31 C
Phnom Penh

លោក ហ៊ុន សែន អះអាងថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ទាំងស្រុងទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន ប៉ុន្តែនៅមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។

ក្នុងពិធីថ្លែងសារពិសេសផ្ញើជូន ជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បញ្ជាក់ថា មានហេតុផលចំនួន៥ ដែលបង្ហាញថា ព្រឹតិ្តការណ៍សហគមន៍២៨វិច្ឆិកា នៅមិនទាន់បញ្ចប់។

លោកថា ទី១ រដ្ឋាភិបាលនៅមិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។

បន្ថែមពីនេះ តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។ ជាងនេះទៀត អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងថា បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។

ដោយឡែកចំណុចទី៤ អ្នកដែលត្រូវធ្វើចត្តាឡីស័កជាហូរហែតាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ? និងចុងក្រោយលោកថា នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺកូវីដ១៩ តើបានរកឃើញអ្នកពាក់ព័ន្ធទាំងអស់ឬទេ?

បញ្ហានេះ លោក ហ៊ុន សែន សូមការយោគយល់ក្នុងការរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាបានបិទបញ្ចប់ទាំងស្រុង។

លោកថ្លែងទៀតថា ផលប៉ះពាល់សង្គមខ្លាំងជាងគេនាពេលនេះ គឺការអប់រំ និង សេវាកម្មផ្សេងៗ។ ប៉ុន្តែផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម និងកសិកម្ម ប្រជាពលរដ្ឋអាចនៅធ្វើជាធម្មតា។

គិតត្រឹមថ្ងៃទី១៥ខែធ្នូនេះ កម្ពុជារកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ៣៦២ករណី ក្នុងនោះ ករណីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមានចំនួន ៤១ករណី។ ដោយឡែក អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៣១២នាក់ និងកំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៥០នាក់។

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួនជិត២ម៉ឺននាក់។ ដោយឡែក រាប់ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅកម្ពុជាកាលពីខែមករា មកដល់ពេលបច្ចុប្បន្ន អ្នកយកសំណាកតេស្តរកជំងឺកូវីដ១៩ មានជិត ២៥ម៉ឺនសំណាក ដែលជាអត្រាខ្ពស់ ក្នុងចំណោមប្រទេសធ្វើតេស្តកូវីដ១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស