26 C
Phnom Penh

លោក ស ខេង បញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនជនទាំងឡាយណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយរត់គេចខ្លួន ដើម្បីចាត់វិធានការតាមច្បាប់។

តាមសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់លោក ស ខេង កាលពីថ្ងៃទី៣ខែធ្នូ បានណែនាំឲ្យមានការចែករំលែក ព័ត៌មានសាវតារជាតិរបស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធទាំងអស់។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញឲ្យបង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយរឹតបន្តឹងការអនុវត្តច្បាប់ ចំពោះករណីល្មើស ក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត និងត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

យ៉ាងណា កន្លងមកវិធានការច្បាប់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួននេះ ត្រូវបានគេមើលឃើញថាបានអនុវត្តតិចតួចទៅលើក្រុមអ្នកមានប្រាក់ និងមានអំណាច។

ជាក់ស្តែង កាលពីចុងឆ្នាំ២០១៣ រថយន្តតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបើកបុកអ្នកដំណើរពីរនាក់ នៅចំណុចគីឡូម៉ែត្រលេខ៣៦-៣៧ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ហេតុការណ៍នោះ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ ដោយឡែករថយន្តអ្នកបង្កបានបើករត់បាត់ស្រមោល ប៉ុន្តែមកទល់ពេលនេះមិនមានវិធានការច្បាប់សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះនៅឡើយទេ ក្រៅតែពីការផ្តល់សំណងខ្លះដល់ជនរងគ្រោះតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស