31 C
Phnom Penh

អតីតមន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជាបង្ហាញក្តីបារម្ភចំពោះការប្រើប្រាស់មូលនិធិ បង្កាជំងឺកូវីដ១៩ របស់សប្បុរសជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលអះអាងថា ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តចំពោះសាធារណ:ជន ទៅលើការគ្រប់គ្រង និងប្រើប្រាស់ថវិកា មូលនិធិដើម្បីថ្នាំបង្កា ជំងឺកូវីដ១៩ រដ្ឋាភិបាលគួរតែបង្កើតគណ:កម្មាធិការគ្រប់គ្រង ដែលមានសមាសភាពចូលរួមពីគ្រប់ភាគី ដើម្បីធានាថា គ្មានអំពើពុករលួយ។

អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់លោកថា គណកម្មាធិការ អាចធានាតម្លាភាពលើថវិការបស់សប្បុរសជនដែលបានចូលរួមក្នុងមូលនិធិ ដើម្បីថ្នាំបង្កា ជំងឺកូវីដ១៩ ដែលអាចជឿទុកចិត្តបាន ក្នុងនោះរួមមាន ព្រះមហាក្សត្រខ្មែរគង់ជាព្រះប្រធានកិត្តិយស។ 

រីឯ តំណាងរដ្ឋាភិបាល ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី គឺជាប្រធានប្រតិបត្តិ ចំណែក តំណាងអង្គការសង្គមស៊ីវិល ជាសមាជិក តំណាងអង្គការសុខភាពពិភពលោក (WHO) ជាអ្នកសង្កេតការណ៍ និងតំណាងសភាពាណិជ្ជកម្ម ឬវិស័យឯកជន ជាសមាជិក។

លោកបញ្ជាក់ថា លោកមានបំណងចូលរួមចំណែកលើកកម្ពស់វប្បធម៌ចែករំលែកតាមរូបមន្តសមធម៌ ដោយមានការចូលរួមថវិកាពីមហាជនតាមលំដាប់ជីវៈភាពរបស់ពួកគេ មានកម្រិតខ្ពស់ មធ្យម និងកម្រិតទាប ដើម្បីលើកកំពស់ និងការពារសុខភាពរបស់ពួកគាត់ ជាជាងរំពឹង ឬទទូចសុំអំណោយតែពីឧកញ្ញាដប់-ម្ភៃនាក់ គ្រប់ពេលវេលា ដែលមានវត្តមាន តែមុខដដែលៗ នោះ។

លោក ព្រាប កុល សង្កត់ធ្ងន់ថា ការធ្វើបែបនេះកម្ពុជាអាចមានថវិកាគ្រប់គ្រាន់ដើម្បីទិញ វ៉ាក់សាំង ដែលធានាគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាព សម្រាប់ពលរដ្ឋខ្មែរ និងអាចធានាបាននូវសេចក្តីសុខ ហើយប្រជាពលរដ្ឋនឹងមានអារម្មណ៍ធូរស្បើយ ពីភាពតានតឹងដូចស្ថានភាពសព្វថ្ងៃនេះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ប្រកាសទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជននានា ដើម្បីទិញថ្នាំបង្កា ជំងឺកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នេះ។

លោក ហ៊ុន សែន បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ធ្នូ នេះ ដោយបង្ហាញពីមោទនៈភាពថា ថវិកាដែលសប្បុរសជនបានចូលរួមរហូតមកទល់នឹងថ្ងៃនេះមានចំនួនជាង ៣០លាន ដុល្លារសហរដ្ឋអាមេរិកហើយ។ ជាងនេះទៀត លោកបានចាត់ទុកថា ថវិកាទាំងនេះ ជាការគាំទ្រយ៉ាងធំធេង និងជាខឿន ការពារសុខភាពពលរដ្ឋយ៉ាងរឹងមាំ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានបង្ហោះសារសំលេង ជិត ៩នាទី បានត្អូញត្អែរពីការខ្វះខាតថវិកា ដែលនឹងត្រូវចំណាយលើ ថ្លៃទិញថ្នាំបង្កា ជំងឺកូវីដ១៩ នេះ។

លោក បញ្ចាក់ថា ជំហានដំបូងកម្ពុជាបញ្ជាទិញត្រឹមតែ ១លាន ដុសសិនប៉ុណ្ណោះ ក្នុងទំហំនេះគឺអាចប្រើលើមនុស្សបានចំនួន ៥០ ម៉ឺននាក់ ដែលក្នុងនោះនឹងត្រូវផ្តល់តែទៅលើមន្ត្រីរាជការជាអាទិភាព ដូចជា គ្រូពេទ្យ គ្រូបង្រៀន មន្ត្រីតុលាការ មេធាវី មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការអាទិភាពផ្សេងទៀតផងដែរ។ នៅថ្ងៃទី៨ ធ្នូ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានពាក់ព័ន្ធក្នុងព្រឹត្តការណ៍ ២៨ វិច្ឆិកា ដោយផ្ទាល់ និងប្រយោល ត្រូវនាំគ្នា រូតរះទៅធ្វើតេស្ត ជាលើកទី២ នៅបរិវេណពហុកីឡាដ្ឋានជាតិ អូឡាំពិច ជាកំហិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស