28 C
Phnom Penh

ក្រសួងអប់រំប្រកាសលើកពេលប្រឡងបាក់ឌុបជាថ្មីទៀត ក្រោយផ្ទុះកូវីដ១៩ចូលសហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកពេលប្រឡងថ្នាក់ជាតិជាថ្មីទៀត ក្រោយរដ្ឋាភិបាលបានប្រកាសពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។

សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំនៅថ្ងៃទី៧ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានប្រកាសថា ក្រសួងសម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូនេះ ទៅធ្វើនៅខែមករាឆ្នាំ២០២១វិញ។

សេចក្ដីជូនដំណឹងរបស់ក្រសួងអះអាងថា ការសម្រេចបែបនេះ ដោយអនុលោមការយល់ព្រមតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួងអប់រំបញ្ជាក់ថា ការប្រឡងថ្នាក់ជាតិមួយនេះនឹងលើកទៅពាក់កណ្ដាលខែមករាឆ្នាំក្រោយវិញ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ ក្រសួងថា នឹងជូនដំណឹងនៅពេលក្រោយ។

គិតត្រឹមថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលបានប្រកាសថាព្រឹត្តិការណ៍សហគមន៍២៨ ខែវិច្ឆិកា មានមនុស្សចំនួន៣២នាក់ហើយ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ។ ដោយឡែកក្រសួងបញ្ជាក់ថា មានមនុស្សជាង១ម៉ឺននាក់ហើយ ត្រូវបានរកឃើញថាប៉ះពាល់ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ដោយផ្ទាល់ និងដោយប្រយោល។

នៅព្រលប់ថ្ងៃទី៧ ធ្នូនេះផងដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅកាន់ផ្សារអ៉ីអន១ក្បែរតំបន់កោះពេជ្រ អំឡុងម៉ោង៥៖៣០ល្ងាច ដល់ម៉ោង៧៖៣០នាទីយប់កាលពីថ្ងៃទី២០ ខែវិច្ឆិកា ទាំងអស់ ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវនេះ ធ្វើឡើងដោយក្រសួងទើបរកឃើញថា អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ និងភរិយា រួមទាំងអង្គរក្សដែលផ្ទុកមេរោគកូវីដ១៩ បានទៅទទួលទានអាហារនៅហាងអាហារឈ្មោះហ្វុយជី (Fuji) កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក ឆែម សាវុធ និងភរិយា ព្រមទាំងអ្នកពាក់ព័ន្ធគ្រួសារលោកនេះហើយ ដែលជាដើមហេតុបង្កឱ្យមានការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ បង្កើតជាព្រឹត្តិការណ៍២៨ខែវិច្ឆិកាឡើង។

យ៉ាងណាមកទល់ពេលនេះ ក្រសួងសុខាភិបាលនៅមិនទាន់កំណត់ប្រភពច្បាស់លាស់ ថាតើពួកគេឆ្លងពីណា?ពេលណា ហើយមានប្រភពចម្លងបែបណាប្រាកដនៅឡើយទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស