30 C
Phnom Penh

ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានជិត១៣០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិក អះអាងថា នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលខ្លួនបានផ្តល់ហិរញ្ញប្បទានជាង១២៨លានដុល្លារ ដល់កម្ពុជា ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍន៍ក្នុងប្រទេសក្រីក្រមួយនេះ។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជិន ប៊ុនស៊ាន និងអ្នកស្រី Veena Reddy នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួនជាង៦៦លានដុល្លារអាមេរិក (៦៦,២)។ 

ហិរញ្ញប្បទាននេះ ធ្វើឡើងលើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។  ក្នុងនោះ ហិរញ្ញប្បទានចំនួនជាង៤៣ លានដុល្លារ( ៤៣,៣) សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួនជិត ២៣លានដុល្លារ(២២,៩) ទៀត សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន ។

អាមេរិកបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលប្រទេសមហាអំណាចលោកសេរីមួយនេះ បានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបជិត១៣០លានដុលារ( ១២៨,៧) ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឬ ជំនួយឥតសំណងដល់រដ្ឋាភិបាលកម្ពុជា មានចំនួនជាង១ពាន់៥រយលានដុល្លារ ឬស្មើជាង ៦% នៃហិរញ្ញប្បទានដែលផ្តល់ដោយដៃគូអភិវឌ្ឍទាំងអស់។ 

អាមេរិកថា ជំនួយទាំងនោះ ផ្តោតទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ព្រមទាំងតាមរយៈកម្មវិធីដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ 

ក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ ហៅកាត់ថា USAID នៅថ្ងៃនេះ លើកឡើងថា ជាការឆ្លើយតបទៅនឹងជំនួយរបស់អាមេរិកនេះ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្តែងការអរគុណ ចំពោះទឹកចិត្តរបស់រដ្ឋាភិបាល និងពលរដ្ឋអាមេរិកាំង ចំពោះការបន្តគាំទ្រ និងប្តេជ្ញាចិត្តរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចិរភាព រហូតមកដល់ពេលបច្ចុប្បន្ន ពិសេសក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ផងដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស