40.3 C
Phnom Penh

ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឱ្យប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានស្នើឲ្យប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងកូវីដ១៩ និងបែងចែកវ៉ាក់សាំងជំងឺនេះក្នុងបុព្វហេតុរួម ដោយធានាឱ្យវ៉ាក់សាំងមានតម្លៃសមរម្យផងដែរ។

ក្នុងកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី៩ខែធ្នូនេះ ក្នុងនាមប្រធាន ACMECS ប្តូរវេន លោក ហ៊ុន សែន អះអាងថា ត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាជន ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

លោក ហ៊ុន សែន បានស្នើឲ្យប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងកូវីដ១៩ ក្នុងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃក៏បានប្រកាសទិញវ៉ាក់សាំងដែរ។ លោកបានស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។

ប្រមុខរដ្ឋាភិបាលរូបនេះ បានប្រកាសដែរថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់។

យ៉ាងណាលោកហ៊ុន សែន ធ្លាប់បានត្អូញត្អែរពីប្រភពថវិកាដែលគ្រោងចំណាយទិញវ៉ាក់សាំងពីបរទេសនេះ ដោយលោកទទួលស្គាល់ពីភាពខ្វះខាតរបស់កម្ពុជា ក្នុងនាមជាប្រទេសក្រីក្រក្នុងតំបន់មួយ។

ការត្អូញត្អែររបស់លោកហ៊ុន សែន ក៏បង្កើតឱ្យមានកម្មវិធីរៃអង្គាស និងប្រមូលថវិកាពីសប្បុរសជនជាថ្មីទៀត ខណៈវិបត្តិកូវីដ១៩នេះ ប្រមុខរដ្ឋាភិបាលធ្លាប់បានអំពាវនាវឱ្យមានការចូលរួមជាថវិកា                    និងសម្ភារៈដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ម្តងរួចមកហើយ។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន បញ្ជាក់ថា មកដល់ពេលព្រឹកថ្ងៃពុធទី៩ ខែធ្នូនេះ ឲ្យដឹងថា ថវិកាដែលសប្បុរសជនដែលលោកប្រមូលបានមានចំនួនជាង៣០លានដុល្លារហើយ។

លោកអះអាងថាទឹកចិត្តទាំងនេះ ជាស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមពលរដ្ឋកម្ពុជា ដែលមានតម្លៃធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ពលរដ្ឋដ៏រឹងមាំ។

លោកបញ្ជាក់ថា លោកមានបំណងទិញវ៉ាក់សាំង ចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូតដល់ ២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន១លានដូស។ ១លានដូសដំបូងនេះ សម្រាប់ចាក់ជូន៥០ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជនជាដើម។

យ៉ាងណាអតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាន លើកឡើងថា ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តចំពោះសាធារណ:ជន ទៅលើការគ្រប់គ្រង និងប្រើប្រាស់ថវិកា ឬមូលនិធិ ដើម្បីថ្នាំបង្កា ជំងឺកូវីដ១៩ រដ្ឋាភិបាលគួរតែបង្កើតគណ:កម្មាធិការមួយគ្រប់គ្រង ដែលមានសមាសភាពចូលរួមពីគ្រប់ភាគី ដើម្បីធានាថា គ្មានអំពើពុករលួយកើតឡើង។

លោកថា គណកម្មាធិការដែលអាចធានាតម្លាភាព និងអាចជឿទុកចិត្តបាន គប្បីមានព្រះរាជវត្តមានចូលរួមពីសំណាក់ ព្រះមហាក្សត្រខ្មែរគង់ជាព្រះប្រធានកិត្តិយស ហើយតំណាងរដ្ឋាភិបាល ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី គឺជាប្រធានប្រតិបត្តិ។ ចំណែកតំណាងអង្គការសង្គមស៊ីវិល ជាសមាជិក តំណាងអង្គការសុខភាពពិភពលោក (WHO) ជាអ្នកសង្កេតការណ៍ និងតំណាងសភាពាណិជ្ជកម្ម ឬវិស័យឯកជន ជាសមាជិកផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស