38 C
Phnom Penh

ជនទាំងឡាយរំលោភសិទិ្ធមនុស្សនឹងហាមចូលប្រទេសអូស្ត្រាលីហើយទ្រព្យសម្បត្តិត្រូវបានបង្កក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកសភា នៃប្រទេសអូស្ត្រាលីនឹងអនុម័តអោយមានច្បាប់ ហាមជនទាំងឡាយដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស មិនឲ្យជាន់   ទឹកដី ប្រទេសអូស្ត្រាលី ហើយទ្រព្យសម្បត្តិរបស់ជនទាំងនោះ ដែលមាននៅលើទឹកដី នៃប្រទេសនេះក៏នឹងត្រូវបង្កកផងដែរ។ ច្បាប់នេះ នឹងត្រូវសមាជិកសភា អូស្ត្រាលី អនុម័តនៅឆ្នាំក្រោយ ដែលជិតចូលមកដល់។

សារព័ត៌មាន The Sydney Morning Herald បានចុះផ្សាយកាលពីថ្ងៃទី៦ធ្នូនេះថា ការដែលរដ្ឋាភិបាលអូស្ត្រាលី មានវិធានការដូចនេះ បន្ទាប់ពីរដ្ឋាភិបាល ពិចារណា ការដាក់ទណ្ឌកម្ម ទៅលើមន្ត្រីនៃប្រទេសចិន ដែលត្រូវបានចោទ ពីបទរំលោភសិទិ្ធមនុស្ស នៅតំបន់ជីនជាំង និងទៅលើបុគ្គលពាក់ព័ន្ធជាច្រើនទៀត នៃបណ្ដាប្រទេស ដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

កាលពីសប្ដាហ៍មុននេះ គណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិនៃរដ្ឋសភា នៃប្រទេសអូស្ត្រាលី បានអោយដឹងថា សេចក្ដីព្រៀងច្បាប់នេះត្រូវបានពិនិត្យរួចរាល់ហើយ គឺនៅសល់ពេលត្រូវ បញ្ជូនទៅកាន់ គណៈកម្មាធិការនៃកិច្ចប្រជុំរដ្ឋសភា។

ច្បាប់នេះ គឺដូចគ្នានឹងច្បាប់របស់សហរដ្ឋអាមេរិក Magnitsky Act ដែលអនុវត្តរួចទៅហើយ ទៅលើ មន្ត្រីមួយចំនួននៃបណ្ដាប្រទេស រំលោភសិទិ្ធមនុស្ស មានដូចជា ប្រទេសកូរ៉េខាងជើង ប្រទេស អ៊ីរ៉ង់គុយបា វេណេហ្សូអេឡា រស្ស៊ី ចិន កម្ពុជា ជាដើម។

រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បានប្រាប់ សារព័ត៌មាន The Sun-Herald  និង The Sunday Age  ថាច្បាប់ថ្មីនេះនឹងត្រូវបានដាក់អោយចូលជាធរមាននៅឆ្នាំ២០២១នេះ។

អង្គការ Human Rights Watch របស់សហរដ្ឋអាមេរិក បានសាទរមុនគេ ចំពោះជំហររបស់រដ្ឋាភិបាលអូស្ត្រាលី។ តាមសេចក្ដីព្រាងរច្បាប់នេះ រដ្ឋមន្ត្រីក្រសួង ការបរទេស គឺជាអ្នកធ្វើកំណត់ត្រា និងវាយតម្លៃអំពីស្ថានការណ៍ សិទ្ធិមនុស្សនៃបណ្ដាប្រទេស ដែលមន្ត្រី ឬអ្នកមានអំណាចរបស់ប្រទេសនោះ បានប្រព្រឹត្តការបំពានសិទ្ធិមនុស្ស។

ចំណែក ក្រុមអ្នកច្បាប់សិទ្ធមនុស្ស និងសកម្មជនសង្គមក៏បានសាទរផងដែរ។ មេធាវី សិទិ្ធមនុស្ស លោក Geoffrey Robertson បាននិយាយថា រដ្ឋាភិបាល គួរតែមានច្បាប់នេះយូរមកហើយ។ លោកបានផ្ដល់អនុសាសន៍ថា ជនប្រព្រឹត្តអំពើពុករលួយគួរតែត្រូវបានកត់ចូលក្នុងបញ្ជីនៃការបង្កកទ្រព្យសម្បត្តិនេះដែរ ព្រោះជនទាំងនោះ ក៏អាចជាដើមចមនាំអោយមានការរំលោភសិទ្ធិមនុស្ស។

មិនថាឡើយសហរដ្ឋអាសមេរិកនោះទេដែលមានច្បាប់នេះ គឺកាណាដា អង់គ្លេស និងសហភាពអឺរ៉ុបក៏មានផងដែរ។

ពាក្យថា Magnitsky  គឺជាឈ្មោះលោក Sergei Magnitsky ជាមេធាវីជនជាតិរុស្ស៊ី ដែលត្រូវបាន សម្លាប់នៅក្នុងពន្ធនាគារដ៏អាថកំបាំងក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ២០០៨ ក្រោមការដឹកនាំរបស់ បុរសខ្លាំងផ្លាឌីមៀពូទីន ។ ភ្លាមៗនោះ សមាជិកសភានៃប្រទេសអង់គ្លេស បានដាក់ទណ្ឌកម្ម លើមន្ត្រីរុស្ស៊ី ចំនួន៤៩នាក់ក្នុងនោះ មានទាំង រដ្ឋអាជ្ញា និង មន្ត្រីជំនិតរបស់លោកពូទីន  ដែលចោទថា បានខកខានការស៊ើបអង្កេត ករណីឃាតកម្ម លើលោក Sergei Magnitsky ហើយក្នុងមានមន្ត្រីខ្លះ ជាប់ពាក់ព័ន្ធការរំលោភសិទិ្ធមនុស្ស។

អូស្រ្តាលី ជាប្រទេសប្រជាធិបតេយ្យជឿនលឿន ប្រទេសនេះ តែងតែត្រូវបាន អង្គការសិទ្ធិមនុស្ស ជាតិនិងអន្តរជាតិ ទទូចអោយបិទទិដ្ឋការ បង្កកទ្រព្យសម្បត្តិចំពោះ ជនបរទេសណាដែល ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធមនុស្ស និងសិទ្ធសេរីភាព នយោបាយ។

ប្រទេសនេះ ក៏មានភាពលិចធ្លោផងដែរ នៅឯក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាជាតិដែល ចេញមុខប្រឆាំង មេដឹកនាំនិងបុគ្គលមានអំណាចដែល នៅពីក្រោយការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់មេដឹកនាំផ្ដាច់ការទាំងនោះ ។ អូស្ត្រាលី ជាសម្ព័ន្ធរបស់អាមេរិក និងសហភាពអឺរ៉ុបតែងតែប្រឆាំងការដឹកនាំបែបផ្ដាច់ការក្នុងពិភពលោក ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស