34 C
Phnom Penh

តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ការរ៉ើសអើង ជាឧបសគ្គដល់ដំណើរការ អនុវត្តការគោរពសិទ្ធមនុស្សយ៉ាងធំធេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឲ្យបញ្ចប់ការរ៉ើសអើងគ្រប់រូបភាពដែលនាំឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

មន្ត្រីជាន់ខ្ពស់នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីស្សែល បាសេ្សឡែត បានថ្លែងក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ នេះថា ការរ៉ើសអើង និងការរំលោភបំពានសិទ្ធិមនុស្សគឺជាឧបសគ្គដល់ការកាត់បន្ថយវិសមភាព ការគាំពារសង្គមទូទៅ ការផ្តល់សេវាជាសកល និងប្រព័ន្ធផ្សេងៗទៀត សម្រាប់ការផ្តល់សិទ្ធិជាមូលដ្ឋានដល់មនុស្សគ្រប់រូប។

ការអះអាងរបស់អ្នកស្រី មីស្សែល បាសេ្សឡែត ធ្វើឡើង នៅថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២០ នេះ ដើម្បីចូលរួមអបអរសាទរ ក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាអន្តរជាតិរំលឹកនូវការតស៊ូពុះពារប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់នូវការរ៉ើសអើងពូជសាសន៍ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន រិះគន់ថា មិនគួរឆ្លៀតប្រើប្រាស់ទិវានេះជារបៀបវារៈនយោបាយ ក្នុងការរិះគន់ និងបន្តុះបង្អាប់រដ្ឋាភិបាល និងសមត្ថកិច្ច តាមរយៈការថ្លែងសារនយោបាយដែលមានចរិតជាការញុះញង់ បំផ្លើស បំភ្លៃខុសពីការពិតនោះទេ។

ជាងនេះទៀត លោក ចោទថា ជាការរិះគន់ដែលមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ដូចជាការដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យ ឱ្យធ្វើការដោះលែង ឬទម្លាក់ចោលបទចោទ ចំពោះជនជាប់ចោទដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការជាដើម។

ប៉ុន្តែ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធមុនស្ស ១០ធ្នូ ចែងថា ជាការចាំបាច់ណាស់ដែលថា សិទ្ធិមនុស្សត្រូវតែទទួលបានការ ការពារដោយនីតិរដ្ឋដើម្បីជៀសវាងកុំឲ្យមនុស្សបង្ខំចិត្តចុងក្រោយបង្អស់ ងើបឡើងតស៊ូប្រឆាំងតទល់នឹងអំណាចផ្តាច់ការ និងការគាបសង្កត់។

លោក រិះគន់ថា មន្ត្រីអនុវត្តច្បាប់ និងតុលាការកម្ពុជាបានប្រើប្រាស់ច្បាប់របស់រដ្ឋគ្រាន់តែដើម្បីបង្ក្រាប និងគាបសង្កត់ ទៅលើប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់សិទ្ធិរបស់ពួកគេដើម្បីសម្តែងមតិទាមទារសិទ្ធិសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ មកម្លេះ។

ទាក់ទិននឹងបញ្ហានេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ ដោយអំពាវនាវឲ្យ រដ្ឋាភិបាល និងតុលាការកម្ពុជា ទម្លាក់ចោលរាល់បទចោទនានាទៅលើព្រះសង្ឃ យុវជនបរិស្ថាន និងអ្នកតស៊ូមតិដើម្បីសេរ៉ីភាព ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពទ្បើងវិញ និងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើទ្បើងជាងមុនផងដែរ។

ពួកគេ បានរំលឹកថា រដ្ឋាភិបាលកម្ពុជាគួរតែយកឱកាសនេះ កែសម្រួលនូវភាពអវិជ្ជមាននានា ដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ហួសដែនកំណត់កន្លងមក ទៅលើប្រជាពលរដ្ឋ ជាពិសេសយុវជនដែលគ្រាន់តែអនុវត្តនូវសិទ្ធិស្របច្បាប់របស់ពួកគេដែលការពារ ដោយរដ្ឋធម្មនុញ្ញក្នុងការបញ្ចេញមតិ និងចូលរួមកិច្ចការសង្គម និងនយោបាយ នាពេលកន្លងមកនោះ។

រីឯគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការរបស់ខ្លួននៅថ្ងៃនេះ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ចូលរួមទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញគោរពសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋឲ្យបានពេញលេញ និងទម្លាក់ចោលរាល់បទចោទលើអ្នកទោសមនសិកា ជាពិសេសលើ លោក កឹម សុខា ដើម្បីស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ដោយឡែក សម្ព័ន្ធអ្នកសាព័ត៌មានកម្ពុជា (ខេមបូចា) អំពាវនាវដល់រដ្ឋាភិបាលឱ្យគោរពតួនាទី សំខាន់របស់អ្នកសារព័ត៌មាននៅកម្ពុជា ដោយបញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារ និងការធ្វើទុក្ខបុកម្នេញដែលកំពុងបន្តកើតមានលើអ្នកសារព័ត៌មាន និងដោះលែងអ្នកសារព័ត៌មាន ដែលកំពុងជាប់ពន្ធនាគារ ។

យ៉ាងណាក៏ដោយ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ លើកទី៧២ ក្នុងឆ្នាំ២០២០ នេះ មិនមែនជាថ្ងៃឈប់សមា្រកជាតិនៅកម្ពុជាទៀតនោះទេ  ត្បិតរដ្ឋាភិបាលកម្ពុជាសម្រេចលុប ទិវានេះចេញពីថ្ងៃឈប់សម្រាកលើប្រតិទិនខ្មែរ តាំងពីកាលពីខែសីហា ឆ្នាំ២០២០ មកម្លេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស