30 C
Phnom Penh

យន្តការបង្រួបង្រួមជាតិ នៅថៃគឺជាល្បិចបោកបញ្ឆោតដើម្បីបន្តពង្រឹងអំណាចរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាងបួនខែមកហើយ ដែលក្រុមប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកបា្រយុទ្ធចាន់អូចា នៅតែបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។ 

ស្របពេលនេះ ស្រាប់តែ សមាជិកបក្សប្រឆាំង នៃក្រុមរណសិរ្យប្រជាធិបតេយ្យដឹកនាំដោយ គណបក្សភឿថៃ ក៏បានបដិសេធមិនបានបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមជាសមាជិកនៃគណៈកម្មាធិការនេះដែរ។ តើ មូលហេតុអ្វីបានជា បាតុករ និងបក្សប្រឆាំងដ៏មានឥទ្ធិពលមិនចូលរួមការបង្កើតគណៈកម្មាធិការបង្រួបបង្រួមមួយនេះ?

ខាងក្រោមនេះ គឺជាការវិភាគរបស់ សារព័ត៌មាន Thai Enquire ដែលប្រែសម្រួលជូនដូចតទៅ ។

គណៈកម្មាធិការនេះ ត្រូវបានស្នើឡើងដោយរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា និងសមាជិកសភា របស់បក្សកាន់អំណាច។

ប៉ុន្តែគណៈកម្មាធិការនេះ ទំនងនឹងមិនចេញជារូបរាងបានទេ ដោយសារបក្សប្រឆាំង នៃសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដែលហៅថា ក្រុមរណសិរ្យប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃបានបដិសេធ មិនចូលរួមនោះទេ ដោយ ចោទថាយន្តការនេះគ្រាន់តែជាឧបករណ៍មួយរបស់លោកបា្រយុទ្ធ ក្នុងការពង្រឹងអំណាច និងព្យាយាម អូសពេលវេលា មិនព្រមដោះស្រាយបញ្ហាដែលបាតុករបានទាមទារ។

បាតុករដែលជាក្រុមចលនា និស្សិតនិងយុវជនវ័យក្មេង បានទាមទារអោយ ៣ចំណុច គឺទី១ អោយ លោកបា្រយុទ្ធចាកចេញពីតំណែង។ ទី២ ទាមទារអោយ រៀបរាងរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ឡើងវិញ ដោយ រុះរើ ស្ថាប័នព្រឹទ្ធសភា និងទី៣កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យយោធា។ 

ក្រុមបាតុករ ប្រជាធិបតេយ្យ បានប្រកាសថា ការដែលមិនព្រមចូលរួមនឹងគណៈកម្មាធិការនេះ ព្រោះ តែលោកប្រាយុទ្ធនៅតែមានអំណាច ហើយ គ្មានអ្វីដែលធ្វើអោយ ល្អប្រសើរប្រជាធិបតេយ្យនៅថៃនោះទេ ទោះជាមានយន្តការនេះក៏ដោយ។

អតីតនាយករដ្ឋមន្ត្រី ហើយ បច្ចុប្បន្ន ជាប្រធានរដ្ឋសភា លោក Chuan Leekpai បានទទូចទៅក្រុម បាតុករនិងបក្សប្រឆាំង អោយពិចារណាឡើងវិញចំពោះការបង្កើតយន្តការដើម្បី បង្រួបបង្រួមជាតិថៃ ដែលលោកថា កុំទាន់ចាត់ទុកថា យន្តហោះការលំអៀង ទៅបក្សកាន់អំណាច នោះទេ។

បើតាម លោក Chuan Leekpai ភារកិច្ចរបស់គណៈកម្មាធិការនេះ មានច្រើនដែលត្រូវបំពេញ ក្នុងនោះ មានទាំងការស្រង់មតិពលរដ្ឋដើម្បី ធ្វើវិសោធនកម្មទៀតផង។

លោកបានអំពាវនាវទាំងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងបាតុករគាំទ្ររដ្ឋាភិបាល ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់។ លោកបញ្ជាក់ថា ការបង្រួបបង្រួមណាមួយដែល គ្មានមូលដ្ឋានគ្រឹះនៃការយោគយល់និងអត់ឱន គឺមិនអាចឈានទៅដល់ការសម្រេចបាននូវលទិ្ធប្រជាធិបតេយ្យរឹងមាំនោះទេ។

ប៉ុន្តែលោកបា្រយុទ្ធ គឺជាមេរដ្ឋប្រហារ ឆ្នាំ២០១៤ ដែលបានទាញទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត របស់គណបក្សភឿថៃ ក្រោយពីនាយករដ្ឋមន្ត្រី គឺលោកស្រីយីងឡាក់ ត្រូវបានតុលាការរដ្ឋធម្មនុញ្ញរបស់រាជាណាចក្រ ទំលាក់ពីអំណាច ។

ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ គឺជាលទ្ធផល មួយបាននាំឲ្យលោកប្រាយុទ្ធ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល ក្រុមប្រឹក្សាយោធា និងឈានដល់ការបង្កើតស្ថាប័នព្រឹទ្ធសភា ចាំជួយប្រថាប់ត្រាឲ្យលោកប្រាយុទ្ធឡើងធ្វើជានាយករដ្ឋមន្ត្រី ទោះជាអតីតឧត្តមសេនីយ៍រូបនេះជាមេបក្ស បល័ង្គបា្រចារ៉ាត់ មិនឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសភា កាលពីខែមិនា ឆ្នាំ២០១៩ក៏ដោយ។

ការវិភាគរបស់ សារព័ត៌មាន Thai Enquire យល់ថា ការបង្រួបបង្រួមបែបបន្តអោយ បុរសខ្លាំងម្នាក់ ដែលពង្រឹងអំណាចរបស់ខ្លួនកាន់តែខ្លាំង ដោយមិនព្រមបើកចំហលំហសេរីភាព នយោបាយ សេរីភាព  នៃការតស៊ូមតិ ដោយសន្តិវិធី គឺគ្មានអ្វីដែល យន្តការមួយនេះ អាចបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះទេ។ មានន័យថា ស្ថាប័ននេះ នឹងគ្មានតម្លៃ សម្រាប់ការស្ដារប្រជាធិបតេយ្យឡើងវិញនោះទេ។

ខណៈដែលលោកប្រាយុទួ្ធ ស្រែកសុំ ការផ្សះផ្សាជាតិ គឺការកាត់ទោស សកម្មជនប្រជាធិបតេយ្យ១២នាក់ដែលរងបទចោទថា ប្រមាថអង្គព្រះមហាក្សត្រកំពុងដំណើរ ហើយ ជនជាប់ចោទ នឹងប្រឈមមុខនឹងទោស ១៥ឆ្នាំ។

ក្រុមបាតុករ បានទាមទារអោយមានការដោះស្រាយជាមុខសិននូវការដោះលែង អ្នក១២រូបនោះ ហើយលោកបា្រយុទ្ធ ត្រូវតែចុះចេញពីតំណែង។ ការដែលតុលាការប្រើប្រាស់អំណាចដូចនេះ គឺជាការគំរាមកំហែង យ៉ាងពិតប្រាកដ ទៅលើសេរីភាពខាងនយោបាយ រួចទៅហើយ ដែលមើលទៅ យន្តការបង្រួបបង្រួមនេះគឺពិតណាស់នឹងជួបឧបសគ្គព្រោះមិនអាច កាត់បន្ថយ អំណាចរបស់ លោកបា្រយុទ្ធបានឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស