40.9 C
Phnom Penh

សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំនៅក្រៅឃុំ របស់សមាជិកក្រុមខ្មែរថាវរៈ នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០នេះ។

ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅថ្ងៃទី១៥ខែធ្នូនេះ បានសរសេរថា នៅថ្ងៃទី១៦ខែធ្នូនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងរបស់សមាជិកក្រុមខ្មែរថាវរៈចំនួន៣នាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួន២រូប ផងដែរ។

CCHR បន្តថា សមាជិកក្រុមខ្មែរថាវរៈទាំង៣រូបនោះ រួមមាន លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ឬ សូរ មេត្តា និងព្រះតេជព្រះគុណ កើត សារ៉ាយ។ ដោយឡែកសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ រួមមានអនុប្រធានសមាគម គឺលោក មាន ព្រហ្មមុនី និងសមាជិកសមាគមលោក មួង សុភ័ក្ត្រណា ។

អ្នកទាំង៥រូបត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធការចូលរួមតវ៉ា និងគម្រោងធ្វើបាតុកម្មទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា។ ការចាប់ខ្លួនលោក រ៉ុង ឈុន ក្រោយពេលលោកបានលើកឡើងអំពីបញ្ហាដីធ្លីរបស់ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម។

អ្នកទាំង៥នាក់ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ។

សំណុំរឿងទាមទារឱ្យដោះលែងលោក រ៉ុង ឈុន នេះផងដែរ ក៏បានធ្វើឱ្យប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងសកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួនទៀត ព្រមទាំងសកម្មជនចលនាមាតាធម្មជាតិ និងជាសមាជិកក្រុមខ្មែរថាវរៈពីររូបទៀត ត្រូវបានចាប់និងឃុំខ្លួន ដោយតុលាការចោទប្រកាន់ពាក់ព័ន្ធបទល្មើសប្រហាក់ប្រហែលគ្នានេះ។

ក្នុងសំណុំរឿងនេះ ទាំងអង្គការជាតិ និងអន្តរជាតិ បានហៅពួកគេថាជាអ្នកជាប់ឃុំមនសិការ ដោយចាត់ទុកថាការចាប់ និងឃុំខ្លួនពួកគេទាំងនោះ ថាជារឿងអយុត្តិធម៌ ព្រោះអ្វីដែលពួកគេទាមទារ និងលើកឡើងនោះ ជាសិទ្ធិបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

លើសពីនេះ សកម្មភាពរបស់ពួកគេកន្លងមកក្នុងកិច្ចការងារសង្គម ជាការឈឺឆ្អាលរឿងជាតិ រឿងទឹកដី ពុំមែនជាការបង្កភាពចលាចលសង្គមដូចការចោទប្រកាន់នោះឡើយ។

ទាំងអង្គការជាតិ និងអន្តរជាតិ ធ្លាប់បានទាមទារម្តងហើយម្តងទៀត ឱ្យរដ្ឋាភិបាល ពិសេសតុលាការក្រុងភ្នំពេញ ដោះលែងសកម្មជនសិទ្ធិមនុស្ស និងការងារ ព្រមទាំងសកម្មជនបរិស្ថាន និងសង្គមទាំងអស់ ឱ្យមានសេរីភាពឡើងវិញ។ បន្ថែមពីនេះ ត្រូវទម្លាក់ចោលរាល់ការចោទប្រកាន់ប្រឆាំងពួកគេផងដែរ។

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា  សហរដ្ឋអាមេរិកគាំទ្រប្រជាជនកម្ពុជា និងសិទ្ធិរបស់គេស្របតាមរដ្ឋធម្មនុញ្ញដើម្បីលទ្ធិប្រជាធិប   តេយ្យ និងសេរីភាពជាមូលដ្ឋាន។

ការអះអាងនេះ ធ្វើឡើងក្នុងឱកាសឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចលោកសេរីមួយនេះ គឺលោក Patrick Murphy  នៅថ្ងៃទី១៥ ខែធ្នូ បានជួបជាមួយតំណាងគណបក្សនយោបាយមួយចំនួននៅកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស