32.9 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមថា កម្ពុជានឹងខាតបង់កាន់តែធ្ងន់ធ្ងរបើនៅតែបន្តគម្រោង តំបន់មុំ៣ ជាមួយវៀតណាមបន្តទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ព្រមានថា កម្ពុជាត្រូវដកខ្លួនចេញពីគម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ (Development Triangle Area) ជាបន្ទាន់ ដើម្បីបញ្ចៀសពីមហិច្ចតាវៀតណាម ដែលប៉ុនប៉ងរំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរកន្លងមក។

ប្រធានតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល រិះគន់ថា គម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ ឬហៅថា តំបន់មុំ៣ រវាង កម្ពុជា ទ្បាវ និងវៀតណាម នឹងបណ្តាលឲ្យទឹកដីកម្ពុជាក្នុងខេត្តភាគឦសានចំនួន ៤ រួមមាន រតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង រងការបំផ្លិចបំផ្លាញ។

ការបំផ្លិចបំផ្លាញនេះ នឹងកើតឡើង នៅពេលដែល ជនជាតិវៀតណាម អាចចេញចូល និងកាន់កាប់កម្មសិទ្ធិដីធ្លីរបស់កម្ពុជាស្របច្បាប់ ក្រោមស្លាកអាជីវកម្មក្នុងតំបន់អភិវឌ្ឍន៍នេះ។

ជាងនេះទៀត លោក ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាត្រូវដកខ្លួនចេញពីគម្រោង តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ទ្បាវ វៀតណាម (CLV) នេះ ជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ទៅថ្ងៃអនាគតដូចជា ការបង្ហូរជនជាតិវៀតណាមកាន់តែច្រើនបន្ថែមទៀតដើម្បីមករស់នៅកម្ពុជា បញ្ចៀសគ្រោះនៃការបំបែកខេត្តខ្មែរតូចៗបន្ថែមទៀត ចេញពីខេត្តខ្មែរមួយចំនួន នៅតំបន់ភូមិភាគឦសាន ក្រោមលេស បង្កើតរដ្ឋបាល                មូលដ្ឋាន។

ជាងនេះទៀត ក៏អាចទប់ស្កាត់ពីគ្រោះថ្នាក់នៃភាពហិនហោចព្រៃឈើ រ៉ែ មច្ឆាជាតិ និងធនធានធម្មជាតិខ្មែរដែលមានតម្លៃមហាសាលបន្ថែមទៀតពីឈ្មួញវៀតណាមទាំងនោះ ជាពិសេសកម្ពុជាក៏អាច បញ្ចាប់នយោបាយឈ្លានពានរបស់រដ្ឋាភិបាលក្រុងហាណូយបានមួយផ្នែកផងដែរ។

ប្រធានតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ រូបនេះ ទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ត្រូវធ្វើប្រជាមតិដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋខ្មែរ មុននឹងសម្រេច អនុវត្តគម្រោងអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់នេះ។ លោកបន្តថា បើមិនដូច្នោះទេ ផែនការអភិវឌ្ឍន៍នេះ មានន័យស្មើនឹងរៀបក្បួនឲ្យ ប្រទេសវៀតណាម គ្រប់គ្រងទឹកដីខ្មែរបន្ថែមទៀតដោយជៀសមិនផុតនោះឡើយ។

ការរិះគន់នៅធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានឯកភាពនឹងរដ្ឋាភិបាល ឡាវ និងវៀតណាម ដោយព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូល លើកទី១១ សម្រេចបន្តគម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ ជាមួយគ្នាបន្តទៀត តាមរយៈប្រពន្ធវីដេអូ (VideoConference) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA (Vietnam News Association) កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វៀង ស៊ុនហ្វុក ថា  លោកបានជុំរុញឲ្យកម្ពុជាវៀតណាម និងឡាវ បន្តរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ព្រមទាំងរឹតបន្តឹងការតភ្ជាប់រវាងតំបន់ត្រីកោណអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងបន្ថែមទៀត។

ពួកគេបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំង៣បានអនុម័តលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល CLV (Cambodia Lao Vietnam) លើកទី១១ ក្នុងផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ត្រីកោណ   អភិវឌ្ឍន៍ និងផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុងតំបន់ត្រីកោណអភិវឌ្ឍនេះផងដែរ។

តំបន់អភិវឌ្ឍន៍ត្រីកោណ (ឬហៅថា CLV) បានព្រមព្រៀងបង្កើតឡើង កាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម។ ក្នុងនោះមានខេត្តចំនួន១៣ ដែលភាគីនីមួយៗបានដាក់បញ្ចូលក្នុងតំបន់ អភិវឌ្ឍន៍ត្រីកោណ នេះ រួមមាន ខាងភាគីកម្ពុជា បានដាក់ខេត្ត ក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី។

រីឯភាគី ឡាវបានដាក់ខេត្ត៤ដែររួមមាន ខេត្ត ចំប៉ាសាក់ សាលវ៉ាន់ខេត្តសេកុង និងខេត្តអាតាពើ។ ចំណែកភាគីវៀតណាម សម្រេចដាក់ខេត្ត៤ដូចគ្នា គឺខេត្ត យ៉ាឡាយ កនតុម ដាក់ឡាក់ និងខេត្តប៊ិញភឿក។

ខេត្តទាំង៤របស់កម្ពុជា មានចំនួនប្រជាជនសរុបប្រមាណ ៥០ ម៉ឺននាក់ ខណៈខេត្តទាំង៤ របស់ឡាវមានប្រជាជនប្រមាណ ៧០ ម៉ឺននាក់ រីឯខេត្តទាំង៤របស់ប្រទេសវៀតណាមមានប្រជាជនសរុបប្រមាណជាង៧លាននាក់ឯណោះ។

ក្រុមអ្នកឃ្លាំមើលសង្គម បារម្ភថា គំរោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះជាគំរោងដ៏មហាគ្រោះថ្នាក់ សម្រាប់កម្ពុជា ខណៈបរទេសឈ្លានពានមួយនេះនៅតែចិញ្ចឹមមហិច្ឆតា រំលោភកាន់កាប់កម្ពុជា ជាប់មិនដាច់សោះនោះ។

ទាក់ទិននឹងករណីនេះ មន្ត្រីសង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើល ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួន ចេញពីគម្រោង តំបន់ត្រីកោណអភិវឌ្ឍ នេះ ជាបន្ទាន់ ដើម្បីអភិវឌ្ឍខ្លួនឯង ឱ្យរឹងមាំជាមុនសិន ចាំគិតគូរពិចារណារឿងការអភិវឌ្ឍរួមគ្នានេះឡើងវិញ ដើម្បីបញ្ចៀសហានិភ័យនានា ឬគ្រោះថ្នាក់ ធ្វើឱ្យបាត់បង់ព្រំដែនកម្ពុជាទៅថ្ងៃក្រោយបន្ថែម  ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស