31 C
Phnom Penh

បាតុករថៃសន្យាតវ៉ារហូតលុបចោលមាត្រា១១២ ករណីកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបាតុករវ័យក្មេងនៃចលនានិស្សិតដើម្បីសេរីភាព ថៃដែលបានធ្វើបាតុកម្មជាង៤ខែ ទាមទារ និងគាបសង្កត់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងទាញទំលាក់លោក ប្រាយុទ្ធចាន់អូចា ពីអំណាចនោះ បានឈានដល់ការធ្វើបាតុកម្មដំណាក់កាលមួយទៀត គឺទាមទារឲ្យលុបចោលច្បាប់ប្រមាថអង្គព្រះមហាក្សត្រ។

នៅក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មេដឹកនាំ បាតុករ និងបាតុករទាំងនោះបានធ្វើដំណើរទៅកាន់ស្នាក់ការរបស់អង្គការសហប្រជាជាតិដោយដាក់ញត្តិទាមទារឲ្យជួយអន្ដារគមន៍ទៅរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ឲ្យលុបចោលមាត្រា១១២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការកាត់ទោស ជនទាំងឡាយណាដែលរងបទចោទពីការប្រមាថព្រះចេស្ដាព្រះមហាក្សត្រឲ្យមានទោសពី៣ឆ្នាំទៅ១៥ឆ្នាំ។

ក្រុមបាតុករអះអាងថា មាត្រា១១២នេះពុំឈរលើគោលការណ៍ដូចមានចែងនៃអនុសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធិមនុស្សជាសកល ស្ដីពីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលនោះទេ។

ពួកគេព្រមានថា រាជាណាចក្រថៃត្រូវតែជាប្រទេសមួយមានប្រជាធិបតេយ្យពិតៗមិនមែនជាប្រទេស ប្រកាន់ប្រជាធិបតេយ្យបែបផ្ដាច់ការនោះទេ ហើយថាច្បាប់ដែលកាត់ទោសជនទាំងឡាយណាប្រើប្រាស់សិទ្ធបញ្ចេញមតិ គឺជាការបំពានលើស្មារតី នៃអនុសញ្ញាអន្ដរជាតិជាសកល។

ញត្តិរបស់បាតុករ ទាមទារឲ្យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំនៅទីក្រុងបាងកក ជួយអន្ដរាគមន៍ធ្វើយ៉ាងណាឲ្យមានការរុះរើច្បាប់នេះចេញ ដោយការប្រជុំ និងអនុម័តពីសមាជិកសភា ឬតាមយន្តការណាក៏ដោយ។

ពួកគេថាមេដឹកនាំបាតុករជាច្រើននាក់កំពុងប្រឈមនឹងការកាត់ទោសដោយច្បាប់នេះ ហើយថាពួកគេនឹងតស៊ូជានិច្ច និងបន្ដទៀតរហូតទាល់តែមានដំណោះស្រាយសម្រាប់គោលការណ៍សិទ្ធិមនុស្សយ៉ាងពិតប្រាកដនៅក្នុងរាជាណាចក្រថៃ។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចុះផ្សាយថា យ៉ាងហោចណាស់មាន បាតុករចំនួន ២៤នាក់កំពុងប្រឈម និងការកោះហៅឡើងតុលាការនិង១២នាក់ទៀតកំពុងជំនុំជំរះក្ដី ពីបទប្រមាថអង្គព្រះមហាក្សត្រ។

នៅក្នុងពេលដែលពួកបាតុករកំពុងជួបជុំគ្នាពេលនោះគឺបាតុករបានស្រែកទាមទារឲ្យលោកប្រាយុទ្ធយកញត្តិរបស់ពួកគេទៅថ្វាយព្រះមហាក្សត្រហើយថាត្រូវតែទំលាក់ចោលច្បាប់នេះចេញពីក្រមព្រហ្មទណ្ឌរបស់ប្រទេស។

តាមបាតុករគឺពួកបាតុករចង់ឲ្យមានរដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានរៀបរៀងឡើងដើម្បីកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រហើយចែងឲ្យបានច្បាស់អំពីសិទ្ធរបស់ពលរដ្ឋឲ្យស្របនឹងគោលការណ៍ច្បាប់អន្ដរជាតិជាសកល។

មុនការរំសាយនៃការជួបជុំគ្នាកាលពីថ្ងៃម្សិលមិញនេះពួកបាតុករបានសន្យាថាពួកគេនឹងវិលមកជួបគ្នាវិញនៅចុងសប្ដាហ៍នេះ ដើម្បីបន្ដការទាមទារឲ្យមានការបញ្ចប់អំណាចរបស់លោកប្រាយុទ្ធ ដែលពួកបាតុករហៅថាជានាយករដ្ឋមន្ដ្រីកើតចេញពីរដ្ឋប្រហារ។

អ្នកសង្កេតការណ៍ បានហៅការធ្វើបាតុកម្មរយៈជាង៤ខែមកនេះ គឺបញ្ហាធំជាងគេ ការចង់ឃើញ លោកបា្រយុទ្ធចុះចេញពីតំណែង ព្រោះ បាតុករចាត់ទុក អតីតឧត្តមសេនីយ៍មេរដ្ឋប្រហារ រូបនេះ គឺជាដើមចមនៃការធ្វើអោយប្រជាធិបតេយ្យនៅថៃជួបឧសគ្គ ហើយ ឈានដល់ការគ្រប់គ្រងបែបផ្ដាច់ការ។

លោកប្រាយុទ្ធបានតោងអំណាចមកដល់ពេលនេះគឺកើតចេញពីលទ្ធផលនៃការធ្វើរដ្ឋប្រហាររបស់លោក នៅខែឧសភា ឆ្នាំ២០១៤ដែលពេលនោះ ទម្លាក់គណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។ ។

បច្ចុប្បន្ន បក្សភឿថៃ ជាប្រឆាំងឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសភា កាលពីខែមីនា ឆ្នាំ២០១៩ ។ ប៉ុន្តែដោយមិនមានសំឡេងគ្រប់គ្រាន់ នៅក្នុងរដ្ឋសភា បក្សនេះបានខកខានការបង្កើតរដ្ឋាភិបាល ព្រោះតែបក្សចាញ់ឆ្នោតតូចៗបានទៅ អោបក្រសោបជាមួយបក្សបល្ល័ង្គបា្រចារ៉ាត់របស់លោកប្រាយុទ្ធ ដោយបានផ្ដល់ឱកាសអោយអតីតមេរដ្ឋប្រហាររូបនេះ ឆក់អំណាចបន្តទៀត ជាមួយនឹងការគាំទ្រពីសមាជិកព្រឹទ្ធសភា ២៥០រូបដែលបាតុករទាមទារអោយរំលាយស្ថាប័នមួយនេះព្រោះ ជាស្ថាប័នចាំប្រាថាប់ត្រាអោយលោកប្រាយុទ្ធក្នុងការពង្រឹងអំណាចបែបផ្ដាច់ការ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស