នៅពេលដែលរដ្ឋការរបស់លោក ដូណាល់ត្រាំ ជិតដល់ទីបញ្ចប់ រដ្ឋាភិបាលដែនដីកោះតៃវ៉ាន់ នៃប្រធានាធិបតីស្ត្រី បានសម្លឹងមើលទៅរក ប្រទេសមួយទៀត អោយជួយខ្លួន ករណីចិនលើកកងទ័ពចូលលុកលុយដែនដីមួយនេះ ដែលបានបំបែកខ្លួនដោយសារសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩។
រដ្ឋការរបស់លោក ដូណាល់ត្រាំ ត្រូវបានមើលឃើញថាបានជួយការពារតៃវ៉ាន់ជាច្រើន ទាំងវិស័យការពារជាតិ វិស័យការទូត និងសេដ្ឋកិច្ច ។ តែចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ទៅ គឺលោកត្រាំអស់ឱកាស ជាប្រធានាធិបតីអាមេរិកទៀតហើយ គឺពេលនោះជារដ្ឋការថ្មីដឹកនាំដោយប្រធានាធិបតី ជាប់ឆ្នោតលោក ចូលបៃដិន ដែលអ្នកសង្កេតការណ៍ ខ្លះ មិនរំពឹងច្រើនទេថា មេដឹកនាំអាមេរិកមកពីបក្សប្រជាជាធិបតរេយ្យ នឹងប្រកាន់ជំហដូចលោកត្រាំប្រឆាំងនឹងចិន ដែលគំរាមលើកទ័ពចូលកាន់កាប់តៃវ៉ាន់។ ទំនងដូចនេះហើយ ដែលរដ្ឋាភិបាល តៃវ៉ាន់ ទទូចសុំឲ្យអូស្រ្តាលី ដែលកំពុងមានជម្លោះ ពាណិជ្ជកម្ម ជាមួយចិន ជួយការពារដែនកោះមួយនេះពីការប៉ុនប៉ងលេបត្របាក់របស់ចិន។
រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់កាលពីថ្ងៃទី២ធ្នូ បានអំពាវនាវឱ្យអូស្រ្តាលីជួយការពារសន្តិភាព និងការពារប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសចិន។
រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់ លោក Joseph Wu បានប្រាប់កម្មវិធីវិទ្យុអូស្ត្រាលី ABC មួយថា ពិភពលោកកំពុងប្រឈមនឹងហានិភ័យនៃជម្លោះយោធានៅច្រកសមុទ្រតៃវ៉ាន់។ លោកបន្តថា នៅពេលនេះ ប្រទេសជាតិកំពុងជួបហានិភ័យខ្ពស់ជាងពេលណាៗទាំងអស់។ ដូចនេះតៃវ៉ាន់ សូមឱ្យអូស្រ្ដាលីជួយដឹង ជួយឮ ជួយធ្វើជាសាក្សីនិងជួយ ទាំងស្មារតី និងយុទ្ធសាស្ត្រ ការពាជាតិទៀតផង។ ប៉ុន្តែសម្ដីរបស់លោក Joseph Wu ត្រូវបានកត់សម្គាល់ថាក្រុងតៃប៉ិ មិនរំពឹងថា នាយករដ្ឋមន្រ្តី អូស្ត្រាលី លោក Scott Morrison នឹងអាចក្លាយជាដៃគូសកម្ម ហើយអាចនឹងបញ្ជូនកងទ័ពមកកាន់កោះតៃវ៉ាន់នោះទេ។
រយៈពេលចុងក្រោយនេះ សកម្មភាព នាវាចម្បាំងរបស់កងទ័ពចិនស្ថិតក្នុងដែនទឹកចម្ងាយ ១០០ ម៉ាយល៍ (100 Miles) រវាងកោះតៃវ៉ាន់ និងចិនដីគោក គឺបានកើនឡើងក្នុងអត្រាប្រកាសអាសន្នតែម្ដង ។ ហើយចំពោះហោះ យន្តហោះ វិញ គឺចិនបានបង្ហោះយន្តហោះចម្បាំង យ៉ាងហោច៨ដងក្នុងមួយថៃ្ង ដោយហោះហើរលើលំហអាកាសតៃវ៉ាន់។
ប្រមុខការទូតរបស់ប្រធានាធិបតី Tsai Ing-wen បានថ្លែងថារដ្ឋាភិបាលតៃវ៉ាន់ឥឡូវនេះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់ចិនព្រោះចិនប្រកាសថានឹងបង្រួបបង្រួមយកដែនកោះមួយនេះដោយការប្រើកម្លាំងកងទ័ព។
ក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី របស់វិទ្យុអូស្ត្រាលី ABC លោកវូ បានថ្លែងថា ក្រុងប៉េកាំងតែងអះអាងថា កោះតៃវ៉ាន់ ជាខេត្តស្វយ័តរបស់ប៉េកាំង ដែលលោកថា តៃវ៉ាន់កំពុងព្រួយបារម្ភអំពី សកម្មភាពយោធារបស់ចិនដែលកំពុងកើនឡើងនៅជុំវិញកោះតៃវ៉ាន់ដែលរួមបញ្ចូលទាំងការធ្វើសមយុទ្ធចុះឡើងៗទ្រង់ទ្រាយយ៉ាងញឹកញាប់។
កងទ័ពអាកាសទីក្រុងប៉េកាំងបាននិងកំពុងបង្ហោះយន្តហោះចម្បាំងឆ្លងកាត់ខ្សែ ច្រកសមុទ្រតៃវ៉ាន់ ដោយបានហោះចូលទៅកាន់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ជាង៤០ដង ក្នុងមួយសប្ដាហ៍មកនេះ។ លោករដ្ឋមន្ត្រីJoseph Wu បានថ្លែងថាលោកចង់ឃើញអូស្ត្រាលី ប្រកាន់ជំហររឹងមាំ ប្រឆាំងនឹងចិន។
លោកបន្តថាសម្រាប់សហរដ្ឋអាមេរិកបានឆ្លើយតបថាខ្លួននឹងជួយឱ្យមានតុល្យភាពយោធា ទប់ស្កាត់ការលុកលុយ ពីសំណាក់កងទ័ពចិន មកលើកោះ តៃវ៉ាន់ បើសង្រ្កាមផ្ទុះឡើង។
ចម្លើយរបស់អាមេរិកបង្ហាញការអន្តរាគមន៍ ជួយតៃវ៉ាន់ដូចនេះគឺនៅពេលដែល អគ្គលេខាបក្សកុម្មុយនីស្ដចិន លោកស៊ីជីងភីង បានធ្វើការអំពាវនាវឱ្យកងទ័ពដាក់ចិត្ត និងថាមពលដើម្បីត្រៀមខ្លួនសម្រាប់ សង្គ្រាម។
ប្រសាសន៍របស់លោកស៊ីជីងភីងគឺជាសុន្ទរកថាផ្ទាល់ដែលលោកថ្លែងចំពោះមុខកងទ័ពចិន នៅមូលដ្ឋានកងទ័ពមួយនៅភាគខាងត្បូងប្រទេសចិន គឺខេត្តគួងតុងកាលពីសប្ដាហ៍មុននេះ។
ក្រុងប៉េកាំបានដំឡើងគ្រឿងសព្វាវុធទៅកាន់តែកៀក ទៅនឹងដែនកោះតៃវ៉ាន់ដោយពង្រាយមីស៊ីលល្បឿនលឿន និងទំនើបបំផុតទៅកាន់ឆ្នេរសមុទ្រជិតដែនកោះតៃវ៉ាន់។ មីស៊ីលនោះមានឈ្មោះថា DF-១៧។ មីស៊ីDF- អេហ្វ១៧ ជាមីស៊ីលដែលដើរតួជំនួសមីស៊ីលចាស់DF-១១និងDF «៥។ កាលពីដើមខែវិច្ឆិកា ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថាតៃវ៉ាន់បានត្រៀមផ្លូវរូងដី ជាច្រើនកន្លែង ដើម្បីជម្លៀសប្រជាជន អោយមកច្រកកោន បើមានការវាយប្រហារតាមអាកាស គឺមាន ចំនួន ១១ម៉ឺន ៧ពាន់៦៦៩ ទីតាំងនៅទូទាំងដែនកោះ។
អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ Joanne Ou បានប្រាប់ Newsweek ថាប្រជាជនតៃវ៉ាន់បានផ្តល់ការយល់ចិត្តយ៉ាងជ្រាលជ្រៅទៅលើអូស្រ្តាលីនូវការជួយការពារកោះតៃវ៉ាន់ ចំពោះការវាយប្រហារពីសំណាក់កងទ័ពចិន។ ទោះជាបែបណាក៏ដោយ សម្រាប់ភាគីរដ្ឋាភិបាលអូស្រ្ដាលីវិញ នៅមិនទាន់បានបង្ហាញជំហរបែបណាចំពោះសំណើរបស់តៃវ៉ាន់នៅឡើយទេ៕