26 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឱ្យរដ្ឋាភិបាលបិទការនាំចូលត្រីពីវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬGDP បានជំរុញឱ្យរដ្ឋាភិបាលបិទការនាំត្រីពីប្រទេសវៀតណាម ចូលមកកម្ពុជាមួយរយៈសិន។

ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង់ សាំងកុមារ សរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា ការនាំត្រីចូលពីប្រទេសវៀតណាម គឺធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីនៅក្នុងស្រុក។ លោកថាបញ្ហានេះ រដ្ឋាភិបាលគប្បីបិទការនាំចូលត្រីពីប្រទេសវៀតណាមមួយរយៈ ព្រោះត្រីនៅកម្ពុជានៅសម្បូរនៅឡើយ។

ការលើកឡើងនេះ ក្រោយមានការត្អូញត្អែរពីក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជា ជុំវិញការនាំចូលត្រីពីវៀតណាមដ៏ច្រើនលើសលុប ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងមុខរបររបស់ពួកគាត់។

ក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសខាងរដ្ឋបាលជលឱ្យតាមដានត្រួតពិនិត្យឱ្យច្បាស់លាស់ និងទប់ស្កាត់ បទល្មើសការនាំចូលផលត្រីពីប្រទេសវៀតណាម។

ក្នុងកិច្ចប្រជុំនោះ លោក វេង សាខុន ណែនាំដល់រដ្ឋបាលជលផលឱ្យសហការជាមួយសមាគមវារីវប្បករកម្ពុជា ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការបន្ថែម ដោយប្រើយន្តការចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត រួចកំណត់ចេញអំពីបរិមាណផ្គត់ផ្គង់ និងតម្រូវការច្បាស់លាស់មួយ។ ត្រូវពង្រឹង និងពង្រីកបន្ថែមទៀតលើការងារផ្សព្វផ្សាយបច្ចេកទេស តាមបែបបទរដ្ឋបាល និងឯកសារគតិយុត្តិដែលមានស្រាប់ដល់សមាជិកសមាគម។ បន្ថែមពីនេះ ត្រូវពង្រឹងការងារទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្ម ដោយត្រូវសហការជាមួលភាគីពាក់ព័ន្ធ និងសមាគម។

លោកបន្តថា ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីបច្ចេកទេសចិញ្ចឹម កែច្នៃ ធ្វើយ៉ាងណាបង្កើនផលិតភាពចិញ្ចឹមក្នុងផ្ទៃដីស្រះទឹកដដែល ដើម្បីធានាបាននូវសុខុមាភាព វិបុលភាព និងនិរន្តរភាពនៃវិស័យវារីវប្បកម្មកម្ពុជាក្នុងពេលអនាគតដ៏ខ្លីជាដើម។

ដោយឡែក សម្រាប់ខាងសមាគមវារីវប្បករកម្ពុជា លោក វេង សាខុន បានជំរុញ សហការគ្នាក្នុងរង្វង់សមាគម បង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ រួមមាន បង្កង កន្ធាយ និងកង្កែប ទាំងបរិមាណ និងគុណភាពឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូល។ ខិតខំរួមសាមគ្គីគ្នាអនុវត្តបែបបទបច្ចេកទេស រដ្ឋបាល និងការអនុវត្តច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធភាព ឆ្លើយតបតាមស្តង់ដារផលិត ដែលជាឱកាសដ៏ល្អសម្រាប់ការប្រកួតប្រជែង។

លើសពីនេះ ត្រូវរួមសហការគ្នាឲ្យបានល្អប្រសើរជាមួយរដ្ឋបាលជលផល ដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្មខុសច្បាប់តាមគ្រប់រូបភាពជាដើម។

យ៉ាងណា ក្នុងរយៈពេលចុងក្រោយនេះ ទិន្នផលត្រីនៅកម្ពុជាកាន់តែហិនហោច ស្របពេលកសិករខំប្រឹងចិញ្ចឹមផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ថែម ប៉ុន្តែរដ្ឋាភិបាលនៅតែបណ្តោយឱ្យឈ្មួញវៀតណាមអាចបង្ហូរទិន្នផលត្រីចិញ្ចឹមរបស់ខ្លួនមកកម្ពុជា ដែលធ្វើឱ្យទីផ្សារក្នុងស្រុកជួបបញ្ហាប្រឈមជាខ្លាំង។

ក្រុមអ្នកតាមដានសង្គមតែងរិះគន់ថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសរាប់សិបឆ្នាំ ប៉ុន្តែមិនបានគិតគូរដល់កសិករដូចការអះអាងនោះឡើយ ពោលគឺកសិករខ្មែរត្រូវរស់នៅឬ ប្រកបមុខរបរកសិកម្ម ចិញ្ចឹមសត្វ ចិញ្ចឹមត្រីជាដើមនោះ  ធ្វើឡើងតាមបែបយថាកម្ម ឬ ខ្លួនទីពឹងខ្លួនតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ស្ទើររាល់ពេលដែលកសិករខ្មែរផលិតបាន ទីផ្សារផលិតផលរបស់ពួកគាត់ ត្រូវបានសម្លាប់ដោយការនាំចូលផលិតផលពីប្រទេសជិតខាង ពិសេសវៀតណាមមកតែម្តង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស