41.3 C
Phnom Penh

សហជីពជប៉ុនព្រមានថា ក្រុមហ៊ុនដែលបានរំលោភសិទ្ធិការងារពលករខ្មែរអាចនឹងប្រឈមមុខនឹងផ្លូវច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូដែលការពារផលប្រយោជន៍កម្មករខ្មែរ ព្រមានធ្ងន់ៗថា ក្រុមហ៊ុន ហៃយ៉ាស់ស៊ិ កេងខូ (Hayashi KengKo) ដែលបានរំលោភច្បាប់ការងារ និងរំលោភសិទ្ធកម្មករខ្មែរកន្លងមក ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ប្រសិនបើមិនចង់ប្រឈមមុខនឹងផ្លូវច្បាប់ទេនោះ។

មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ បានប្រាប់សាព័ត៌មាន The Cambodia Daily ថា ក្រុមហ៊ុន ហៃយ៉ាស់ស៊ិ កេងខូ (Hayashi KengKo)  បានធ្វើទុក្ខបុកម្នេញ ប្រើអំពើហិង្សា និងគម្រាមកំហែងដល់ពលករខ្មែរ និងពលករបរទេសផ្សេងទៀតផង ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។

លោកថា ក្រុមហ៊ុននេះបានកិបកេងថវិការបស់រដ្ឋាភិបាលដែលប្រកាសជួយដល់កម្មករគ្រប់គ្នា ដែលខកខានពីការងារដោយសាតែ ជំងឺកូវីដ១៩ អស់រយៈពេលជិតមួយឆ្នាំមក។

លោកបន្តថាក្រុមហ៊ុនមួយនេះ បានបើកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនពលករបរទេសបានត្រឹមតែ ២ ខែ ប៉ុណ្ណោះ ខណៈថវិកាដែលត្រូវបើក ៨ខែផ្សេងទៀត ត្រូវក្រុមហ៊ុនកេងប្រវ័ញ្ចយកទាំងអស់។

លោក មូណាប៊ូ សាតុ បញ្ជាក់ថា លោកនឹងចរចាជាមួយក្រុមហ៊ុនក្នុងជំហានដំបូង ដើម្បីឲ្យពួកគេបើកប្រាក់ដែលនៅសល់ទាំងអស់ជូន    ពលករខ្មែរវិញ ប៉ុន្តែប្រសិនបើ ក្រុមហ៊ុនបដិសេធមិនព្រមធ្វើតាមសំណើរទេនោះ លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការ និងដាក់ញ្ញត្តិទៅក្រសួងការងារដើម្បីឲ្យពួកគេធ្វើការស្រាវជ្រាវ និងស៊ើងអង្កេតលើបញ្ហានេះឲ្យខានតែបាន។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន សំណង់មួយឈ្មោះ ហៃយ៉ាស់ស៊ិ កេងខូ (Hayashi KengKo) បានរំលោភ ច្បាប់ការងារប្រទេសជប៉ុន និងបានរំលោភសិទ្ធិការងារពលករខ្មែរ ព្រមទាំងបានលួចលាក់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ដែលបានប្រកាសផ្តល់ជូនពលករក្នុងអំឡុង វិបត្តិកូវីដ១៩ តាំងពីដើមខែមេសា ឆ្នាំ២០២០ កន្លងមក។

ក្រសួងការងារជប៉ុនបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីដើមខែមេសា ឆ្នាំ២០២០ នេះ ថា ក្រសួងនឹងឧបត្ថម្ភសាច់ប្រាក់ចំនួន ១០០% នៃប្រាក់ខែ របស់ពលករទាំងនោះ ជារៀងរាល់ខែតាមរយៈក្រុមហ៊ុនដែលពួកគេកំពុងបម្រើការសព្វថ្ងៃ ក្នុងនោះមាន ទាំងពលករជប៉ុន និងពលករបរទេសផងដែរ។

ក្រុមហ៊ុន ហៃយ៉ាស់ស៊ិ កេងខូ (Hayashi KengKo)  ដែលជាក្រុមហ៊ុនបម្រើខាងវិស័យសំណង់ក្នុងប្រទេសជប៉ុនមានការិយាល័យធំស្ថិតក្នុងទីក្រុង អូសាកា និងមានសាខាចំនួន ៥ កន្លែង ទូទាំងប្រទេស ព្រមទាំងមានបុគ្គលិកសរុប ១៥០ នាក់ មិនបានអនុវត្តតាមការណែនាំរបស់ក្រសួងក្រសួងនោះឡើយ។

ទាក់ទិននឹងការំលោភសិទ្ធិការងានេះ ពលករខ្មែរដែលកំពុងបម្រើរក្នុងប្រទេចជប៉ុនសព្វថ្ងៃ លោក ជា វណ្ណា ដែលមានស្រុកកំណើតនៅ សង្កាត់កាកាប រាជធានីភ្នំពេញ និងលោក ប៉ិច ចាន់ណា ដែលមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ បានត្អូញត្អែរប្រាប់ សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្រុមហ៊ុន ហៃយ៉ាស់ស៊ិ កេងខូ (Hayashi KengKo) តែងប្រើអំពើហិង្សាមកលើពួកគេ និងពលករបរទេសដទៃទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

នៅរសៀលថ្ងៃទី០៩ ខែធ្នូ នេះ មូណាប៊ូ សាតុ បាននាំពលករខ្មែរដែលរងការរំលោភបំពានទាំងនោះទៅជួបមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យពួកគេជួយសើរ៉ើអំពីបញ្ហានេះ។ ក្នុងនោះមន្ត្រីក្រសួងយុត្តិធម៌អះអាងថា ពួកគេនឹងជួយរៀបចំផ្លូវច្បាប់គ្រប់បែបយ៉ាងដើម្បីឲ្យក្រុមហ៊ុន ហៃយ៉ាស់ស៊ិ កេងខូ (Hayashi KengKo) ផ្តល់សំណងទាំងនោះទៅពលករខ្មែរទាំងនោះវិញ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស