35 C
Phnom Penh

រដ្ឋាភិបាលសម្រេចបិទក្រសួងមហាផ្ទៃជាបណ្តោះអាសន្ន ក្រោយរកឃើញមន្ត្រីជាន់ខ្ពស់ស្ថាប័ននេះឆ្លងកូវីដ១៩ បន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង នៅថ្ងៃទី៧ ខែធ្នូ បានសម្រេចបិទអគារក្រសួងមហាផ្ទៃជាបណ្តោះអាសន្ន។ លើសពីនេះ លោកបានបញ្ជា ស្តីពីការផ្អាកជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចផ្អាកការចូលបំពេញការងារ និងបិទអគារបរិវេណក្រសួងមហាផ្ទៃនេះ ក្រោយពេលរកឃើញមន្ត្រីជាន់ខ្ពស់ដែលបម្រើការងារនៅក្នុងក្រសួងនេះ បានឆ្លងកូវីដ១៩បន្ថែមទៀត។

តាមរយៈសារជាសំឡេងរបស់លោក ស ខេង ដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទីច័ន្ទទី៧ ខែធ្នូនេះ បានឱ្យដឹងថា មានអគ្គនាយកដ្ឋានពីរដែលស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ បានឆ្លងកូវីដ១៩។

ដោយឡែកបទបញ្ជាជាលិខិតរបស់លោក ស ខេង វិញ បានសម្រេចផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្ន ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះរហូតដល់មានការជូនដំណឹងជាថ្មី។

បន្ថែមពីនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គ-នាយកដ្ឋាន ឬអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដែលមិនទាន់បានយកសំណាកដើម្បីធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ត្រូវរួសរាន់មកយកសំណាក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។

លោក ស ខេង បញ្ជាក់ថា ក្នុងអំឡុងពេលការផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្ននេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល    មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គនាយកដ្ឋាន ឬអង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ។

ជាងនេះទៀត ត្រូវណែនាំដល់ក្រុមគ្រួសាររបស់ខ្លួន ឱ្យអនុវត្តវិធានការការពារជំងឺកូវីដ១៩ឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ។

យ៉ាងណាក្នុងលិខិតដដែលបញ្ជាក់ថា ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវបំពេញការងារពីចម្ងាយតាមរយៈអនឡាញ។

បន្ថែមពីនេះ អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវចាត់មន្ត្រី ដែលមិនប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពី ០៥ ទៅ ០៧នាក់ ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ហើយត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះ បញ្ជូនមកអគ្គលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ។ មន្ត្រី ដែលត្រូវបានចាត់ឱ្យមកប្រចាំការទាំងនោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ១៩ផងដែរ។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូនេះដោយបញ្ជាក់ថាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨ វិច្ឆិកា ចំនួន ២ នាក់ បន្ថែមទៀត។ ចំនួននេះ បានធ្វើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា វិជ្ជមានកូវីដ១៩ សរុបចំនួន ៣២នាក់។ រីឯចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលកើនឡើងដល់ជាង ១ ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី៦ ធ្នូ ឆ្នាំ។

គិតត្រឹមថ្ងៃទី៧ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប មានចំនួន៣៤៨នាក់ ក្នុងនោះ៣០៦នាក់ បានជាសះស្បើយ។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី និងមណ្ឌលសុខភាពចាក់អង្រែ មានចំនួន៣៣នាក់ទៀត។ 

ក្រសួងសុខាភិបាល បានសម្រេចយកបរិវេណក្រសួងមហាផ្ទៃធ្វើជាទីតាំង ធ្វើតេស្តជាលើកទី២សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល នៅថ្ងៃទី០៧ ធ្នូ នេះ។ ចំណែកពហុកីឡាដ្ឋានជាតិអូឡាំពិក នឹងត្រូវធ្វើនៅថ្ងៃទី០៨ ខែវិច្ឆិកា សម្រាប់ពលរដ្ឋទូទៅ ហើយរីឯពលរដ្ឋតាមខេត្តនីមួយៗត្រូវធ្វើនៅតាមមន្ទីរសុខាភិបាលខេត្តរៀងៗខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស