34 C
Phnom Penh

តើក្រុមគ្រួសារត្រកូលហ៊ុន និងបក្សពួករបស់លោកមានទុនរកស៊ី ម្នាក់ៗចំនួនប៉ុន្មានដែរ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សប្តាហ៍មុន យើងបានផ្សាយរាយឈ្មោះក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន ម្ចាស់ចំណែក ឬ ភាគហ៊ុន ដែលជាកូន កូន ប្រសា ក្មួយ បង ប្អូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពោលគឺត្រកូល ហ៊ុនហើយដែលក្តោបយកផលប្រ យោជន៍ពីសេដ្ឋកិច្ចជាតិក្រោយប្រែក្រឡាពីរបបកុម្មុយនិស្តមករៀនរស់តាមបែបមូលធននិយម។ យើងមិនទាន់បានរៀបរាប់អំពីចំនួនក្រុមហ៊ុន និង ទំហំទុនដាក់រកស៊ីក្នុងក្រុមហ៊ុននិមួយៗ មានចំនួនសរុបប៉ុន្មាននៅឡើយទេ។

សេចក្តីរាយការណ៍អំពីរឿងនេះ គឺចង់ឆ្លុះបញ្ចាំងថា តើក្រុមហ៊ុនបើកមុខរបររកស៊ីដែលអាង យីហោ ឬកេរ្តិ៍ឈ្មោះ ត្រកូល ហ៊ុន មានប្រៀបលើក្រុមហ៊ុនដទៃកំរិតណា ហើយមានខ្ទាស់ផលប្រយោជន៍ ហៅថា conflict of interest របៀបណា រវាងក្រុមគ្រួសារអ្នកកាន់អំណាចរដ្ឋ និង អាជីវកម្មឯកជន។

គ្រាន់តែរឿងកាត់ដី បឹងតាមោក មួយកន្លែងឲ្យកូនចៅរបស់ខ្លួនយកធ្វើអាជីវកម្មអ្វីមួយ នាយក្រសួងម្នាក់ពោលថា៖ ចុះបើអនុក្រឹតចេញពីនាយករដ្ឋមន្រ្តីមកទៅហើយ អ្នកណាទៅហ៊ាននិយាយ ហ៊ានសួរ?

តាមសេចក្តីរាយការណ៍អង្គការឃ្លាំមើលអាជីវកម្មឧក្រិដ្ឋអន្តរជាតិ Global Witness ឆ្នាំ២០១៦ សមាជិកគ្រួសារត្រកូល ហ៊ុន ចុះឈ្មោះក្រុមហ៊ុនក្នុងបញ្ជីទាំងអស់មានចំនួន ១១៤ ក្រុមហ៊ុន

ក្នុងស្រុក មានទឹកប្រាក់ទុនចំនួនជាង ២០០លានដុល្លារ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនចំនួន ១៦ ដែលគ្មានឯកសារតួលេខទុន។ ក្រុមហ៊ុនចំនួន ១០៣ ឬស្មើនឹង ៩០% មានសមាជិកគ្រួសារលោក ហ៊ុន សែន គ្រប់គ្រង កាន់កាប់ ចាត់ចែងក្រុមហ៊ុនជាប្រធាន ជានាយក/នាយិកា ឬ  ជាអ្នកមានភាគហ៊ុនជាង ២៥%។

ក្នុងបណ្តាក្រុមហ៊ុន ៤៤ ក្រុមហ៊ុន ដែលមានឯកសារបញ្ជាក់អំពីអ្នកចូលហ៊ុន  ផ្តល់ចំណែកហ៊ុនដល់សមាជិកគ្រួសារទាំងអស់ដោយគ្រាន់ដាក់ហ៊ុន  ៥% ប៉ុណ្ណោះ។ ក្រុមហ៊ុនចំនួន ៣០ ក្រុមហ៊ុន ឬស្មើនឹង ២៦%  ដែលមានជាប់ខ្សែជា មួយនឹងគ្រួសារ ហ៊ុន ចុះបញ្ជីដាក់ថាជា ក្រុមហ៊ុនឯកជនសមាជិកទោលមានកំណត់ (Single Member Private Limited Company)។ ទាំង ៣០ក្រុមហ៊ុននេះ សមាជិគ្រួសារត្រកូល ហ៊ុន ធ្វើជាប្រធាន ឬ នាយក/នាយិកាទាំងអស់។

