ពិភពលោកចាប់ផ្ដើមទប់ស្កាត់ ការរំលោភសិទ្ធិមនុស្ស ដោយការដាក់ទណ្ឌកម្មលើបុគ្គលមានអំណាច សំដៅរឹតបន្តឹងសេរីភាព របស់បុគ្គលទាំងនោះ។
តាមស្មារតីនៃវិធាននេះ គឺមានការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បតិ្តរបស់ បុគ្គល ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ វិធាននេះ ហើយដែលនាំអោយ បុគ្គលទាំងនោះ ឈានទៅដល់ការប្ដឹងនិងគាបសង្កត់អោយមានការនាំខ្លួន ទៅកាត់ទោស នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។
ពីទីក្រុងព្រុយហ្សែល ប្រទេសបែលហ្សិច ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តជាផ្លូវការនូវសេចក្ដីសម្រេច និងបញ្ញត្តិ ដែលបើកផ្លូវទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលមានអំណាចដែលបានរំលោភសិទ្ធិមនុស្សនៅលើពិភពលោកនិងនៅក្នុងប្រទេសសាមី។
វិធានថ្មីរបស់ សហភាពអឺរ៉ុបនេះ ត្រូវបានអនុម័តអោយ ប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំ ឬបុគ្គលដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅប្រទេសដទៃ ទោះជាបុគ្គលនោះ ស្ថិតនៅក្នុងវិស័យឯកជនក៏ដោយ។
នេះជាលើកដំបូងហើយដែល សហភាពអឺរ៉ុបបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្នុងក្របខ័ណ្ឌច្បាប់ផ្ទាល់ខ្លួនដោយកំណត់គោលដៅទៅលើបុគ្គល អង្គភាព និងស្ថាប័ន ទាំងរដ្ឋ និងមិនមែនរដ្ឋ ដែលទទួលខុសត្រូវ ជាប់ពាក់ព័ន្ធ ឬក៏មានការទាក់ទងនឹងសកម្មភាពទាំងឡាយនៃការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅបណ្ដាប្រទេសទាំងនោះ។
តាមសេចក្ដីប្រកាសនេះ គឺវិធានការដាក់ទណ្ឌកម្មទៅលើបុគ្គលមានអំណាចរំលោភសិទិ្ធមនុស្ស ដែលអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុប នឹងត្រូវអនុវត្តប្រឆាំងនឹងសកម្មភាពរំលោភសិទ្ធិមនុស្សមានដូចជា អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត រួមមាន ទារុណកម្ម ទាសភាព ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ការចាប់ខ្លួន ឬឃុំឃាំងតាមទំនើងចិត្ត។
ការរំលោភបំពាន ឬរំលោភសិទ្ធិមនុស្ស ដែលស្ថិតនៅក្នុងវិធាននេះ គេអាចកំណត់ថា ជាសកម្មភាពរីករាលដាល មានលក្ខណៈជាប្រព័ន្ធ ឬបង្កការធ្វើទុក្ខបុកម្នេញដទៃទៀត ដូចដែលមានចែងក្នុងគោលនយោបាយសន្តិសុខ និងការបរទេសរបស់អឺរ៉ុបត្រង់មាត្រា២១ ក៏ត្រូវដាក់អោយរងទណ្ឌកម្មដែរ។
តាមរយៈសេចក្ដីប្រកាសនេះ សហភាពអឺរ៉ុបនឹងដាក់ចេញនូវវិធានការទណ្ឌកម្មមួយចំនួន រួមមាន បម្រាមលើការធ្វើដំណើរ ឬការបិទទិដ្ឋាការនិងការបង្កកទ្រព្យសម្បត្តិទាំង ទាំងចំពោះបុគ្គល និងអង្គភាពទោះជាស្ថិតក្នុងវិស័យឯកជនក្ដី។
ដោយអនុលោមតាមបញ្ញត្តិនេះ គឺប្រជាជន និងស្ថាប័ន នៅទូទាំងសហភាពអឺរ៉ុប នឹងត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធហិរញ្ញវត្ថុជាមួយនឹងបុគ្គល ឬស្ថាប័នទាំងឡាយណា ដែលកំពុងដាក់អោយទទួលទណ្ឌកម្ម។
ជាមួយគ្នានេះ ក្រុមប្រឹក្សាអឺរ៉ុប មានភារកិច្ចជាអ្នក ត្រួតពិនិត្យ និងកែប្រែបញ្ជីដាក់ទណ្ឌកម្ម ករណីមានសំណើពីរដ្ឋជាសមាជិក ឬពីតំណាងជាន់ខ្ពស់អឺរ៉ុបផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស។
សហភាពអឺរ៉ុបសង្កត់ធ្ងន់ថា សេចក្ដីសម្រេចថ្មីនេះបានកំណត់ច្បាស់ថា ការលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅតែមូលដ្ឋានគ្រឹះ និងអាទិភាពនៃសកម្មភាពការបរទេស ហើយនិងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងស្ថានភាពនៃការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
ស្របពេលនេះដែរ គឺកាលពីថ្ងៃទី៦ធ្នូ សមាជិកសភា នៃប្រទេសអូស្ត្រាលីនឹងអនុម័តអោយមានច្បាប់ ហាមជនទាំងឡាយដែល ត្រូវបានកត់ត្រាថា ជាបុគ្គលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ត្រូវបានហាមចូលទឹកដី ប្រទេសអូស្ត្រាលី ហើយទ្រព្យសម្បត្តិរបស់ជនទាំងនោះ ដែលមាននៅលើទឹកដី នៃប្រទេសនេះក៏នឹងត្រូវបង្កកផងដែរ។
ច្បាប់នេះ នឹងត្រូវសមាជិកសភា អូស្ត្រាលី អនុម័តនៅឆ្នាំក្រោយ ។រដ្ឋាភិបាល របស់ លោកនាយករដ្ឋន្ត្រី Scott Morrison បានអនុម័តច្បាប់នេះហើយ។ ការដែលរដ្ឋាភិបាលអូស្ត្រាលី មានវិធានការដូចនេះ បន្ទាប់ពីរដ្ឋាភិបាល ពិចារណា ការដាក់ទណ្ឌកម្ម ទៅលើមន្ត្រី នៃប្រទេសចិន ដែលត្រូវបានចោទ ពីបទរំលោភសិទិ្ធមនុស្ស នៅតំបន់ជីងជាំង និងទៅលើបុគ្គលពាក់ព័ន្ធជាច្រើនទៀត នៃបណ្ដាប្រទេស ដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
កាលពីសប្ដាហ៍មុននេះ គណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិនៃរដ្ឋសភា នៃប្រទេសអូស្ត្រាលី បានអោយដឹងថា សេចក្ដីព្រៀងច្បាប់នេះត្រូវបានពិនិត្យរួចរាលហើយ គឺនៅសល់ពេលត្រូវ បញ្ជូនទៅកាន់ គណៈកម្មាធិការនៃកិច្ចប្រជុំរដ្ឋសភា។
ច្បាប់នេះ គឺដូចគ្នានឹងច្បាប់របស់សហរដ្ឋអាមេរិក Magnitsky Act ដែលអនុវត្តរួចទៅហើយ ទៅលើ មន្ត្រីមួយចំនួននៃបណ្ដាប្រទេស រំលោភសិទិ្ធមនុស្ស មានដូចជា ប្រទេសកូរ៉េខាងជើង ប្រទេស អ៊ីរ៉ង់គុយបា វេណេហ្សូអេឡា រស្ស៊ី ចិន កម្ពុជា ជាដើម៕