35 C
Phnom Penh

អ្នកឃ្លាំមើលសង្គមរិះគន់ថា តំណាងរាស្ត្រអតីតបក្សប្រឆាំង ប្រមាថពលរដ្ឋខ្មែរទៅនឹងសត្វ គឺជាទង្វើអគុណធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្កោលទោស អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិមួយរូបគឺ លោក ឡុង រី ភាគីលោក សម រង្ស៊ី ដែលបានប្រដូចពលរដ្ឋខ្មែរមិនគាំទ្រក្រុមខ្លួនទៅនឹង សត្វ ថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរក្នុងនាមមនុស្សជាតិដូចគ្នា។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ទាមទារឲ្យ មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក ឡុង រី សុំទោសជាសាធារណៈ នូវកំហុសឆ្គងរបស់ខ្លួនដែលបានប្រមាថអ្នកមិនគាំទ្រសេណារីយ៉ូរបស់លោក សម រង្ស៊ី ថាជា សត្វ ដើម្បីបង្ហាញពីការទទួលខុសត្រូវក្នុងនាមជាអ្នកនយោបាយ។

លោកជុំរុញឲ្យ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ គប្បីណែនាំមន្ត្រីរបស់ខ្លួន ឲ្យគោរពក្រមសីលធម៌ វិជ្ជាជីវៈ រក្សាសេចក្តីថ្លៃថ្នូរ និងត្រូវចាត់វិធានការ លើក្រុមសកម្មជនរបស់ខ្លួនណាដែលតែងតែលាបពណ៌ ជេរប្រមាថ និងប្រើពាក្យអសីលធម៌ ទៅកាន់អ្នកដទៃ ដែលមិនគាំទ្រក្រុមខ្លួនកន្លងមកទៀតផង។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពី អតីតសមាជិកសភាគណបក្សប្រឆាំងលោក ឡុង រី បានបង្ហោះសារលើគណនីហ្វេសប៊ុក របស់លោកដែលបានប្រដូចពលរដ្ឋខ្មែរទៅនឹង សត្វធាតុ កាលពីដើម ខែធ្នូ ឆ្នាំ២០២០ នេះ។

មន្ត្រីជាន់ខ្ពស់អតីតគណបក្រសង្គ្រោះជាតិ លោក ឡុង រី កាលពីថ្ងៃទី០៤ ខែធ្នូ បានបង្ហោះសារលើបណ្តាញសង្គមថា «បើមានសត្វខ្លះចង់រស់ក្នុងឋានៈជាសត្វមួយជីវិតនោះ គឺជារឿងរបស់គេ ប៉ុន្តែបើយើងជាមនុស្ស និងជាកូនខ្មែរ យើងត្រូវតែរួបរួមកម្លាំងគ្នាដើម្បីស្ដារប្រទេសកម្ពុជាឡើងវិញ»

កាលើកឡើងនេះបន្ទាប់ពីមានការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដើម្បីរកការផ្សះផ្សាជាតិ ដែលរងការរិះគន់ពីមជ្ឈដ្ឋាននានាយ៉ាងធ្ងន់ធ្ងរ។

ក្រុមអ្នកឃ្លាំមើល ទាមទារឲ្យលោក សម រង្ស៊ី ដឹកនាំយុទ្ធនាការនេះដោយផ្ទាល់ជំនួសវិញ ប្រសិនបើ ផែនរកការផ្សះផ្សាជាតិនេះ មិនបានប្រគល់ឲ្យលោក កឹម សុខា ជាអ្នកដឹកនាំទេនោះ។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍នេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមិនិវត្តន៍ម្តងរួចមកហើយ ដោយអំពាវនាវឲ្យមន្ត្រីរាជការស៊ីវិល មន្ត្រីយោធា កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរជាពិសេស សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចូលរួមផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាមួយរូបលោកដើម្បីយកអំណាចជូនប្រជាពលរដ្ឋខ្មែរវិញ។

ជាងនេះទៀត លោក សម រង្ស៊ី បានរិះគន់ថា លោកមិនរំពឹងទៅលើស្ថាប័នណាមួយឡើយ ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋាភិបាលលោក ហ៊ុន សែន គឺលោករំពឹងតែអ្នកចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា របស់លោកប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោ មុត ចន្ថា មន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ពិតជាហួសហេតុណាស់ដែលអ្នកនយោបាយប្រមាថពលរដ្ឋខ្មែរទៅនឹងសត្វ បែបនេះ។ លោកថា ការលើកឡើងនេះ បង្ហាញឲ្យឃើញថា មន្ត្រីបក្សប្រឆាំងរូបនេះជាអ្នកនយោបាយដែលខ្វះចំណេះដឹង និងគ្មានសតិសម្បជញ្ញៈ ទៀតផង។

ចំណែក បណ្ឌិត ឡៅ ម៉ុងហៃ បានប្រតិកម្មថា ពួកគេគួរតែចំណាយ កម្លាំងកាយ កម្លាំងបញ្ញា និងពេលវេលា រកគំនិតថ្មី យុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយវិបត្តិនយោបាយដែលបានកើតមាននៅកម្ពុជាសព្វថ្ងៃនេះ ទើបជាការប្រសើរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស