សហរដ្ឋអាមេរិកអះអាងថា គិតចាប់តាំងពីជំងឺរាតត្បាតជាសាកលកូវីដ១៩ បានចាប់ផ្តើមកើតមានមក រដ្ឋាភិបាលរបស់ខ្លួន បានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់កម្ពុជា ដែលមានចំនួនច្រើនជាងប្រទេសជាដៃគូដទៃណាទាំងអស់។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរនៅថ្ងៃសុក្រនេះ ថា ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀត របស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត។ ក្នុងនោះ រួមមានកម្មវិធីកសាងសមត្ថភាពក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺ ឆ្លង។ ជាមួយគ្នានេះ ស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទងនឹងសុខភាពសាធារណៈរបស់កម្ពុជា។
ប្រភពដដែលបន្តថា ភាពជាដៃគូរបស់អាមេរិក ជាមួយនឹងប្រជាជនកម្ពុជាមានច្រើនរូបភាព សូម្បីនៅក្នុងអំឡុងពេលដែលមេរោគនេះកំពុងរាតត្បាតជាសាកលក្តី ក៏សហរដ្ឋអាមេរិកបានរួមចំណែកនូវថវិកាចំនួន ៧សែន ដុល្លា ដែរ សម្រាប់បំពេញតម្រូវការក្នុងគ្រាបន្ទាន់ នៅតាមសហគមន៍ ដែលរងការប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ។
ស្ថានទូតអាមេរិកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩២ មក អាមេរិកបានចំណាយថវិកាចំនួនជាង ២ ពាន់លានដុល្លា នៅកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់សុខភាព ការអប់រំ កសិកម្ម ការការពារបរិស្ថាន ការពង្រឹងអភិបាលកិច្ច និងសិទ្ធិមនុស្ស។ ជាងនេះទៅទៀតសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តផ្តល់ការគាំទ្រដល់សេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់ឲ្យមានអនាគតមួយប្រកបទៅដោយសុខភាពល្អ វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ៕