38 C
Phnom Penh

អតីតប្រធានបក្សប្រឆាំងថា ការរៃអង្គាសថវិកាពីសប្បុរសដើម្បីទិញថ្នាំបង្កាជំងឺកូវីដ១៩ អាចនឹងមានអំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេសរិះគន់ថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលល្ងង់ខ្លៅ អសមត្ថភាព ចេះត្រឹមតែបង្កើតប្រព័ន្ធរបបពុករលួយ ដើររៃអង្គាសលុយ ពីប្រជាពលរដ្ឋយកទៅទិញថ្នាំបង្ការ ជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលរបស់លោកគ្មានកញ្ចប់ថវិកាដើម្បីការពារសវត្ថិភាពប្រជាជនទាល់តែសោះ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រិះគន់ថា ការប្រមូលថវិកាដើម្បីទិញ ថ្នាំបង្កាជំងឺកូវីដ១៩ ក្នុងពេលនេះ គ្រាន់តែជាវិធីសាស្ត្រ ដើម្បីចិញ្ចឹមអំពើពុករលួយ បម្រើផលប្រយោជន៍ក្រុមគ្រួសា និងបក្ខពួករបស់ ហ៊ុន សែន ដែលកំពុងតែរងវិបត្តិសេដ្ឋកិច្ចសព្វថ្ងៃនេះ តែប៉ុណ្ណោះ។ 

លោកព្រមានថា បើទិញវ៉ាក់សាំង ដោយគ្មានអ្នកជំនាញពិនិត្យឲ្យបានត្រឹមត្រូវ ហើយត្រូវចាញ់បោកគេ ឬគ្រាន់តែដើម្បីកេងប្រវ័ញ្ចប្រាក់ឧបត្ថម្ភទាំងនោះ ក្នុងការប្រព្រឹត្តអំពើពុករលួយដែលអាចនាំមកនូវគ្រោះថ្នាក់ដល់អាយុជីវិតរបស់ ពលរដ្ឋរាប់លាននាក់ទៅវិញទេ។

លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន គ្មានយល់អ្វីទាល់តែសោះ អំពីការស្រាវជ្រាវ ការសាកល្បង ការប្រើប្រាស់ និងការតាមដានវ៉ាក់សាំង ដើម្បីវាស់វែងពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំបង្កានីមួយៗ ជាងនេះទៀត លោក ហ៊ុន សែន ក៏មិនបានដឹងដែរថា ប្រទេសណាដែលបានប្រមូលទិញបានវ៉ាក់សាំងច្រើនជាងគេ ថែមទៀតផង។

លោកថា ពេលនេះ លោក ហ៊ុន សែន គ្មានចេះអ្វី ក្រៅពីប្រមូលលុយនោះឡើយ ប៉ុន្តែបើពលរដ្ឋសួរថា តើលោក ហ៊ុន សែន ត្រូវទិញវ៉ាក់សាំងប្រភេទអ្វី ពីប្រទេសណា ក្នុងតម្លៃប៉ុន្មាន តាមលក្ខខណ្ឌយ៉ាងដូចម្តេច ហើយមានលទ្ធភាពជាក់ស្តែងក្នុងការទិញនេះដល់កម្រិតណា គាត់ច្បាស់ជាឆ្លើយមិនរួចនោះទេ។

កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានបង្ហោះសារសំលេង ប្រវែងជិត ៩នាទី ដែលបានត្អូញត្អែរពីការខ្វះខាតថវិកា ដែលនឹងត្រូវចំណាយលើថ្លៃទិញថ្នាំបង្កា ជំងឺកូវីដ១៩ ដោយអះអាងថា រដ្ឋាភិបាលនិងបញ្ជាទិញត្រឹមតែ ១ លាន ដូស សម្រាប់តែមនុស្ស ៥០ ម៉ឺននាក់ប៉ុណ្ណោះ ក្នុងជំហានដំបូង។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily  នៅថ្ងៃនេះថា ទោះបីរដ្ឋាភិបាល ឬអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានគាំទ្រយុទ្ធនាការរៃអង្គាសថវិកា ដើម្បីថ្នាំបង្កាជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ តែការសម្រេចចិត្តចូលរួមទិញថ្នាំវ៉ាក់សាំងគឺស្ថិតនៅលើប្រជាពលរដ្ឋជាអ្នកសម្រេចតែប៉ុណ្ណោះ។

ប៉ុន្តែលោក មាជ សុវណ្ណារ៉ា ទាមទារឲ្យរដ្ឋាភិបាលអនុវត្តន៍សាច់ប្រាក់ដែលទទួលបានពីសប្បុរសជន ដើម្បីថ្នាំបង្កាជំងឺកូវីដ១៩ នេះ ឲ្យមាន គណនេយ្យភាព  និងមានតម្លាភាព ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ត្បិតពលរដ្ឋមិនចង់ឃើញអំពើពុករលួយកើតឡើងលើជំនួយសប្បុរសដែលកើតចេញពីញើសឈាមរបស់ពួកគាត់នោះទេ។

ទាក់ទិននឹងបញ្ហានេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើ គណនីហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី៩ វិច្ឆិកា អំពាវនាវឲ្យ សហគមន៍អន្តរជាតិ និងប្រទេសអភិវឌ្ឍន៍ដែលមានធនធាន មានមធ្យោបាយ ឲ្យពួកគេជួយផ្ដល់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ នេះ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ខ្ពស់។

រហូតមកទល់ពេលនេះ ថវិកាដែលទទួលបានពីសប្បុរសជន ដើម្បីថ្នាំបង្កាជំងឺកូវីដ១៩ មានចំនួនជាង ៣៦លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៩ ខែធ្នូ ម្សិលម៉ិញ  ខណៈព្រះមហាក្សត្រខ្មែរនៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០ នេះទ្រង់បានឧបត្ថម្ភ ១លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា និង៥សែនដុល្លារអាមរិក ផ្សេងទៀតផ្តល់ជូនលោក ហ៊ុន សែន ដើម្បីទិញថ្នាំបង្កានេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស