អង្គការសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ជំរុញឱ្យធនាគារពិភពលោក ឬWorld Bank ស៊ើបអង្កេតទៅលើការរំលោភសិទ្ធិពលរដ្ឋខ្មែរពីសំណាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អង្គការHuman Rights Watch លើកឡើងថាក្រុមធនាគារពិភពលោកគួរតែធ្វើការស៊ើបអង្កេតលើករណីលក់ដីធ្លី លក់ផ្ទះសម្បែង ដែលត្រូវបានគេចោទប្រកាន់ និងការរំលោភសិទ្ធិផ្សេងៗទាក់ទងនឹងការផ្តល់ប្រាក់កម្ចី និងការជំពាក់បំណុលដោយមិនបានសង ទៅម្ចាស់បំណុលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ អង្គការដដែលអះអាងថា បញ្ហានេះមានជាយូរមកហើយ ហើយកាន់តែអាក្រក់ទៅៗ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ។
នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch ប្រចាំអាស៊ី លោក Phil Robertson មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា“ ម្ចាស់ជំនួយអន្តរជាតិសម្រាប់វិស័យប្រាក់កម្ចីខ្នាតតូចរបស់កម្ពុជា មិនគួរផ្តល់ប្រព័ន្ធដែលរំលោភសិទ្ធិដល់អ្នកខ្ចីបំណុល ដែលកំពុងប្រឈមក្នុងវិបត្តិសុខភាពសាធារណៈនិងសេដ្ឋកិច្ច”នោះឡើយ ។
លោកថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ថា IFC និងម្ចាស់ជំនួយមីក្រូហិរញ្ញវត្ថុផ្សេងទៀត គួរតែធ្វើការស៊ើបអង្កេតតាមមូលដ្ឋានដែលបានណែនាំដោយការពិចារណាអំពីសិទ្ធិមនុស្សមុនពេលធ្វើការ វិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះនៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងពីរបាយការណ៍វាយតម្លៃពីស្ថានភាពទីផ្សារមីក្រូហិរញ្ញវត្ថុនៅកម្ពុជាហៅកាត់ថា MIMOSA ដែលធ្វើឡើងដោយស្ថាប័នខាងក្រៅមួយកាលពីខែមីនាក្នុងឆ្នាំ២០២០នេះ។ របាយការណ៍នោះ បានរកឃើញពីបញ្ហាធ្ងន់ធ្ងរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា។ លទ្ធផលនៃការរកឃើញនោះ គឺផ្អែកទៅលើទិន្នន័យដែលស្ថាប័នវាយតម្លៃដែលទទួលពីស្ថាប័នផ្ដល់កម្ចីអន្តរជាតិ IFC។
របាយការណ៍ដដែលនេះឲ្យដឹងថា ទំហំកម្ចីនៅកម្ពុជាបានកើនឡើងយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលបង្កឱ្យអ្នកខ្ចីជំពាក់បំណុលវ័ណ្ឌក ហើយថា រដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយច្បាស់លាស់ ដើម្បីគ្រប់គ្រងការទម្លាក់កម្ចីទៅកូនបំណុល និងការប្រមូលបំណុលបែបបំពាននោះឡើយ។
កាលពីខែកក្កដា អង្គការឃ្លាំមើលសិទិ្ធមនុស្សក្នុងស្រុកចំនួនពីរ រួមមានអង្គការលីកាដូ និងសមាគមធាងធ្នោត បានលើកឡើងពីក្តីបារម្ភជុំវិញការរំលោភសិទ្ធិមនុស្សក្នុងប្រាក់កម្ចីខ្នាតតូចនៅកម្ពុជា។ ក្នុងករណីសិក្សានៅខេត្តបន្ទាយមានជ័យមួយពួកគេរកឃើញថា មានការលក់ដីដោយបង្ខំនៅពេលដែលមន្រ្តីឥណទានដាក់សម្ពាធ ដល់ពួកគេ។
អង្គការ Human Rights Watch បន្តថា រដ្ឋាភិបាល និងអ្នកផ្តល់ប្រាក់កម្ចីខ្នាតតូច ខកខានក្នុងការដោះស្រាយវិបត្តិនេះឱ្យបានគ្រប់គ្រាន់ និងមិនបានឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ពលរដ្ឋ ខណៈពលរដ្ឋកំពុងប្រឈមបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូល បាត់បង់ការងារ ឬមុខរបរ និងត្រូវប្រឈមបញ្ហាបំណុលផងដែរ៕