ក្រុមអ្នកឃ្លាំមើលអំពីផែនការអភិវឌ្ឍសង្គម និងពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ សម្តែងខឹងសម្បាជាខ្លាំងពេលទទួលបានព័ត៌មានថារដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យ ឬធ្វើអនុប្រយោគកាត់ឆ្វៀលដីជាង ៣២ហិកតា មានទីតាំងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ទៅឲ្យឈ្មោះ លី ហាក់ ដែលគេស្គាល់ថា ជាឧកញ៉ាមានទ្រព្យម្នាក់ និងត្រូវជាបក្ខពួករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន។
ក្រុមពលរដ្ឋដែលមានវិវាទដីធ្លីភាគច្រើន រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបើកការស៊ើបអង្កេតទៅលើរដ្ឋមន្ត្រី និងមន្ត្រីថ្នាក់ដឹកនាំរូបណាខ្លះ ដែលឃុបឃិតធ្វើឯកសារដាក់ជូនប្រមុខដឹកនាំ ចុះហត្ថលេខាកាត់ឆ្វៀលដីមានទំហំជាង ៣២ហិកតា ទៅឲ្យឈ្មោះ លី ហាក់ ដែលប៉ះពាល់ ឬរំលោភយកដីពលរដ្ឋជាច្រើនគ្រួសារទៀត ដែលមានដីនៅក្នុងបរិវេណខាងលើនេះ។
ពួកគេ ក៏បានទាមទារឲ្យលោក ហ៊ុន សែន ជួយអង្កេតទៅលើសកម្មភាពដឹកនាំ របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្ន និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ថាតើបានអនុវត្តការងារត្រឹមត្រូវដែរឬទេ ជាពិសេសទៅលើឯកសារសំណើរសុំកាត់ឆ្វៀលដី ចេញពីអនុក្រឹត្យលេខ១១៦ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ មានទីតាំងនៅក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដែលមានទំហំផ្ទៃដីជាង ៣២ហិកតា ទៅឲ្យឈ្មោះ លី ហាក់ ដែលគេស្គាល់ថា ត្រូវជាបក្ខពួក និងជាឧកញ៉ាមានទ្រព្យធនស្តុកស្តមម្នាក់។
ចំណែកមន្ត្រីអង្គការឃ្លាំមើលការគោរពសិទ្ធិមនុស្ស ប្រចាំខេត្តព្រះសីហនុ កត់សម្គាល់ថា ចាប់តាំងពី លោក គួច ចំរើន បានមកដឹកនាំជាអភិបាលខេត្តព្រះសីហនុ គឺមិនសូវឃើញរូបលោក ចុះជួបផ្ទាល់ជាមួយពលរដ្ឋ ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ លើវិវាទដីធ្លីជូន ពលរដ្ឋ ស្របតាមការទាមទារ របស់ពួកគាត់ ឲ្យបានច្រើននោះទេ។
ផ្ទុយទៅវិញ លោក គួច ចំរើន បានគាំទ្រសកម្មភាព របស់មន្ត្រីមានអំណាច ឬឧកញ៉ា ឈ្មួញមានទ្រព្យស្តុកស្តម ដែលបានឃុបឃិតរំលោភប្លន់យកដីពលរដ្ឋ ដោយបានបញ្ជូនកម្លាំងប្រដាប់អាវុធចម្រុះ និងប្រើប្រព័ន្ធតុលាការ ចាប់ពលរដ្ឋដែលហ៊ានចេញមុខតវ៉ាលើវិវាទដីធ្លីដាក់គុកច្រវ៉ាក់ ដោយចោទពលរដ្ឋថា ជាជនអនាធិបតេយ្យ ចូលមកទន្ទានដីរដ្ឋ និងដីឯកជនមានប័ណ្ណកម្មសិទ្ធិដោយខុសច្បាប់ជាដើម។
យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីបំភ្លឺជុំវិញការរិះគន់ពលរដ្ឋទាំងនោះនៅឡើយទេ។
យ៉ាងនេះក្តី យោងតាមឯកសារ ដែល The Cambodia Daily ទើបទទួលបានពីប្រជាពលរដ្ឋតាមបណ្តាញសង្គម Messenger Facebook នៅរសៀលថ្ងៃចន្ទ ទី០៧ ខែធ្នូនេះថា ចំពោះសំណើរកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ១១៦ ផ្តើមដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនភាគី លោក លី ហាក់ ត្រូវបានលោក ហ៊ុន សែន ចុះហត្ថលេខា និងបោះត្រា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រួចរាល់ជាស្ថាពរអស់ទៅហើយ ហើយក៏មិនដឹងថា ប្រមុខដឹកនាំអាចពិនិត្យសើរើឡើងវិញ ឬយ៉ាងណានោះទេ៕