ្មែរប្រកាន់ចរិតនយោបាយមានមួយអត់មួយ មានឯងអត់អញ នោះបញ្ជាក់ថា ពួកគេមិនមែនជាអ្នកនយោបាយដែលទ្រទ្រង់លទ្ធិប្រជាធិបតេយ្យនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស