មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ព្រមានថា ពលរដ្ឋខ្មែរនិងវិនិយោគិនមួយចំនួន កំពុងព្រួយបារម្ភអំពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជាដែលអាចនឹងកើនឡើងជាងមុន នៅពេលមានមាតុភូមិនិវត្តន៍របស់ លោក សម រង្សី និងអ្នកស្រី មួរ សុខហួរ ព្រមទាំងសហការីនយោបាយដទៃទៀត។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅកម្ពុជា លោក មាជ សុវណ្ណារ៉ា អះអាងថា ការបង្រួបបង្រួមជាតិ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសអ្នកដឹកនាំគ្រប់រូប មិនត្រូវប្រើវិធីសងសឹករវាង ខ្មែរ និង ខ្មែរ នោះទេ ត្បិតការប្រើល្បិចដាក់គ្នាទៅវិញទៅមក នាំឲ្យបែកបាក់សង្គមកម្ពុជាកាន់តែធ្ងន់ធ្ងរថែមទៀតប៉ុណ្ណោះ ។
លោក ចោទជាសំនួរថា តើមាតុភូមិនិវត្តន៍របស់អ្នកនយោបាយជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ធ្វើឡើងដើម្បីស្វែងរកការចរចា ដែលនឹងឈានទៅរកការផ្សះផ្សាជាតិ រវាងភាគីនយោបាយបក្សកាន់អំណាច និងអតីតបក្សសង្គ្រោះជាតិ ឬគ្រាន់តែជាការធ្វើបដិវត្តន៍ក្នុងបំណងដើម្បីផ្តួលរលំគូរបក្ខដិបក្ខរបស់ខ្លួន ឬយ៉ាងណា?
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ពលរដ្ឋខ្មែរចង់ឃើញកម្ពុជា ដើរលើមាគ៌ាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ការបង្រួបបង្រួមជាតិ និងឯកភាពជាតិ របស់អ្នកនយោបាយខ្មែរគ្រប់រូប ប្រកបដោយសន្តិវិធី និងអហិង្សា ទោះពួកគេមាននិន្នាការខុសគ្នាយ៉ាងណាក៏ដោយ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស អះអាងថា ពួកគេនឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខ ក្នុងបំណងរកការចរចាជាមួយ លោក ហ៊ុន សែន ដើម្បីផ្សះផ្សាជាតិឡើងវិញ និងឈានទៅរកការបញ្ចប់វិបត្តិនយោបាយកន្លងមទៀតផង។
កាលពីថ្ងៃទី០១ ខែធ្នូ គណបក្សសង្គ្រោះជាតិភាគី លោក សមរង្ស៊ីបាន ប្រកាសថា មន្ត្រីជាន់ខ្ពស់របស់ខ្លួន គឺអ្នកស្រី មួរ សុខហួរ នឹងដឹកនាំ សមាជិក ព្រមទាំងសកម្មជន អតីតបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសត្រឡប់ចូលទៅកម្ពុជាវិញឲ្យខានតែបាន។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្រកាសពីការធ្វើមាតុភូមិនិវត្តន៍មន្ត្រីជាន់ខ្ពស់របស់ខ្លួនដែលដឹកនាំដោយអនុប្រធានអតីតបក្សប្រឆាំង បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដែលពួកគេទាមទារឲ្យ លោក សម រង្ស៊ី ជាអ្នកដឹកនាំដោយផ្ទាល់ក្នុង ព្រឹត្តការណ៍ ០៤ មករា ឆ្នាំ២០២១ ខាងមុខ។
ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការប្រគល់តួនាទីដល់ អ្នកស្រី មួរ សុខហួរ ដឹកនាំសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍ ដើម្បីរកការផ្សះផ្សាជាតិ និងឈានដល់ការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជានេះ ហាក់បង្ហាញឲ្យឃើញថា ពួកគេបានទាត់ចោលស្មារតីបង្រួបបង្រួមជាតិ និងនយោបាយអហិង្សារបស់លោក កឹម សុខា ដែលលោកកំពុងតស៊ូតាមរយៈនយោបាយការទូត និងតាមប្រព័ន្ធយុត្តិធម៌កម្ពុជា នៅក្នុងប្រទេសទាំងស្រុង។
ទាក់ទិននឹងបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដើម្បីផលប្រយោជន៍ជាតិ និងមុខមាត់កម្ពុជា អ្នកនយោបាយត្រូវងាកមករកការពិភាក្សាគ្នាដោយតម្កល់ប្រយោជន៍ជាតិជាធំ។ លោកបន្តថា បើគ្មានការឯកភាពជាតិទេ វិបត្តិទាំងឡាយនៅកម្ពុជាក៏គ្មានថ្ងៃបញ្ចាប់បានដែរ។
លោក អះអាងថា អ្នកនយោបាយខ្មែរគ្រប់ភាគី មិនគួរបណ្តែតបណ្តោយឲ្យវិបត្តិនយោបាយ និងសេដ្ឋកិច្ច បន្តញាំញីកម្ពុជា ទៀតនោះទេ ត្បិតមានតែ ខ្មែរ និងខ្មែរ ប៉ុណ្ណោះដែលអាចចាប់ដៃគ្នាដើម្បីការពារ អធិបតេយ្យជាតិ ឯករាជភាព បូរណភាពទឹកដី និងស្តារមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ឡើងវិញ។
ចំណែកស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ហ្គន់សាឡេស ដេវិតសុន កាលពីដើមខែធ្នូ បានរិះគន់ក្នុងកម្មវិធី Idea Talk របស់សាព័ត៌មាន The Cambodia Daily ថា អ្នកនយោបាយដែលតែង លើកឡើងថា នឹងវិលទៅកម្ពុជាដើម្បីដកអំណាចពីលោក ហ៊ុន សែន ប្រគល់ជូនពលរដ្ឋខ្មែរវិញ ដែលទំនងសំដៅដល់លោក សម រង្ស៊ី ថា ការនិយាយបែបនេះមិនមែនជាដំណោះស្រាយ នយោបាយសម្រាប់កម្ពុជានោះទេ៕