26 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា វប្បធម៌ឆ្លើយឆ្លងដាក់គ្នារបស់អ្នកនយោបាធំៗ មិនបានធ្វើឲ្យមានការរីចម្រើនដល់ប្រទេសជាតិទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការគណបក្សមូលដ្ឋាន ឬGDP រិះគន់ថា ការឌឺដងឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កន្លងមកជាការបង្កបញ្ហាមិនល្អ ដល់ការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់របស់ GDP បណ្ឌិត សាម អ៊ីន អះអាងថា ការប្រើសារឆ្លើយឆ្លងរបស់ពួកអ្នកនយោបាយ កន្លងមក មិនមែនជាគំរូល្អដល់ពលរដ្ឋ អ្នកនយោបាយថ្មីៗ យុវជន និងអ្នកជំនាន់ក្រោយនោះទេ ពីព្រោះសារឆ្លើយឆ្លងរបស់ពួកគាត់ ច្រើនបង្កទៅជារឿងហិង្សា ដែល  បណ្តាលឲ្យមានទោសជាប់គុកច្រវ៉ាក់ដល់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ។

លោក បញ្ជាក់ថា បើលោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចបញ្ឈប់ការវាយប្រហារដាក់គ្នាទៅវិញទៅមក ហើយបែរមកអង្គុយជជែកគ្នាដើម្បីរកដំណោះស្រាយជូនជាតិ និងប្រជាជន នោះគឺជារឿងល្អប្រសើរសម្រាប់ដំណើរការ គោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ម្យ៉ាងក៏ដើម្បីកិត្តិយសជាតិទាំងផងដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន លើកឡើងក្នុងការផ្សាយផ្ទាល់ពិសេសរបស់លោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ  ពាក់ព័ន្ធបញ្ហាកូវីដ១៩។

សម្តីរបស់លោក ហ៊ុន សែន ដែលគេដឹងថា ទំនងជាសំដៅដល់លោក សម រង្ស៊ី នោះ ថា ចាប់ពីពេលនេះទៅលោកមិនត្រឹមតែមិននិយាយរក លោក សម រង្ស៊ី ឬការចរចាណាមួយនោះឡើយ សូម្បីតែឈ្មោះរបស់លោក សម រង្ស៊ី ក៏លោកមិននិយាយដល់ទៀតដែរ។

លោក ហ៊ុន សែន ចាត់ទុកជីវិតនយោបាយ និងប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ដែពឹងផ្អែកតែទៅតែទៅលើការនិយាយ និងរកវិធីឲ្យលោករំលឹកឈ្មោះដើម្បីកុំឲ្យអ្នកគាំទ្ររបស់ខ្លួនភ្លេចថា ខ្លួនជាមេបក្សប្រឆាំងរបស់ពួកគេ តែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសងុ្គមអះអាងថា ការគម្រាមបែបនេះ មិនមែនជាលើកទី១ នោះទេ កាលពីដើមខែតុលា ឆ្នាំ២០១៨ ហ៊ុន សែន ក៏ធ្លាប់គម្រាមថា លោកនឹងមិនចុះហត្ថលេខាលើកលែងទោសឲ្យលោក សម រង្ស៊ី នោះឡើយ ហើយថា បើលោកចុះហត្ថលេខាលើកលែងទោសឲ្យលោក សម រង្ស៊ី នោះ លោកនឹងកាត់ដៃស្ដាំក្រវាត់ចោលទៀតផង។

បែបនេះក្តី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ លោក សម រង្ស៊ី បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន ជាមនុស្សអវិជ្ជា ឬភ្លើ ហើយជាជនផ្តាច់ការថែមទៀត។ ត្បិតលោ ហ៊ុន សែន សម្រេច និងធ្វើរឿងអ្វីមួយតែម្នាក់ឯង នឹកឃើញអ្វីគឺធ្វើហ្នឹង ដោយគ្មានយល់ពីបញ្ហា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សូម្បីតែបន្តិចក៏គ្មានដែរ។

លោក អះអាងថាការពិតនៃការប្រមូលលុយរបស់ ហ៊ុន សែន គឺគ្រាន់តែចិញ្ចឹមអំពើពុករលួយ និងដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារ និងបក្ខពួករបស់លោកតែប៉ុណ្ណោះ។

ជាងនេះទៀតលោកថា លោក ហ៊ុន សែន មិនគួរកាត់ប្រាក់ខែមន្ត្រីរាជការ ឬដាក់សម្ពាធឲ្យពលរដ្ឋ បរិច្ចាគប្រាក់ចិញ្ចឹមជីវិតនោះទេ ព្រោះថវិកាដែលប្រមូលបានតាមវិធីនេះ គឺមិនអាចធានា ថាយកទៅប្រើប្រាស់ ឲ្យមានប្រយោជន៍ពិតប្រាកដ ឬចំគោលដៅនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការឆ្លើយឆ្លងរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន គួរធ្វើឡើងដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ ជាជាងការវាយប្រហារគ្នាយកតែឈ្នះរៀងៗខ្លួន ដែលនាំឲ្យខ្ទេចខ្ទី និងបែកបាក់ជាតិខ្លួនឯងតែប៉ុណ្ណោះ។

លោក បញ្ជាក់ថា ប្រសិនបើអ្នកនយោបាយព្យាយាមបង្កើតជម្លោះដើម្បីបំបាត់ភាគីណាមួយ នោះវាមិនមែនជាមធ្យោបាយល្អសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសឲ្យមានសាមគ្គីជាតិ ឯកភាព ដែលនាំទៅរកការពារកម្ពុជាឲ្យមានឯករាជជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី នោះទេ។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា អ្នកនយោបាយខ្មែរគួរតែយកការចរចាដើម្បីរកដំណោះស្រាយនយោបាយ ឆ្ពោះទៅរកការឯកភាពជាតិ ជាជាងការវាយប្រហារគ្នានាំឲ្យមានការបែកបាក់ជាតិកាន់តែខ្លាំង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស