40.6 C
Phnom Penh

លោកហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងចំនួន២ ត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន បានអះអាងនៅមុនម៉ោងផ្សាយនេះបន្តិច ថាលោកបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អោយត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃជាជំហានដំបូង។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ នេះ បានបញ្ជាក់ថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា លោកបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង  និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន អោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនខ្មែរដោយឥតគិតថ្លៃ។

លោកបន្តថា ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី បានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ លោកបញ្ជាក់ថាថ្នាំវ៉ាក់សាំងមួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ ព្រោះម្នាក់ត្រូវការចាក់២ដង។ ក្នុងពេលកម្ពុជាមានពលរដ្ឋជាង១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំងកូវីដ១៩នេះ។

លោកហ៊ុន សែន អះអាងថាក្នុងស្ថានភាពដែលប្រទេសនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម លោកបានបញ្ជារដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ពលរដ្ឋ។

លោកសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់កម្ពុជានឹងផ្តល់ជំនួយដល់ពលរដ្ឋឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ បុរសខ្លាំងនៅកម្ពុជារូបនេះ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស