29 C
Phnom Penh

ក្រសួងសុខាភិបាលអះអាងថាកំពុងស្វែងរក ប្រភពដើមដែលនាំឲ្យមានការផ្ទុះកូវីដ១៩ក្នុងព្រឹត្តការណ៍សហគមន៍២៨ វិច្ឆិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនកំពុងធ្វើការស្រាវជ្រាវរកប្រភពដើមនៃការចម្លងវីរុសកូវីដ១៩ ពាក់ព័ន្ធនឹង ព្រឹត្តការណ៍ ២៨  វិច្ឆិកា ដែលបានធ្វើឲ្យកក្រើកឡើងជាថ្មី និងកំពុងបន្តចម្លងយ៉ាងឆាប់រហ័ស ពីមនុស្សចាស់រហូតដល់កូនក្មេងដែលជាកត្តាគួរឲ្យព្រួយបារម្ភជាទីបំផុត។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៣ធ្នូ ឆ្នាំ២០២០ នេះថា ការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្រលើប្រភេទវីរុសកូវីដ១៩ ដែលបានចម្លងមកកម្ពុជាសម្រាប់ព្រឹត្តការសហគមន៍ ២៨ វិច្ឆិកា បញ្ជាក់ថា ប្រភពមេរោគទាំងនោះអាចជាក្រុមវីរុស Clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ជាដើម។

ប្រភពដដែលបាន អះអាងថា តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺដែលបំបែកតៗគ្នា ដើម្បីរកភាពដូចគ្នានៃវីរុសកូវីដ១៩ ទៅនឹងសំណាករូបរាងវីរុសកូវីដ១៩ ពីតំបន់ផ្សេងៗគ្នាបានបង្ហាញថា ការផ្ទុះឡើងក្នុងព្រឹត្តការសហគមន៍ ២៨ វិច្ឆិកា នេះ មិនមានការទាក់ទងនឹង ព្រឹត្តការណ៍ ៣ វិច្ឆិកា នោះទេ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី ការផ្ទុះឡើងវិញនៃវីរុសកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបានវាយលុកក្នុងរាជធានីខេត្តចំនួន៧ ព្រមទាំងធ្វើប៉ះពាល់ដល់មន្ត្រី នៅក្រសួងមហាផ្ទៃ និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀតផងដែរ។

ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ ក៏បានប្រកាសរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤នាក់ បន្ថែមទៀតហើយ ដែលបណ្តាលមកពីព្រឹត្តការសហគមន៍ ២៨ វិច្ឆិកា។ ក្នុងនោះរួមមាន ប្តី ប្រពន្ធ ជនជាតិខ្មែរ និងកូនប្រុស អាយុ ៣ ឆ្នាំ ម្នាក់ ដែលមានអាសយដ្ឋានក្នុងបូរី ឈាង ហាក់ ក្នុងរាជធានីភ្នំពេញ ព្រមទាំង បុរសជនជាតិខ្មែរមា្នក់ទៀត ដែលមានអាយុ ២២ ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។

ប្រភពដដែលក៏បានឲ្យដឹងដែរថា អ្នកពាក់ព័ន្ធក្នុងព្រឹត្តការសហគមន៍ ២៨ វិច្ឆិកា ដោយផ្ទាល់ និងប្រយោល មានប្រមាណជិត ១ម៉ឺននាក់ ខណៈអ្នកវិជ្ជមានវីរុសកូវីដ១៩ ក្នុងព្រឹត្តការណ៍នេះ មានចំនួនសរុប ២៣នាក់ ដែលពួកគេកំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

ក្រសួងមួយនេះក៏បានអំពាវនាវ ឲ្យអ្នកដែលបានប៉ះពាល់ក្នុងព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ទាំងអស់ ត្រូវនាំគ្នាទៅធ្វើតេស្តជាលើកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខជាកំហិត និងត្រូវប្រកាន់ភ្ជាប់នូវការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស