35 C
Phnom Penh

អូស្រ្តាលី ផ្តល់ជំនួយឥតសំណងប្រមាណ៨៥លានដុល្លារ ដល់កម្ពុជាដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៨៥លានដុល្លារសហរដ្ឋអាមេរិកទៀត ដល់កម្ពុជាដើម្បីឆ្លើយតបនឹងវិបត្តិ   កូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានរួម ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ឱ្យដឹងថា ការផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៨៥លានដុល្លារនេះ គឺដើម្បីអនុវត្តលើផែនការថ្មីមួយ ដែលហៅថាផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ប្រភពដដែលបន្តថា ផែនការនេះ ក៏មានទិសដៅស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញ ហើយហិរញ្ញប្បទាននេះនឹងត្រូវអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២២។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ស្ថានទូតអូស្ត្រាលីបានប្រកាសផ្តល់ជំនួយ ចំនួន៧០លានដុល្លារដល់កម្ពុជា ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ក្នុងបុព្វហេតុគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់អាស៊ាន។

ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ ២០១៩ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងជាង១ពាន់លានដុល្លារ អាមេរិក (១០៣៩) ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ គឺកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល និងអភិបាលកិច្ចផងដែរ។

ក្រសួងសុខាភិបាលនៅថ្ងៃទី៩ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាកម្ពុជាបានរកឃើញពលរដ្ឋខ្មែរ ៤នាក់បន្ថែមទៀតឆ្លងជំងឺកូវីដ១៩ ដោយទាំងនោះជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ខែវិច្ឆិកា។

ការរកឃើញអ្នកឆ្លង៤នាក់បន្ថែមទៀតនេះ ធ្វើឱ្យករណីផ្ទុះចូលក្នុងសហគមន៍២៨វិច្ឆិកា បានកើនឡើងរហូតដល់៣៨នាក់។

គិតត្រឹមថ្ងៃទី៩ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន  ៣៥៤នាក់ ។ ក្នុងនោះ អ្នកជំងឺសរុប៣០៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ៤៧នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស