34 C
Phnom Penh

លោក កឹម សុខា អំពាវនាវឱ្យសប្បុរសជនជាតិ និងអន្តរជាតិជួយថវិកាដល់រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជួយពលរដ្ឋខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅដោយការបាត់បង់សេរីភាពនៅឡើយ លោក កឹម សុខា បានចេញមុខគាំទ្រ ដល់វិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា និងស្នើឱ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពារមេរោគកូវីដ១៩។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ នេះ បានប្រកាសគាំទ្រនូវគម្រោងផែនការដែលដាក់ចេញ ដោយលោក ហ៊ុន សែន ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។

ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះសម្តែងការអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនពលរដ្ឋខ្មែរ។

លើសពីនេះ លោក សូមលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩ នេះ។

ទន្ទឹមនឹងនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមលោកផ្ទាល់ លោកក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩នេះ ដើម្បីចាក់ជូនពលរដ្ឋខ្មែរ តាមលទ្ធភាព ប្រកបដោយមនុស្សធម៌ផងដែរ។

ត្បិតតែជាមេបក្សប្រឆាំងដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយ លោក កឹម សុខា តែងបង្ហាញឆន្ទៈក្នុងការរួមចំណែកជួយដល់ពលរដ្ឋតាមរយៈរដ្ឋាភិបាល និងតាមរយៈខ្លួនឯងផ្ទាល់ ដោយគ្មានការរារែក ដោយបង្ហាញពីភាតរភាព គ្មានការយកខ្មែរជាសត្រូវ និងមិនមែនប្រឆាំងគ្រប់ពេលនោះឡើយ។

ជាក់ស្តែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ លោកបានចូលរួមថវិកាទៅរដ្ឋាភិបាលចំនួន៥ពាន់ដុល្លារ ហើយក្រោយមកទៀតលោកក៏បានចូលរួមថវិកាមួយចំនួនក្នុងការសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទៀតផង។

លើសពីនេះ លោកនឹងក្រុមការងារ ក៏បាននាំយកជំនួយសប្បុរសជនពីក្នុង និងក្រៅប្រទេសទៅចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា ថវិកាបានពីសប្បុរសជនបរិច្ចាគជូនរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនជាង ៣០លានដុល្លារហើយ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨ខែធ្នូ បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៤៣នាក់។

ដោយឡែកក្នុងព្រឹត្តិការណ៍២៨ខែវិច្ឆិកា ដែលនាំឱ្យមានការឆ្លងកូវីដ១៩ចូលទៅក្នុងសហគមន៍នោះ នៅថ្ងៃអង្គារ៍នេះ ក្រសួងបានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកឆ្លងក្នុងព្រឹត្តិការណ៍២៨ខែវិច្ឆិកានេះ កើនឡើងចំនួន៣៤នាក់។ ក្រសួងអះអាងថាសម្រាប់អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨ខែវិច្ឆិកានេះទៀតសោត បានកើនឡើងជាង១ម៉ឺននាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស