27 C
Phnom Penh

ពលរដ្ឋខេត្តព្រះសីហនុ ចោទលោក គួច ចំរើន ថាជាអ្នកធ្វើឲ្យរលាយហិនហោចដីគម្របព្រៃឈើឆ្នាំ២០០២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន រស់នៅខេត្តព្រះសីហនុ បានចោទលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថា បានឃុបឃិតគ្នាជាមួយបក្ខពួក ជាអ្នកមានទ្រព្យ និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ធ្វើឲ្យហិនហោចគម្របព្រៃឈើបៃតងឆ្នាំ២០០២ និងធនធានធម្មជាតិជាច្រើនទៀត ដែលនៅសេសសល់ ក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។

ពួកគេនិយាយថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសហការគ្នាជាមួយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារដាក់ជូន លោក ហ៊ុន សែន ដើម្បីកាត់ឆ្វៀលដីគម្របព្រៃឈើបៃតងឆ្នាំ២០០២ ឲ្យក្លាយជាដីឯកជន របស់រដ្ឋ មានទំហំសរុបជាង ៧៥ហិកតា (៧៥,៣០ហិកតា) ក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅឈ្មោះ អ៊ុំ តុង, ជា វ៉ាន់ដេត, សុខ លី, ព្រំ វី និងឈ្មោះ អ៊ុំ ឡា ដែលគេស្គាល់ថា ជាអ្នកមានទ្រព្យ និងមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាល ហើយត្រូវជាបក្ខពួក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្ន។

ទាំងមន្ត្រីរាជការថ្នាក់មូលដ្ឋាន និងពលរដ្ឋមានវិវាទដីធ្លីភាគច្រើន សំណូមពរដល់ លោក ហ៊ុន សែន ជួយពិនិត្យ និងស្រាវជ្រាវ ទៅលើឯកសារស្នើកាត់ឆ្វៀលដី ឬឯកសារស្នើធ្វើអនុប្រយោគដីគម្របព្រៃឈើឆ្នាំ២០០២ ឲ្យបានត្រឹមត្រូវជាថ្មីឡើងវិញ ដើម្បីការពារធនធានធម្មជាតិ ឬដីសាធារណៈ របស់រដ្ឋ ដែលនៅសេសសល់នាមូលដ្ឋានខេត្តព្រះសីហនុ ទុកជូនយុវជនជំនាន់ក្រោយបានឃើញ និងអាស្រ័យផល ។

ពួកគេក៏បានសំណូមពរដល់ លោក ហ៊ុន សែន ត្រូវបញ្ជូនមន្ត្រីស្អាតស្អំ ដើម្បីចុះស៊ើបអង្កេតទៅលើ សកម្មភាព របស់លោក គួច ចំរើន និងរដ្ឋមន្ត្រីនៃក្រសួង ឬមន្រ្តីនៃស្ថាប័នខ្លះ ដែលមានឈ្មោះជាប់ពាក់ព័ននឹងការឃុបឃិតរៀបចំឯកសារដាក់ជូន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យចុះហត្ថលេខាកាត់ឆ្វៀលដី ទំហំ ជាង ៧៥ ហិកតា នេះ។

ទាំងមន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋខេត្តព្រះសីហនុ អះអាងថា ពលរដ្ឋក្រីក្រដែលមិនមានដីសង់ផ្ទះរស់នៅ បែរជាមិននទទួលបានដី មួយចំអាមណាទេ តាមរយៈការធ្វើអនុប្រយោគ ឬសំណើរកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ២០០២ នេះ។

មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បានទទួលស្គាល់ថា ចាប់តាំងពី លោក គួច ចំរើន បានមកដឹកនាំជាអភិបាលខេត្តព្រះសីហនុ គឺឃើញមានធនធានធម្មជាតិ របស់រដ្ឋ ដែលនៅសេសសល់រួមមាន៖ ដីគម្របព្រៃឈើឆ្នាំ២០០២, ត្រពាំង បឹង អូរធម្មជាតិ និងធនធានធម្មជាតិច្រើនទៀត ត្រូវបានអភិបាលខេត្តរូបនេះ ស្នើធ្វើអនុប្រយោគទៅឲ្យបុគ្គលមានទ្រព្យ, មន្ត្រីមានអំណាច ដែលត្រូវជាបក្ខពួក និងតាមការបង្គាប់បញ្ជា របស់ថ្នាក់លើ របស់ខ្លួនជាច្រើនទីតាំងជាបន្តបន្ទាប់មកនេះ។

ទោះជាបែបនេះក្តី The Cambodia Daily នៅមិនទាន់អាច ទាក់ទង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីបំភ្លឺជុំវិញការរិះគន់ ករណីកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ មានទំហំផ្ទៃដីសរុប ៧៥,៣០ហិកតា នៅ ក្រុងព្រះសីហនុ និងនៅស្រុកព្រៃនប់ បានទេ នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ នេះ។

យ៉ាងនេះក្តី យោងតាមឯកសារ ដែល The Cambodia Daily ទើបទទួលបានពីមន្ត្រីរាជការថ្នាក់ទាប នៃរដ្ឋបាលខេត្តព្រះសីហនុ តាមបណ្តាញ Messenger Facebook នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ បញ្ជាក់ថា ចំពោះសំណើរធ្វើអនុប្រយោគ ឬស្នើកាត់ឆ្វៀលដីចេញពីបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ផ្តើមដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជូនទៅឲ្យ ឈ្មោះ អ៊ុំ តុង, ជា វ៉ាន់ដេត, សុខ លី, ព្រំ វី និង អ៊ុំ ឡា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា និងបោះត្រា សម្រេចចេញអនុក្រឹត្យកាត់ឆ្វៀលរួចហើយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ជាស្ថាពរអស់ទៅហើយ ហើយក៏មិនដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអាចពិនិត្យសើរើឯកសារទាំងនេះឡើងវិញ ឬយ៉ាងណានោះដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស