38 C
Phnom Penh

មន្ត្រីបក្សប្រឆាំងថា គណៈកម្មាធិការគ្រប់គ្រងមូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ អាចមានសមាសភាពតែខាងពីរដ្ឋាភិបាលប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានរិះគន់ថា រដ្ឋាភិបាលអាចនឹងបង្កើត គណកម្មាធិការគ្រប់គ្រងមូលនិធិ ថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានសមាសភាពតែពីក្រុមមន្រ្តីរដ្ឋាភិបាលឯកបក្សប៉ុណ្ណោះ។ បញ្ហានេះ ពួកគេថានឹងធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ ដោយសារការគ្រប់គ្រង់សាច់ប្រាក់ដែលប្រមូលបានពីសប្បុរសជនគ្មានតម្លាភាព។

លោក សួន សុរីដា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកំពង់ស្ពឺភាគីលោក កឹម សុខា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកសាទរដែលរដ្ឋាភិបាលប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩ រហូតមានការអំពាវនាវរកថវិកាដើម្បីទិញ ថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ។ លោកបន្តថា ទោះថវិកាដែលរៃអង្គាសនោះមានចំនួនតិច ឬច្រើនយ៉ាងណាក៏ដោយ តែនោះជាសមានចិត្តរបស់ ពលរដ្ឋក្នុងការរួមចំណែកជួយរដ្ឋាភិបាល ប៉ុន្តែបើរដ្ឋាភិបាលកម្ពុជានៅតែបន្តវិធីសាស្ត្ររៃអង្គាសពីពលរដ្ឋទៀតនោះ មិនមែនជាមធ្យោបាយល្អឡើយ។ 

លោកយល់ថា ទង្វើបែបនេះបង្ហាញយ៉ាងច្បាស់ពីកំសោយរបស់រដ្ឋាភិបាលកម្ពុជា ដែលអសមត្ថភាពក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើន និងអាចធានាសុវត្ថិភាពជូន ពលរដ្ឋរបស់ខ្លួនក្នុងគ្រាមាន      អាសន្ន។

ជាងនេះទៀត លោកថា រដ្ឋាភិបាលហាក់គ្មានកញ្ចប់ថវិការបម្រុងទុកដើម្បីទប់ទល់នឹងវិបត្តិមួយនេះទាល់តែសោះ ត្បិតកញ្ចប់ថវិកាដែលរដ្ឋាភិបាលប្រើដើម្បីបញ្ជាទិញ ថ្នាំបង្ការ១លានដូសក្នុងដំណាក់កាលដំបូង មានចំនួនតិចតួចណាស់ សូម្បីមូលនិធិដែលប្រមូលបាននេះ ក៏មិនគ្រប់គ្រាន់នឹងទិញថ្នាំបង្ការ ដើម្បីចាក់ជូនពលរដ្ឋឲ្យបានគ្រប់គ្នាផងនោះ។

លោក សួន សុរីដា រិះគន់ថា ទោះបីថវិកាដែលបានពីសប្បុរសជន មិនមានច្រើនតាមតម្រូវការនឹងប្រើប្រាស់ក្នុងការបញ្ជាទិញ ថ្នាំបង្ការ សម្រាប់ចាក់ជូនពលរដ្ឋខ្មែរក៏ដោយ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមិនចេះថែរក្សា និងចំណាយថវិការដែលបានមកពីញើសឈាមពលរដ្ឋក្រីក្ររបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមិនមានតម្លាភាពទេនោះ វាគឺជារឿងដែលគួរឲ្យអាម៉ាសជាទីបំផុត។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសរៃអង្គាសថវិកាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីទិញថ្នាំបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា មូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ មានចំនួនប្រមាណ ជិត៥០លានដុល្លារអាមេរិកហើយ មកទល់នឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ។

ស្ថាបនិកនៃអង្គការចលនាមាតាធម្មជាតិ លោក អាឡេច ហាន់ដ្រូហ្កន់ហ្សាលេដេវីតសុន (Alejandro Gonzalez Davidson) បានលើកឡើង ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះដោយបារម្ភថា យ៉ាងហោចណាស់មានម្ចាស់ក្រុមហ៊ុនទុច្ចរិតមួយចំនួន ដែលបានរកស៊ីខុសច្បាប់ដូចជា ក្រុមហ៊ុន របស់លោក ទ្រី ភាព ជាដើម ដែលតែង រកស៊ីកាប់បំផ្លាញព្រៃឈើកម្ពុជាដោយខុសច្បាប់ បានចូលរួមឧបត្ថម្ភថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាលកម្ពុជាដើម្បីទិញថ្នាំវាក់សាំងបង្ការជម្ងឺកូវីដ១៩។

លោកបញ្ជាក់ថា រឿងដែលសំខាន់បំផុតនោះគឺត្រូវតែមានតម្លាភាពទាំងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដែលត្រូវបង្ហាញពីប្រភពចំណូលរបស់ពួកគេ ហើយថា អង្គភាពប្រឆាំងអំពើពុករលួយ ACU ត្រូវតែត្រួតពិនិត្យលើក្រុមហ៊ុន និងស្ថាប័នរបស់រដ្ឋាភិបាលទំាងនោះ។

លោក អាឡិច បន្តថា រហូតមកទល់ពេលនេះរដ្ឋាភិបាលនៅមិនទាន់ប្រកាសពីទំហំទឹកប្រាក់ប៉ុន្មានឲ្យពិតប្រាកដ ដែលខ្លួនត្រូវការដើម្បីទិញ ថ្នាំបង្ការជំងឺកូវីដ១៩ នៅឡើយនោះទេ ខណៈយុទ្ធនាការនៃការរៃអង្គាសក៏មិនទាន់បានប្រកាសថានឹងបិទបញ្ចប់នៅថ្ងៃណានោះដែរ។

ទាក់ទិននឹងបញ្ហានេះ អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាន អះអាងថា ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តចំពោះសាធារណ:ជន លើការគ្រប់គ្រង មូលនិធិដើម្បីថ្នាំបង្កា ជំងឺកូវីដ១៩ រដ្ឋាភិបាលគួរបង្កើតគណ:កម្មាធិការគ្រប់គ្រង ដែលមានសមាសភាពចូលរួមពីចម្រុះភាគី ដើម្បីធានាថា គ្មានអំពើពុករលួយកើតឡើង។

លោកបញ្ជាក់ថា គណៈកម្មាធិការដែលអាចធានាតម្លាលើថវិការបស់សប្បុរសជនដែលបានចូលរួមក្នុងមូលនិធិ ដើម្បីថ្នាំបង្កាកូវីដ១៩ ក្នុងនោះរួមមាន ព្រះមហាក្សត្រខ្មែរដែលទ្រង់គង់ជាព្រះប្រធានកិត្តិយស    រីឯ តំណាងរដ្ឋាភិបាល ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី ដើរតួនាទីជាប្រធានប្រតិបត្តិ។ ចំណែកតំណាងអង្គការសង្គមស៊ីវិល ជាសមាជិក ខណៈតំណាងអង្គការសុខភាពពិភពលោក (WHO) ជាអ្នកសង្កេតការណ៍ និងតំណាងសភាពាណិជ្ជកម្ម ឬវិស័យឯកជន ជាសមាជិកជាដើម ដើម្បីធានាបាននូវរសម្លាភាពក្នុងការប្រើប្រាស់កញ្ចប់ថវិកាបានពីសប្បុរសជន និងធានាបាននូវការប្រើប្រាស់កញ្ចប់ថវិកានោះចំគោលដៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស