31 C
Phnom Penh

លោក ហ៊ុន សែន អះអាងថា លោកនឹងមិនស្នើដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា លោកនឹងមិនស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬផ្នែកណាមួយនោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់ដែលបានឃោសនាក្នុងរយៈពេលកន្លងមកនោះដែរ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារក្នុង ទំព័រហ្វេសប៊ុក របស់លោកកាលពីយប់ថ្ងៃទី៦ ខែធ្នូថា មានការបំភ្លើសព័ត៌មានជាច្រើនថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជាងនេះទៀត ក៏មានការបំផុសបំផុលឲ្យ ពលរដ្ឋទិញទំនិញ និងគ្រឿងឧបភោគបរិភោគដើម្បីត្រៀមទុកទៀតផង។

លោកបញ្ជាក់ថា  ការដាក់ប្រទេសក្នុងគ្រាមានអាសន្ននឹងបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ពលរដ្ឋ។ ដូច្នេះលោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយនឹងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានចេញបទបញ្ជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈសារសំលេងប្រវែងជិត ១៣នាទី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានអះអាងថា លោកបានត្រៀមលិខិតមួយចំនួន ដើម្បីនឹងសុំព្រះរាជក្រឹត្យពីព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន អះអាងថា បញ្ហាដែលបង្ករឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ លោកថាបញ្ហានេះ គឺបណ្តាលមកពី កង្វះការអនុវត្តវិធានសុវត្ថិភាព គឺការរក្សាគម្លាតបុគ្គលឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាងនេះទៀត ក៏បណ្តាលមកពីការធ្វេសប្រហែសរបស់អាជ្ញាធរមូលដ្ឋានលើវិធានសុវត្ថិភាពនេះផងដែរ។

ជាងនេះទៀត លោក បញ្ជាក់ថា លោកបានព្រៀងអនុក្រឹត្យ និងលិខិត សម្រាប់ដាក់ជូន ប្រធានរដ្ឋាសភា លោក ហេង សំរិន និងប្រធាន ព្រឹទ្ធសភា លោក សាយ ឈុំ ព្រមទាំងបានត្រៀម អនុក្រឹត្យ និងសារលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជានុញាតិដាក់ប្រទេសក្នុងគ្រាមានអាសន្នទៀតផង។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ប្រធានគណៈកម្មាធិការនាយក គណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី ហ្វេស ប៊ុក របស់លោក នៅថ្ងៃទី០៧ វិច្ឆិកា នេះ ដោយអះអាងថា ក្នុងស្ថានភាពនេះ មិនទាន់ចាំបាច់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ផ្ទុយទៅវិញ កត្តាសំខាន់បំផុតនោះគឺ ត្រូវពាក់ម៉ាស់ លាងដៃ កាត់បន្ថយការជួបជុំគ្នា និងប្រញ៉ាប់ប្រញ៉ាល់ទៅធ្វើតេស្តក្នុងករណីមានការសង្ស័យពីសុខភាពរបស់ខ្លួនជាដើម។

លោក បញ្ជាក់ថា ការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺអាស្រ័យលើកត្តាមួយចំនួន ដូចជាចំនួនអ្នកឆ្លងដែលមិនអាចព្យាបាលឲ្យជាសះស្បើយ។ បន្ថែមពីនេះ  មិនអាចគ្រប់គ្រងចំនួនអ្នកឆ្លងថ្មីៗបន្តទៀតបាន អសមត្ថភាពក្នុងការធ្វើតេស្តរកមេរោគឆ្លងនេះ និងខ្វះការសហការពីប្រជាពលរដ្ឋក្នុងសហគមន៍ ជាដើម។

ចំណែកអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ ធ្លាប់បានរិះគន់ថា ល្បែងនយោបាយបំភ្លើសបំផ្លោងអំពីវីរុសកូវីដ១៩ របស់លោកលោក ហ៊ុន សែន គឺជាយុទ្ធសាស្ត្រដោះខ្លួនមួយគ្រាៗ ដែលកំពុងរងគំនៀបវិបត្តិនយោបាយដែលគ្មានដំណោះស្រាយប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក បានអំពាវនាវ ដល់ពលរដ្ឋខ្មែរឲ្យប្រុងប្រយ័ត្នខ្ពស់ ព្រោះវីរុសកូវីដ១៩ ក្រៅតែពីវ៉ាក់សាំង គ្មាននរណាម្នាក់អាចបញ្ជាវីរុសនេះ ឲ្យបញ្ឈប់សកម្មភាពរាតត្បាតបានឡើយ ដូច្នេះ ប្រការសំខាន់ សូមពលរដ្ឋខ្មែរប្រឹងការពារខ្លួន ដោយខ្លួនឯងឲ្យបានហ្មត់ចត់ជាទីបំផុត។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៧ ធ្នូ នេះថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨ វិច្ឆិកា ថែម ២ នាក់ ទៀតហើយ ខណៈអ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួនសរុប ៣២នាក់។ រីឯចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលកើនឡើងដល់ជាង ១ ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី០៦ ធ្នូ ឆ្នាំ២០២០ នេះ។

ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា ក្រសួងនឹងយកបរិវេណក្រសួងមហាផ្ទៃធ្វើជាទីតាំង ធ្វើតេស្តជាលើកទី២សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល នៅថ្ងៃទី០៧ ធ្នូ នេះ។ ចំណែកពហុកីឡាដ្ឋានជាតិអូឡាំពិចនឹងត្រូវធ្វើនៅថ្ងទី០៨ វិច្ឆិកា សម្រាប់ប្រជាពលរដ្ឋទូទៅ រីឯប្រជាពលរដ្ឋតាមខេត្តនីមួយៗត្រូវធ្វើនៅតាមមន្ទីរសុខាភិបាលខេត្តរៀងៗខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស