26 C
Phnom Penh

ក្រុមចលនានិស្សិតនៅក្រៅប្រទេស សំដែងការព្រួយបារម្ភពីការធ្លាក់ចុះសីលធម៌របស់អ្នកនយោបាយខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបញ្ញវន្តនៅក្រៅប្រទេសបាន រិះគន់ថា ក្រុមអ្នកនយោបាយខ្លះបានឆ្លៀតប្រើប្រាស់ និងលើកទឹកចិត្តដល់បក្ខពួករបស់ខ្លួនឲ្យសាបព្រោះមនោគមវិជ្ជានៃការ លាបពណ៌ ជេរប្រមាថ ទម្លាក់តម្លៃអ្នកដ៏ទៃស្មើនឹងសត្វ ដែលជាអំពើអគុណធម៌ ហើយកំពុងញាំញីតម្លៃគុណធម៌ និងសីលធម៌ខ្មែរឲ្យធ្លាក់ចុះគួរឲ្យព្រួយបារម្ភជាខ្លាំង។

អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប សេង បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែធ្នូ នេះថា ការលាបពណ៌ ការជេរប្រមាថ ការបន្ថោកតម្លៃ ពលរដ្ឋដោយប្រៀប្រដូចទៅនឹង សត្វធាតុ ជាដើមហេតុដ៍ចម្បងដែលធ្វើឲ្យមនុស្សអាចកាប់សម្លាប់គ្នា ដោយគ្រាន់តែគិតថាជាការសម្លាប់ សត្វតែប៉ុណ្ណោះ។

លោក ព្រមានថា ការប្រមាថជីវិតមនុស្សស្មើនឹងសត្វធាតុរបស់អ្នកនយោបាយខ្មែរ អាចជាភ្លើងកំហឹងនាំឲ្យកើតមានអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឬអាចបណ្តាលឲ្យមានការបែកបាក់ឯកភាពជាតិ និងសោកនាដកម្មដល់ពលរដ្ឋជាតិខ្មែរទាំងមូល ទៅថ្ងៃអនាគត នៅពេលដែលអ្នកនយោបាយរូបនោះបានកាន់កាប់អំណាច។

លោក អ៊ាប សេង លើកឡើងថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដ៏ឃោឃៅដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម គឺបណ្តាលមកពី ការបាត់បង់នូវក្រមសីលធម៌ និងការប្រមាថជីវិតមនុស្សដូចជា សត្វធាតុ ជាដើម។ ជាងនេះទៀត អាយុជីវិត ពលរដ្ឋខ្មែរជាង ២លាននាក់ ត្រូវបានកាប់សម្លាប់យ៉ាងរង្គាល ក្រោមមនោគមន៍វិជ្ជា លាបពណ៌ ថាជាខ្មាំងដែលបានក្បត់អង្គការឮ ហើយក៏ត្រូវបានយកទៅប្រហារជីវិតដោយឥតញញើតដៃ។

អនុប្រធានប្រតិបត្តិនៃចលនានិស្សិតរូបនេះ បញ្ជាក់ថា មេដឹកនាំផ្តាច់នៃប្រទេសលីប៊ី (Lybia) លោក Muamer Gaddafi ធ្លាប់ប្រមាថជិវិត ពលរដ្ឋខ្លួនឯងទៅនឹងសត្វកណ្ដុរ ហើយពលរដ្ឋនៃប្រទេស លីប៊ី រាប់លាននាក់ដែលមិនគាំទ្រលោក Gaddafi ត្រូវបានរងការឈឺចាប់ដោយការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់ដូច សត្វធាតុ ពីក្រុមបក្ខពួក ដៃជើងរបស់អ្នកដឹកនាំផ្តាច់ការរូបនេះ។

ជាងនេះទៀត លោកថា នៅប្រទេស Rwanda ក្រោមការដឹកនាំរបស់លោក Habya Rimana ក្នុងឆ្នាំ១៩៩៤ នាំឲ្យមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបណ្តាលមកពីក្រុម Hutu បានចាត់ទុកពួក Tutsi ស្មើនឹងសត្វក្រឡាត ហើយពួក Tutsi ត្រូវបានគេយកទៅសម្លាប់អស់ចំនួនប្រមាណ ១លាន នាក់ តែក្នុងរយៈពេល ១០០ថ្ងៃ ប៉ុណ្ណោះ ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ដែលកំពុងនិរទេសខ្លួនរស់នៅនីរទេស ក្នុងសហរដ្ឋអាមេរិក គឺលោក ឡុង រី បានបង្ហោះសារលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ថា បើមានសត្វខ្លះចង់រស់ក្នុងឋានៈជាសត្វមួយជីវិត នោះគឺជារឿងរបស់គេ ប៉ុន្តែបើយើងជាមនុស្ស និងជាកូនខ្មែរ យើងត្រូវតែរួមកម្លាំងគ្នាដើម្បីស្ដារប្រទេសកម្ពុជាឡើងវិញ។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានថ្កោលទោស អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ឡុង រី ភាគីលោក សម រង្ស៊ី ដែលបានប្រដូចអ្នកមិនគាំទ្រក្រុមខ្លួនទៅនឹងសត្វធាតុនោះ ថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដែលមិនអាចអធ្យាស្រ័យឲ្យបាន ក្នុងនាមមនុស្សជាតិដូចគ្នា។

ជាងនេះទៀត លោក ម៉ែន ណាត ទាមទារឲ្យ មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងរូបនេះ សុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ដើម្បីបង្ហាញការទទួលខុសត្រូវ នូវកំហុសឆ្គងរបស់ខ្លួនបានប្រព្រឹត្តនេះ។

ចំណែក មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ជីវិតមនុស្សពិតជាមិនទៀងនោះទេ ដូច្នេះមនុស្ស គួរគប្បីប្រព្រឹត្តនូវអំពើល្អដែលជាកុសល បន្សល់ទុកនូវគុណតម្លៃ សេចក្តីល្អ និងសូមកុំប្រមាថជីវិតអ្នកដទៃ ក្នុងភាពជាមនុស្សដូចគ្នា។

មកទល់នឹងពេលនេះ សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ឡុង រី ដើម្បីសុំការស្រាយបំភ្លឺអំពីការលើកឡើងរបស់លោកបានទេ។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា លោក សម រង្ស៊ី មិនគួរបណ្តោយឲ្យសកម្មជនរបស់ខ្លួន ជេរប្រមាថ និងធ្វើសកម្មភាពអសីលធម៌ផ្សេងៗបន្តទៀតនោះទេ ដោយសារទង្វើនេះ នាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកប្រជាធិបតេយ្យផ្សេងទៀត ដែលកំពុងតស៊ូមតិដើម្បីកែប្រែសង្គមកម្ពុជាបច្ចុប្បន្ន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស