29 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមថា ការបដិសេធនូវសំណើរ ឲ្យមានតម្លាភាពលើការគ្រប់គ្រងមូលនិធិ កូវីដ១៩ ជាការចូលរួមប្រព្រឹត្តអំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការបដិសេធ របស់ លោក ហ៊ុន សែន ទៅនឹងសំណើរអង្គការសង្គមស៊ីវិល ដែលស្នើរឲ្យមានការគ្រប់គ្រងមូលនិធិសប្បុរសធម៌ឲ្យមានតម្លាភាពនោះ ហាក់ជាការចូលរួមគាំទ្រ និងបចូលរួមប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរលើមូលនិធិ ដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ការជំទាស់ទៅនឹងការទាមទារឲ្យមានគណនេយ្យភាពរបស់អង្គការក្រៅរដ្ឋាភិបាល បានបង្ហាញពីការមិនទទួលខុសត្រូវរបស់លោក ហ៊ុន សែន ចំពោះមូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។

លោក បញ្ជាក់ថា រដ្ឋាភិបាលគួរតែលាតត្រដាងឲ្យបានច្បាស់លាស់តាមការទាមទាររបស់សង្គមស៊ីដើម្បីបញ្ចប់ការសង្ស័យរបស់ ពលរដ្ឋ ជៀសវាងបង្កើតការមិនទុកចិត្តពីមហាជនបន្ថែមទៀត។

ជាងនេះទៀតលោកថា អង្គភាពប្រឆាំងអំពើពុករលួយត្រូវដើតួរនាទីសំខាន់ណាស់ក្នុងការត្រួតពិនិត្យមើលប្រភពចំណូលរបស់ក្រុមហ៊ុនដែលបានចូលរួមមូលនិធិ ដើម្បីថ្នាំបង្ការជំងឺកូវីដ១៩។

លោកថាការធ្វើដូច្នេះ ត្បិតមា្ចស់ក្រុមហ៊ុនមួយចំនួន បានរកស៊ីខុសច្បាប់ ដូចជាលោក ទី្រ ភាព ដែលជាមា្ចស់ក្រុមហ៊ុនបំផ្លាញព្រៃឈើនៅកម្ពុជាកន្លងមក។

កាអះអាងនេះធ្វើឡើង បន្ទាប់ពី លោ ហ៊ុន សែន បានរិះគន់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការគ្រប់គ្រងមូលនិធិ ដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានការចូលរួមពីពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនធំៗនៅកម្ពុជាជាច្រើន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ។

ទាក់ទិននឹងករណីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃអង្គារ៍នេះ តាមរយៈកម្មវិធីផ្សាយផ្ទាល់ពិសេសរបស់លោក ថា ពេលរដ្ឋាភិបាលប្រមូលលុយ ក្រុមអង្គការសង្គមស៊ីវិលមិនចូលរួមសូម្បីតែមួយសេន ប៉ុន្តែបែរជាមកសុំចូលរួមគ្រប់គ្រងលុយ មូលនិធិទាំងនេះទៅវិញ។

លោក អះអាង បើពលរដ្ឋមិនជឿលើរដ្ឋាភិបាលកម្ពុជានិងរូបលោកផ្ទាល់ទេ នោះមិនមែនពួកគេចូលរួមជាមូលនិធិនេះទេ។ ជាងនេះទៀត លោក ហ៊ុន សែន បានជុំរុញឲ្យអង្គការសង្គមស៊ីវិលទាំងនោះធ្វើយុទ្ធនាការរៃអង្គាសថវិកាពីពលរដ្ឋដោយខ្លួនឯង ថាតើមានប្រជាជនចូលរួមឬមួយក៏អត់?

លោកអះអាងថា មូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩នេះរដ្ឋាភិបាលមិនបានរៃអង្គាសនោះទេ គឺពលរដ្ឋស្ម័គ្រចិត្តចូលរួមដោយខ្លួនឯងប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក មឿន តុលាបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អង្គការសង្គមស៊ីវិលបានបំពេញតួរនាទីរបស់ខ្លួនដើម្បីបង្ហាញពីតម្លាភាពបានយ៉ាងល្អ រួមមាន ការបើកឲ្យមានការធ្វើសវនកម្ម ២ដងក្នុង១ឆ្នាំ ព្រមទាំងការធ្វើរបាយការណ៍យ៉ាងលម្អិតជូនម្ចាស់ជំនួយជាប្រចាំឆ្នាំ និងរាល់គម្រោងនីមួយៗបន្ថែមទៀត។

លោកបញ្ជាក់ថា ពេលខ្លះ ម្ចាស់ជំនួយក៏បានមកត្រួតពិនិត្យសកម្មភាពរបស់អង្គការសង្គមស៊ីវិលទាំងនោះដោយផ្ទាល់ទៀតផង។ លោកថា អង្គការទាំងនេះ តែងផ្តល់របាយការណ៍សកម្មភាពនានាជូនរដ្ឋាភិបាលជានិច្ច បើទោះបីជា ពួកគេមិនបានទទួលថវិការពីរដ្ឋាភិបាលក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស