មន្ត្រីសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ អះអាងថា រាល់សំណើរកាត់ឆ្វៀលដី របស់លោក គួច ចំរើន និងលោក ជា សុផារ៉ា មិនត្រូវបាន លោក ហ៊ុន សែន ប្រកែកនោះទេ ហើយតែងចេញអនុក្រឹត្យធ្វើអនុប្រយោគ កាត់ឆ្វៀលដីតាមសំណើរ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាបន្តបន្ទាប់។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដី ក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ មានទំហំផ្ទៃដីជាង ៧៦ហិកតា ទៀត នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅឲ្យឈ្មោះ កើត សុទ្ធារ៉ា ដែលកាន់កាប់អាស្រ័យផលជាក់ស្តែង។ ប៉ុន្តែជាក់ស្តែង លោក កើត សុទ្ធារ៉ា ដែលគេស្គាល់ថា ជាប្រធានគយចល័តទូទាំងប្រទេស មិនមានវត្តមានជាអចិន្ត្រៃយ៍ នៅលើដីខាងលើនេះទេ។
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បារម្ភថា ធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយ នៅខេត្តទេសចរណ៍មួយនេះនឹងត្រូវរលាយហិនហោច ក្រោមអាណត្តិ លោក គួច ចំរើន ចូលមកធ្វើជាអភិបាលខេត្តព្រះសីហនុ ជាក់ជាមិនខាន។
ក្រុមប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុស្នើឲ្យ លោក ហ៊ុន សែន ត្រូវបើកការស៊ើបអង្កេត ទៅលើការដាក់សំណើរកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ និងដីសាធារណៈ របស់រដ្ឋ ដ៏ទៃទៀត ក្នុងខេត្តព្រះសីហនុ ថាតើ លោក គួច ចំរើន និង លោក ជា សុផារ៉ា បានអនុវត្តត្រឹមត្រូវដែរឬទេ? ឬមួយក៏បុគ្គលទាំងពីរនាក់នេះ បានរៀបចំរបាយការណ៍ ឬដាក់ឯកសារបន្លំ និងភូតកុហក លោក ហ៊ុន សែន ។
យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក គួច ចំរើន និងលោក ជាសុផារ៉ា ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ ថាបានឃុបឃិត បំផ្លាញធនធានធម្មជាតិ នៅសេសសល់ចុងក្រោយ ក្នុងខេត្តព្រះសីហនុ បាននៅឡើយទេ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ៕