ដោយឡែកពីសាច់ឈាមផ្ទាល់លោក ហ៊ុន សែន ឈ្មួញធំៗដែលជួយទ្រទ្រង់ត្រកូល ហ៊ុន និង បក្ស ប្រជាជនកម្ពុជា ហើយទាញផលពីសម្ព័ន្ធមេត្រីភាពនោះរៀងៗខ្លួន មានដូចជាឧកញ៉ា លី យ៉ុងផាត់

ហៅ ផាត់ សុផាផា ឧកញ៉ា ទ្រី ភាព ឧកញ៉ា ឡាវ ម៉េងឃិន និង ភរិយា ជឹងសុភាព ហៅយាយ ភូ ជាដើម។ អំណាចឧកញ៉ា លី យ៉ុងផាត់ សូម្បីតែប្អូនស្រីលោក ហ៊ុន សែន អ្នកស្រី ហ៊ុន ស៊ីណាត ក៏ខ្លបខ្លាចដែរ។ ក្រៅពីត្រកូល ហ៊ុន ផ្ទាល់ មានដន្លងលោក ហ៊ុន សែន ទៀត គឺភរិយាអតីតមេនគរបាល ហុក ឡងឌី អ្នកស្រី ម៉ែន ភក្តី ដែលមានភាគ ហ៊ុនក្នុងក្រុមហ៊ុនដូចតទៅនេះ៖

ក្រុមហ៊ុន ឌី & អឹម បាវ៉ិត តំបន់សេដ្ឋកិច្ចពិសេស (D&M Bavet SEZ Co.), ក្រុមហ៊ុន ស៊ីវីអាយ ទីសំណាក់កម្សាន្ត (CVI Resorts), ក្រុមហ៊ុន ស៊ីវីអាយ ដីធ្លី (CVI Land), ក្រុមហ៊ុន កម្ពុជា អគ្គិសនីឯកជន (Cambodia Electricity Private)។

តទៅនេះ ជាសេចក្តីរាយការណ៍អំពីតួលេខចំនួនទុន ជាដុល្លារអាមេរិក ដាក់រកស៊ីក្នុងក្រុមហ៊ុនទាំងអម្បាលម៉ានដែលគ្រប់គ្រងដោយក្រុមគ្រួសារសែ ហ៊ុន។ មានក្រុមហ៊ុនរបស់អ្នកខ្លះ

មិនបង្ហាញចំនួនទុន ក្រុមហ៊ុនអ្នកខ្លះទៀត បង្ហាញចំនួនទុនមួយផ្នែក មិនបង្ហាញមួយផ្នែក៖

១. ជីដូនមួយលោក ហ៊ុន សែន ឈ្មោះ ឌី ចូច ហៅ ហ៊ុន ចូច ដាក់ទុន ១ម៉ឺនដុល្លារ ២. កូនស្រី ហ៊ុន ម៉ាលី និង ប្តី សុខ ពុទ្ធាវុធ ដាក់ទុនជិត ១៨លានដុល្លារ ៣. កូនស្រី ហ៊ុន ម៉ាណា និង ប្តី ឌី វិជ្ជា ដាក់ទុនជិត ៦៧លានដុល្លារ ៤.  កូនប្រុស ហ៊ុន ម៉ានិត និង ប្រពន្ធ ឌី ហុក ចិន្តាវី កូនស្រីអតីតមេនគរបាល ហុក ឡងឌី ដាក់ទុន ៥២លានដុល្លារ

៥.  កូនប្រុស ហ៊ុន ម៉ានី និង ប្រពន្ធ យឹម ឆាយលីន ដាក់ទុន ៧ម៉ឺនដុល្លារ ៦. អ្នកស្រី ម៉ែន ភក្តី ប្រពន្ធអតីតមេនគរបាល ហុក ឡងឌី ជាម្តាយ ឌី ហុកចន្តាវី និង ឌី វិជ្ជា ដាក់ទុន ៥២លានដុល្លារ

៧. យឹម លៀង ភេទប្រុស បងប្អូន យឹម ឆាយលីន ប្រពន្ធ ហ៊ុន ម៉ានី ដាក់ទុន ២លានដុល្លារ ៨. សុខ សុភ័គ កូនស្រីឧត្តមសេនីយ៍ប៉ូលិស សុខ ផល ជាប្រពន្ធរបស់ ហ៊ុន ស៊ាងហេង កូនប្រុសលោក ហ៊ុន ណេង ដាក់ទុន ១ម៉ឺនដុល្លារ ៩. ហ៊ុន តូ កូនលោក ហ៊ុន ណេង ក្មួយប្រុសលោក ហ៊ុន សែន រួមនឹងប្រពន្ធជនជាតិថៃ

ឈ្មោះ ថៃ ជាក់គីតៃហៀន (Thai Jackie Tai Hien) ដាក់ទុនជិត ៧លានដុល្លារ ប្រទេសកម្ពុជា ខុសពីប្រទេសដទៃភាគច្រើន បានប្រគល់សិទ្ធិគ្រប់គ្រង ចាត់ចែងតំបន់សេដ្ឋ កិច្ចពិសេស (Special Economic Zone) ទៅឲ្យក្រុមហ៊ុនឯកជន។

ក្នុងចំណោម តំបន់សេដ្ឋកិច្ច ពិសេសចំនួន ៣៤ រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនរបស់ឧកញ៉ាជិតស្និទ្ធនឹងត្រ កូល ហ៊ុន ឬ សាច់ថ្លៃរបស់លោក ហ៊ុន សែន គ្រប់គ្រង ចាត់ចែងតំបន់សេដ្ឋកិច្ចពិសេសចំ នួន ១២ មានដូចជានៅខេត្តស្វាយរៀងជាដើម ដែលមានប្រពន្ធលោក ហ៊ុន ណេង អ្នកស្រី លាង វួចឆេង និង ដណ្លង អ្នកស្រី ម៉ែន ភក្តី ដែលមានទុន ១៣លានដុល្លារ។ ចំពោះបញ្ហាបាត់ចំណូលរដ្ឋមួយផ្នែកទៀត គឺការសរសេរ វិក្កយបត្រខុស (mis-invoicing)។

ការសរសេរ វិក្កយបត្រខុស គឺការចុះបញ្ជីរាយនាមមុខទំនិញក្លែងបន្លំតម្លៃពិត បរិមាណពិត និង គុណភាពពិត ពេលនាំចេញនិងនាំចូល ដោយឃុបឃិតគ្នាជាមួយមន្រ្តីពុករលួយក្នុងចេតនាចៀសការបង់ពន្ធដារតាមច្បាប់កំណត់។ អង្គការអន្តរជាតិ Global Financial Integrity

ប៉ាន់ប្រមាណឃើញថាពីឆ្នាំ២០១៣ រដ្ឋាភិបាលបាត់ចំណូលរាប់ពាន់លានដុល្លារពីការបន្លំឯកសារទំនិញពីក្រុមហ៊ុនជំនួញគ្រប់គ្រងដោយក្រុមគ្រួសារលោក ហ៊ុន សែន ចំនួន១៧ក្រុមហ៊ុន ឬ ប្រមាណជា១៥% នៃក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់។

នៅឆ្នាំនោះ សកម្មភាពអា ហរ័ណ នីហរ័ណ មានទឹកប្រាក់ ១៨ពាន់លានដុល្លារ ប៉ុន្តែ ទឹកប្រាក់ ៤ពាន់លានដុល្លារ មិនឃើញក្នុងបញ្ជីបង់ពន្ធ ហើយហូរចូលមកដោយមិនស្របច្បាប់ទៅវិញ។ ឧទាហរណ៍មួយ ទៀត គឺការនាំឈើចេញទៅហុងកុងនៅឆ្នាំ២០១៥ ដោយក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលគេកត់តម្លៃឈើឲ្យខុសដើម្បីគេចពន្ធ។

តាមនិយមន័យនៃពាក្យ សរសេរវិក្កយបត្រខុស ឬ រាយការណ៍ខុស អំពីមុខទំនិញ តម្លៃ បរិ មាណ និង គុណភាពពិត (mis-invoice or misreport) ក្នុងសេចក្តីរាយការណ៍ពីអង្គការអន្តរជាតិ Global Financial Integrity ឈ្មួញទុច្ចរិតមានបំណង ឬ ចេតនា ៤យ៉ាង៖ ១. លាងលុយកខ្វក់ ទទួលបានពីប្រភពខុសច្បាប់ ដោយបង្វែរលុយទៅលាក់ក្រៅប្រទេស ២. គេចពន្ធគយ ៖ ឈ្មួញនាំទំនិញចូល បន្ទាបតម្លៃមុខទំនិញ

៣. គៃពន្ធដារ ៖ ឈ្មួញនាំផលិតផលចេញពីប្រទេសណាមួយ តម្លើងតម្លៃទំនិញ ៤. វេះការត្រួតពិនិត្យដើមទុន ៖ តម្លើងតម្លៃទំនិញ ដើម្បីយកលុយចេញពីប្រទេសភាគបន្ត សូមជូនសប្តាហ៍ក្រោយ។

ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ៉ាស៊ិនតុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស