26 C
Phnom Penh

តុលាការខេត្តរតនគិរី សម្រេចទម្លាក់ចោលសំណុំរឿងអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី ២រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខេត្តរតនគិរី បានចេញសាលក្រមជាផ្លូវការសម្រេចទម្លាក់ចោលសំណុំរឿងប្រឆាំងអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី ២រូប ក្រោយបន្តនីតិវិធីរឿងក្តីរបស់ពួកគេអស់រយៈពេលជាង៣ឆ្នាំ។

សារព័ត៌មានវីអូឌី បានដកស្រង់សម្តីអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ ចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូនេះថា សាលក្រមសំណុំរឿង អតីតអ្នកកាសែត ឌឹខេមបូឌាដេលី ទាំងពីររូបនេះ ត្រូវបានតុលាការចេញកាលពីថ្ងៃម្សិលមិញ ប៉ុន្តែលោកថា តុលាការទុកពេល  ១ខែ សម្រាប់តំណាងអយ្យការអមសាលាដំបូងខេត្ត និង២ខែទៀតសម្រាប់តំណាងអយ្យការអមសាលាឧទ្ធរណ៍ ប្ដឹងជំទាស់នឹងសាលក្រមសម្រេចនេះ។

ប្រភពដដែល បញ្ជាក់ថា អតីតអ្នកកាសែត ខេមបូឌា ដេលី ទាំង២រូប អាចដាក់ពាក្យស្នើសុំទៅតុលាការចេញសាលក្រមស្ថាពរ ដើម្បីស្នើសុំលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ អំឡុងពេល១៤ថ្ងៃ បន្ទាប់ពីនីតិវិធីបណ្ដឹងទាស់រយៈពេល៣ខែបានកន្លងផុតទៅ។

បណ្ដឹង «ញុះញង់» ចោទទៅលើអតីតអ្នកកាសែត ខេមបូឌា ដេលី លោក អូន ភាព និងលោក Zsombor Peter ត្រូវបានសាលាដំបូងខេត្តរតនគិរីសម្រេចទម្លាក់ចោលកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងមកនេះ។ ការសម្រេចនេះ  ក្រោយពីដើមចោទបានសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួនវិញ។

លោក អូន ភាព និងលោក Zsombor Peter ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់» បន្ទាប់ពីពួកគេធ្វើដំណើរទៅរាយការណ៍ព័ត៌មាននៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧ នៅខេត្តរតនគិរី ដោយបានសាកសួរពលរដ្ឋនៅឃុំប៉ាត់តេ អំពីដំណើការបោះឆ្នោត និងថាតើពួកគនឹងបោះឆ្នោតឱ្យគណបក្សនយោបាយមួយណា។

បច្ចុប្បន្នអតីតអ្នកកាសែតទាំងពីររូប បានចាកចេញពីកម្ពុជាទៅរស់នៅក្រៅប្រទេស។ ដោយឡែក លោក អូន ភាព បានទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួនរហូតមកទល់ពេលបច្ចុប្បន្ននេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស