29 C
Phnom Penh

ជនផ្ដាច់ការវេណេហ្សូអេឡា អួតពីជ័យជម្នះក្នុងការបោះឆ្នោតសភា ពុំមានបក្សប្រឆាំងចូលរួមប្រកួត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការបោះឆ្នោតមួយដែលពុំមាន គូប្រកួតមានថាមពលដូចគ្នា គឺប្រៀបនឹងព្រឹត្តិការណ៍កីឡារត់ប្រណាំង ដែលប្រកួតរវាង កីឡាករមួយមានថាមពលខ្លាំងក្លាជាមួយជនពិការតែប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះគឺជាព្រឹត្តិការណ៍ ដែលធ្វើឡើងគ្រាន់តែបង្រ្គប់ស្ថានការណ៍ ហើយបិទការប្រកួតជាមួយនឹងទស្សនិកជនស្រែកអបអរសាទរ ដោយការបង្ខិត បង្ខំ សម្លុតគំរាមកំហែក និងទិញទឹកចិត្តប៉ុណ្ណោះ។

ការបោះឆ្នោតបែបនេះ ច្រើនតែកើតមានតែនៅប្រទេសដែលប្រកាន់របបបែបផ្ដាច់ការ។ ប្រទេសដែលមានមេដឹកនាំផ្ដាច់ការគឺមិនដែល ផ្ដល់ឱកាសអោយគូប្រកួត បានឡើងលើសង្វៀន ដោយមានអាជ្ញាកណ្ដាល ឯករាជ្យ អព្យាក្រឹត្យ ត្រឹមត្រូវនោះទេ។

អាជ្ញាកណ្ដាល ដែលជាអ្នកកាត់សេចក្ដីឈ្នះចាញ់ គឺជាមនុស្សលំអៀង ជាចៅក្រម របស់បុរសខ្លាំង។ បើនៅប្រទេស ប្រជាធិបតេយ្យពិតប្រាកដ ចៅក្រមបែបនេះ គ្រាន់តែ ចុះពីលើសង្វៀនភ្លាម គឺអាចនឹងត្រូវដបទឹករបស់ទស្សនជនជាពុំខាន។ តែសម្រាប់ប្រទេសផ្ដាច់ការ រង្វាន់ពិតជាលើកដាក់លើថាស ជូនដល់ផ្ទះចៅក្រមនោះទៀតផង។ 

និយាយពីការបោះឆ្នោតសភានៃប្រទេសវេណេហ្សូអេឡា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី៦ធ្នូ ឆ្នាំ២០២០នេះ។ ព្រឹត្តិការណ៍នេះ វាមិនខុសនឹង ព្រឹត្តិការណ៍រត់ប្រណាំង ដែលប្រកួតរវាង កីឡាករមួយមានថាមពលខ្លាំងក្លាជាមួយនឹងជនពិការតែប៉ុណ្ណោះ។

ទោះជាដឹងថា អ្នកចេញទៅបោះឆ្នោត បានត្រឹមតែ៣១%ក៏ដោយ ក៏ ក្រុមប្រឹក្សា រៀបចំបោះឆ្នោតរបស់ប្រទេសដែលមានមេដឹកនាំផ្ដាច់ការ មួយនេះ នៅតែប្រកាសថាជ័យជម្នះបានទៅលើបក្ស សង្គមនិយមរួបរួម របស់លោកនីកូឡាស់ម៉ាឌូរ៉ូ។

តាមគោលការណ៍ប្រជាធិបតេយ្យ បើចំនួនអ្នកចេញទៅបោះឆ្នោត មិនលើស៥០% គឺគណៈកម្មការរៀបចំការបោះឆ្នោត ត្រូវប្រកាស ទុកជាមោឃៈនៃលទ្ធផលបោះឆ្នោត ហើយ ត្រូវរៀបចំបោះឆ្នោត ម្ដងទៀតគឺ លុះត្រាពលរដ្ឋចេញទៅបោះឆ្នោត លើល៥០% ហើយការបោះឆ្នោតត្រូវតែមានភាពសេរី ត្រឹមត្រូវ ហើយបើកចំហ អោយបក្សនយោបាយទាំងអស់ ទោះជាបក្សប្រឆាំងធំណាមួយមានថាមពល ប្រហាក់ប្រហែលនឹងបក្សកាន់អំណាចក៏ដោយ។ មានន័យថា មេដឹកនាំនៃប្រទេសបែបនេះ ពុំបានរកយុទ្ធវិធី កំចាត់ បក្សនយោបាយខ្លាំងចេញពី វេទិកាប្រកួតឡើយ គឺឈ្នះចាញ់ អាស្រ័យទៅលើ ឆន្ទៈរបស់ អ្នកបោះឆ្នោត ។

ចំណែក ប្រទេសវេណេហ្សូអេឡា គឺផ្ទុយពីគោលការណ៍នេះយ៉ាងខ្លាំង។ លោក ម៉ាឌុយរ៉ូ អះអាងថាបក្សរបស់ លោកទទួលបានសំឡេងចំនួន៦៨%នៅទូទាំងប្រទេស។ តែធាតុពិតការបោះឆ្នោតសភាលើនេះត្រូវបានក្រុមបក្សប្រឆាំងធំៗ ធ្វើពហិកា ហើយមានប្រជាជនចំនួនតែ៣១% ប៉ុណ្ណោះចេញទៅបោះឆ្នោត។នេះបើយោងតាម បណ្ដាញផ្សាយព័ត៌មាន CNN ។

ការឈ្នះបានអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតសភា នាំឲ្យបក្សកាន់អំណាចរបស់លោក នីកូឡាស ម៉ាឌូរ៉ូ គ្រប់គ្រងស្ថាប័ននីតិបញ្ញត្តិ ដែល បក្សប្រឆាំងដឹកនាំដោយលោក Juan Guaido បានឈ្នះ ភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៥ ។ លោក Indira Alfonzo គឺជាប្រធានក្រុមប្រឹក្សាបោះឆ្នោតវ៉េណេហ្សូអេឡា ។ លោកបានប្រកាសថា បក្សសង្គមនិយមរួបរួម របស់លោក ម៉ាឌូរ៉ូ ទទួលបានអាសនៈភាគច្រើន  ដែលនាំអោយបក្សនេះ អាចគ្រប់គ្រងរដ្ឋសភាដែលមានអាសនៈចំនួន២២៧។

ការបោះឆ្នោតលើកនេះ មានការប្រកួតប្រជែងដោយបក្សនយោបាយជាង១០០ ចូលរួមតែពុំមានបក្សប្រឆាំងដែលមានកម្លាំងនយោបាយខ្លាំងដូចបក្សកាន់អំណាចនោះទេ។ 

បក្សប្រឆាំង តូចៗ ដែលអ្នកសង្កេតការណ៍ថា ត្រូវបានលោក ម៉ាឌូរ៉ូទិញ ទឹកចិត្ត និងខ្លះទៀត រងការគំរាមចាប់ដាក់គុក មានដល់ជិត១០០បក្ស គឺបានសំឡេង តែ ១៨%ប៉ុណ្ណោះ។

លោក Juan Guaido មេដឹកនាំបក្សប្រឆាំង ដែលជាប្រធានរដ្ឋសភាចេញពីការបោះឆ្នោត កាលពីឆ្នាំ២០១៥ បានប្រកាសអោយសហគមន៍អន្តរជាតិ ទាត់ចោលលទ្ធផលបោះឆ្នោតនេះ ហើយជំរុញអោយមាន ការរៀបចំការបោះឆ្នោត ប្រធានាធិបតីដែលជាសេចក្ដីត្រូវការបន្ទាន់របស់ ប្រជាជនវេណេហ្សូអេឡា។

លោកអះអាងថា ការបោះឆ្នោតលើកនេះ មានការបន្លំតួលេខអ្នកចេញទៅបោះឆ្នោត ដែលលោកថា ការដែលមានប្រជាជនត្រឹមតែ៣១%ចូលរួមបោះឆ្នោតបង្ហាញថា ពលរដ្ឋវេណេហ្សូអេឡាពិតជាមិនបាន អោយតម្លៃការបោះឆ្នោតនេះទេ។

លោក Guaido  គឺជាប្រធានាធិបតីស្តីទី នៃប្រទេសវេណេហ្សូអេឡាដែលមានការទទួលស្គាល់ពីបណ្តាប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក គឺមានជិត៦០ប្រទេស  ជាប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យជឿនលឿន។

រដ្ឋមន្រ្តី ការបរទេសអាមេរិក លោកMike Pompeo  បានបញ្ចេញទស្សនៈ របស់លោក នៅលើ Twitter ដោយ រិះគន់ការបោះឆ្នោតនេះ។ លោករៀបរាប់ថា  ថា អ្វីដែលកើតឡើងនៅថ្ងៃបោះឆ្នោតថ្ងៃនេះ គឺជាការបោកប្រាស់ និងជារឿងអាម៉ាស់ មិនមែនជាការបោះឆ្នោតត្រឹមត្រូវឡើយ។

នៅចំពេល លោក ម៉ាឌូរ៉ូ រៀបចំអោយមានព្រឹត្តិការណ៍បោះឆ្នោត គឺសហភាពអឺរ៉ុបបានសម្រេចបន្ថែមទណ្ឌកម្មលើរបបលោកម៉ាឌូរ៉ូថែមទៀត។ ក្នុងការបោះឆ្នោត នេះ គឺសហភាពអឺរ៉ុប និងអង្គការរដ្ឋអាមេរិកហៅកាត់ថា OAS មិនបានបញ្ជូនអ្នកសង្កេតការណ៍ទៅ ឃ្លាំមើលការបោះឆ្នោតនោះទេ ទោះជាលោកម៉ាឌូរ៉ូបានស្នើក៏ដោយ។

របបនិងសង្គមទាំងមូលនៃប្រទេសវេណហ្សូអេឡា  កំពុងរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារការធ្លាក់ចុះនៃតម្លៃប្រេង ករណីអំពើពុករលួយ និងការទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដោយសារវិបត្តិនយោបាយ និងសេដ្ឋកិច្ច  បាននាំអោយប្រជាជនប្រទេសនេះជាង៥លាននាក់ បានរត់ទៅរកការងារធ្វើនៅប្រទេសជិតខាង ។

ទោះជាបែបនេះក្ដី លោកប្រធានាធិបតី ម៉ាឌូរ៉ូ នៅតែបន្តគ្រប់គ្រងអំណាចបានដោយសារមានការគាំទ្រពីពួកឧត្តមសេនីយ៍  និងការគាំទ្រពីប្រទេស ចិន គុយបា រុស្ស៊ី អ៊ីរ៉ង់ តួកគី កូរ៉េខាងជើង កម្ពុជា ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស