31 C
Phnom Penh

ក្រុមអង្គការជាតិ និងអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ការពារសុខមាភាពអ្នកជាប់ឃុំ ពីការឆ្លងជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានជំរុញឲ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ ការពារសិទ្ធិអ្នកជាប់ឃុំ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមន្ត្រីពន្ធនាគារមួយចំនួនត្រូវបានរកឃើញថា ឆ្លងជំងឺនេះ។

អង្គការលើកលែងទោសអន្តរជាតិ(Amnesty International)  អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី៨ខែធ្នូ ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ទាន់ដើម្បីការពារសុខមាភាពរបស់អ្នកដែលកំពុងជាប់ឃុំឃាំង មន្ត្រីពន្ធនាគារ និងអ្នកពាក់ព័ន្ធពន្ធនាគារឱ្យបានទូលំទូលាយ។

ការអំពាវនាវនេះ ក្រោយពេលរដ្ឋាភិបាលរកឃើញមន្ត្រីគ្រួសារអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឆែម សាវុធ និងមន្ត្រីពន្ធនាគារមួយចំនួនឆ្លងកូវីដ១៩ ខណៈមន្រ្តីទាំងនោះបានចុះទៅពន្ធនាគារក្នុងពេលដែលពួកគេបានឆ្លងវីរុសរួចហើយ ហើយបញ្ហានេះ អាចបង្កហានិភ័យខ្ពស់ក្នុងការចម្លងទៅកាន់អ្នកជាប់ឃុំដទៃទៀត។

សេចក្តីថ្លែងការណ៍រួមដដែល លើកឡើងថា រដ្ឋាភិបាលគប្បីធ្វើតេស្តរកកូវីដ១៩យ៉ាងម៉ត់ចត់លើអ្នកដែលជាប់ពន្ធនាគារ ដោយអនុវត្តវិធានការណ៍អនាម័យ និងការរក្សាគម្លាតពីគ្នា ក្នុងពន្ធនាគារឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះចាត់វិធានការភ្លាមៗ ដើម្បីកាត់បន្ថយចំនួនអ្នកជាប់ឃុំលើសចំនួននៅក្នុងបន្ទប់ពន្ធនាគារ។

សេចក្តីថ្លែងការណ៍ដដែល មើលឃើញថាដោយសារចំនួនអ្នកជាប់ឃុំច្រើនពេកនៅក្នុងពន្ធនាគារ  កង្វះការទទួលបានការព្យាបាលវេជ្ជសាស្រ្តគ្រប់គ្រាន់ ការប្រើប្រាស់សាប៊ូ និងទឹកស្អាត ដើម្បីអនុវត្ត               វិធានការអនាម័យប្រកបដោយសុវត្ថិភាព។ បញ្ហានេះ ធ្វើឱ្យពលរដ្ឋជិត ៤ ម៉ឺននាក់ដែលកំពុងជាប់ពន្ធនាគារកំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយអាចស្លាប់ប្រសិនបើពួកគេឆ្លងជំងឺកូវីដ១៩។ 

ប្រភពដដែលបន្តថា មន្រ្តីពន្ធនាគារជាង ២៥០ នាក់នៅក្នុងពន្ធនាគារតែមួយត្រូវបានគេរាយការណ៍មកថា បានធ្វើតេស្តរកមេរោគកូវីដ១៩ ប៉ុន្តែពុំមានទណ្ឌិត ឬអ្នកជាប់ឃុំនៅក្នុងមណ្ឌលកែប្រែទី១ ឬគុកព្រៃស ណាម្នាក់ ត្រូវបានគេធ្វើតេស្តិ៍រកកូវីដ១៩នៅឡើយទេ។ ទោះបីជាមនុស្សដែលអ្នកជាប់ឃុំ មានទំនាក់ទំនងជាមួយអ្នកដែលរកឃើញថាវិជ្ជមានកូវីដ១៩ក្តី។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានអំពាវនាវដល់អាជ្ញាធរកម្ពុជាចាត់វិធានការជាបន្ទាន់ដើម្បីការពារសិទ្ធិរស់រានមានជីវិត និងសុខភាពរបស់មនុស្សគ្រប់គ្នាពិសេសក្រុមមនុស្សដែលត្រូវបានរដ្ឋាភិបាលដកហូតសិទ្ធិសេរីភាពនៅកម្ពុជា។

បន្ថែមពីនេះ ពួកគេជំរុញឱ្យអាជ្ញាធរគោរពនិងលើកស្ទួយសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌រួមទាំងសិទ្ធិទទួលបានការសន្មតថាគ្មានទោសចំពោះរាល់ជនជាប់ចោទដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនិងដើម្បីធានាថាការឃុំខ្លួនបណ្តោះអាសន្នត្រូវបានបញ្ជាឱ្យអនុវត្តជាវិធានការលើកលែងចុងក្រោយ ។

ជាងនេះទៀត មនុស្សដែលត្រូវបានផ្តន្ទាទោសពីបទល្មើសតូចតាច អ្នកទោសជិតដល់ចុងបញ្ចប់នៃការអនុវត្តទោសរបស់ពួកគេ មនុស្សចាស់ អ្នកទោសដែលមានស្ថានភាពសុខភាពទន់ខ្សោយ ពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីនិងកុមារ ដែលគួរតែត្រូវបានផ្តល់អាទិភាពសម្រាប់ការដោះលែងផងដែរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានសម្តែងក្តីបារម្ភចំពោះស្ថានភាពអ្នកជាប់ឃុំ ព្រោះមានភាពចង្អៀតណែនខ្លាំង ហើយលោកក៏ធ្លាប់បានបញ្ជាឱ្យមានការយកចិត្តទុកដាក់ចំពោះអ្នកជាប់ឃុំផងដែរ។

លោកស ខេង អះអាងថាអ្នកជាប់ឃុំបច្ចុប្បន្នមានចំនួនជាង៣ម៉ឺននាក់ ហើយ២ភាគ៣ នៃអ្នកជាប់ឃុំគឺជាបទល្មើសគ្រឿងញៀន។

នៅក្នុងរបាយការណ៍ឆ្នាំ ២០២០ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្មីត  ដែលបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការកំពូលមួយនេះ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានកត់សម្គាល់ថាអត្រានៃការគ្រប់គ្រងអ្នកជាប់ឃុំជាមធ្យមនៅក្នុងពន្ធនាគាររបស់កម្ពុជាគឺមានច្រើនជាង ៣០០%លើសមត្ថភាពជាក់ស្តែងរបស់ខ្លួន។

លោកស្រីក៏បានកត់សម្គាល់ដែរថា ក្នុងចំណោមប្រជាជនជិត ៤ម៉ឺននាក់ ដែលជាប់នៅក្នុងពន្ធនាគារនៃប្រទេសកម្ពុជា មានចំនួនច្រើនជាងមួយភាគបី នៅតែស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅឡើយ។

ការប្រើប្រាស់ហួសកំរិតនៃការឃុំខ្លួនបណ្តោះអាសន្ននេះ អ្នកស្រី ថាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពចង្អៀតណែននៅក្នុងពន្ធនាគារកម្ពុជាហើយជារឿយៗ ជំរុញឱ្យមានការរំលោភសិទ្ធិរបស់ជនជាប់ចោទដោយអយុត្តិធម៌ទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស