38 C
Phnom Penh

ប្រមុខរដ្ឋាភិបាលផ្តល់យោបល់ឱ្យសិស្សថ្នាក់ទី១២ទាំងអស់ នៅឆ្នាំនេះ ជាប់បាក់ឌុបដោយមិនបាច់ឆ្លងកាត់ការប្រឡង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានផ្តល់យោបល់នៅថ្ងៃនេះថា សម្រាប់សិស្សឆ្នាំសិក្សា២០១៩-២០២០នេះ គប្បីជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងនោះទេ។

លោក ហ៊ុន សែន អះអាងថាស្ថានភាពកូវីដ១៩នៅពេលបច្ចុប្បន្ននៅមិនទាន់បានប្រសើរទាំងស្រុងនៅឡើយ ដែលជាហេតុតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវពិចារណាយកយុទ្ធសាស្ត្របូកពិន្ទុឆមាសទាំងពីរលើកនៅតាមសាលានីមួយៗ ឱ្យសិស្សជាប់បាក់ឌុប តែម្តង។

លោកបន្តថា ស្ថានភាពលំបាកនេះ បើប្រឡងបាក់ឌុប នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ ក៏មិនអាចទៅរូចដែរ។ បញ្ហានេះ លោកចង់ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩ -២០២០ នេះ ជាប់តែម្តង ហើយសិស្សដែលប្រឡងបឋមភូមិកាលពីពេលថ្មីៗនេះ ក៏ចង់ឱ្យជាប់ទាំងអស់គ្នាផងដែរ។

តាមការគ្រោងទុក ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ កាលបរិច្ឆេទការប្រឡងនេះ  ក្រោយពេលក្រសួងអប់រំបានលើកពេលប្រឡងចំនួនពីរលើករួចមកហើយ។

លោក ហ៊ុន សែន វាយតម្លៃថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មិនទាន់អាចបញ្ចប់ទាំងស្រុងនៅឡើយទេ ដោយលោកថា ព្រឹត្តិការណ៍នេះ អាចនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯណោះ។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បារម្ភដែរពីការឆ្លងជំងឺកូវីដ-១៩ ទៅគ្រូ ឬសិស្ស បើរៀបចំឲ្យមានការប្រឡងបាក់ឌុបមែននោះ ខណៈកម្ពុជា មិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយ។

លោកក៏បានផ្តល់យោបល់ទៅក្រសួងអប់រំទៀតថា ឲ្យប្រញាប់ចាប់ផ្តើមវាយតម្លៃលើពិន្ទុប្រឡងឆមាស ពីពេលនេះទៅ ដើម្បីឲ្យសិស្សឆាប់បានដឹងថា ជាប់ ឬធ្លាក់។ ជាងនេះទៀត នៅពេលសិស្សដឹងពីលទ្ធផលជាប់ ឬធ្លាក់ហើយ ពួកគេនឹងអាចសម្រេចចិត្តពីការចូលរៀនបន្តនៅមហាវិទ្យាល័យ ដើម្បីកុំឱ្យខាតពេលវេលាយូរ។ 

យ៉ាងនេះក្តី អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបានបង្ហាញការយល់ឃើញថា ការសម្រេចនេះជាដំណោះស្រាយមួយ ក្នុងស្ថានភាព កម្ពុជា និងពិភពលោក កំពុងជួបគ្រោះអាសន្ន ដែលបណ្តាលដោយជំងឺកូវីដ១៩។ ប៉ុន្តែពួកគេទាមទារឱ្យគ្រឹះស្ថានឧត្តមសិក្សា គប្បីធ្វើតេស្ត ឬប្រឡងសមត្ថភាពសិស្ស មុនអនុញ្ញាតជ្រើសរើសពួកគេឱ្យចូលរៀន។

បើមិនដូច្នេះពួកគេនឹងជួបបញ្ហាប្រឈមផ្នែកសមត្ថភាពក្នុងពេលរៀន និងក្រោយពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យ ដោយសារពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់។

ក្នុងករណីសិស្សខ្សោយពេក ក្រសួង ឬ អាណាព្យាបាលគប្បីឱ្យពួកគេរៀនជំនាញផ្សេងៗ ដែលពួកគេចង់ ទើបធានាបានគុណភាព សមត្ថភាពទាំងអស់គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស