31 C
Phnom Penh

មន្ត្រីអង្គការសង្គមស៊ីវិលថា អំពើពុករលួយបានក្លាយជាវិបត្តិធ្ងន់ធ្ងរក្នុងវិបត្តិ ជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជា ព្រមានថា វិបត្តិជំងឺកូវីដ១៩ បាន និងកំពុងធ្វើឲ្យប្រទេសកម្ពុជាមានហានិភ័យកាន់តែខ្ពស់ពាក់ព័ន្ធនឹងអំពើពុករលួយ រហូតដល់ការបំពាននីតិរដ្ឋថែមទៀតផង។

នាយកប្របត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានអះអាងថា មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញមួយចំនួនបានឆ្លៀងឱកាសក្នុងវិបត្តិជំងឺកូវីដ១៩ នេះ ប្រព្រឹត្តអំពើពុករលួយតាមរូបភាពផ្សេងៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍បក្ខពួក ត្បិតប្រជាពលរដ្ឋបានបង្វែរការចាប់អារម្មណ៍របស់ពួកគេតែទៅលើបញ្ហា កូវីដ១៩ តែប៉ុណ្ណោះ។

លោកបញ្ជាក់ថា អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងការផ្អាក ឬបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ក្នុងអំឡុងពេលនៃការជាប់គាំងចរន្តសេដ្ឋកិច្ចនៅក្នុង និងក្រៅប្រទេសដោយ វិបត្តិកូវីដ១៩ និងជាពិសេសបានរងការយាយីដោយអំពើពុករលួយយ៉ាងធ្ងនធ្ងរផងដែរ ក្នុងនោះ មានការប្រកួតប្រជែងមិនស្មើភាព កាធ្វើលទ្ធកម្មបែបបក្ខពួកនិយម និងការគេចវេសពន្ធពីសំណាក់ក្រុមហ៊ុនធំៗរបស់អ្នកមានអំណាច ជាដើម។

ការអះអាងនេះធ្វើឡើង ក្នុងទិវាជាតិ និងអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នេះ។

អង្គការតម្លាភាពកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ៩ ធ្នូ ឆ្នាំ២០២០ នេះ ដោយអះអាងថា អំពើពុករលួយ ការក្លែងបន្លំ និងការសូកប៉ាន់ គ្រប់ទ្រង់ទ្រាយ គឺជាឧបសគ្គយ៉ាងចម្បងដែលកំពុងធ្វើឱ្យមូលនិធិសាធារណៈមិនអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជនឲ្យចំគោលដៅបាននោះទេ។

ចំណែក របាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយជាសកល (Global Corruption Barometer – GCB)ក្នុង ឆ្នាំ២០២០ នេះ បង្ហាញថា អំពើពុករលួយកំពុងរីកសាយភាយតាមបណ្តារស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ជាច្រើន រួមមាន ស្ថាប័នតុលាការ ស្ថាប័នប៉ូលីស ការិយាល័យនាយករដ្ឋមន្ត្រី សមាជិកសភា មន្ត្រីរដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងស្ថាប័នដទៃផ្សេងទៀតយ៉ាងច្រើន។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការតម្លាភាពអន្តរជាតិ បានបញ្ចេញរបាយការណ៍ស្តីពីការវាស់វែងអំពី អំពើពុករលួយជាសកល ដែលសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តស្ថិតិដោយស្ទង់មតិសាធារណៈជនដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ពលរដ្ឋ ទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ នេះ។

ជាងនេះទៀត របាយការណ៍ដដែលនេះបាន អះអាងថា ពលរដ្ឋខ្មែរនៅតែប្រឈមនឹងអំពើពុករលួយនៅក្នុងការប្រើប្រាស់សេវាសាធារណៈមួយចំនួន ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ក្នុងនោះ ពលរដ្ឋអះអាងថា ពួកគេធ្លាប់បានសូកប៉ាន់មន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារផ្សេងៗទៀត ជាដើម។

ប្រភពដដែល អះអាងថា អ្នកចូលរួមផ្តល់បទសម្ភាសន៍តាមទូរស័ព្ទចំនួនប្រមាណ ១ពាន់នាក់ ចាប់ពីខែមិថុនា ដល់ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញពីទស្សនៈ និងបទពិសោធន៍របស់ពួកគេ ថា ពួកគេពិតជាធ្លាប់បានទាក់ទងនឹងអំពើពុករលួយជាមួយអាជ្ញាធរកម្ពុជានាពេលកន្លងមកពិតប្រាកដមែន។

ទិន្នន័យសង្គមស៊ីវិលស្តីពី អំពើពុករលួយក្នុងឆ្នាំ២០២០នេះ បានអះអាងថា ការយល់ឃើញរបស់សាធារណៈជនទាក់ទងទៅនឹងអំពើពុករលួយមានភាពប្រសើរឡើងបើធៀបទៅនឹងលទ្ធផល ក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦។

យ៉ាងនេះក្តី ប្រភពដដែលអះអាងថា បទពិសោធន៍របស់ពលរដ្ឋដែលបានប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋទាក់ទងទៅនឹងការសូកប៉ាន់មន្ត្រីអាជ្ញាធរមូលដ្ឋាននៅតែមានកម្រឹតខ្ពស់នៅឡើយ។

ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យសាធារណៈ គឺជាការចាំបាច់បំផុតដើម្បីឱ្យកម្ពុជាអាចបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ វិស័យឯកជន និងរក្សា ស្ថេរភាពសេដ្ឋកិច្ច ព្រមទាំងការទទួលបានយុត្តិធម៌សង្គមយ៉ាងពេញលេញថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស